ព័ត៌មានទាន់ហេតុការណ៍៖

ចូលផ្ទះគេលួចទូរស័ព្ទនិងលុយត្រូវម្ចាស់គេតាមទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន បន្ទាប់ពីជនសង្ស័យខាងលើបានចូលក្នុងផ្ទះពលរដ្ឋ រួចធ្វើសកម្មភាពលួចយកលុយនិងទូរស័ព្ទ តែគេចមិនផុតត្រូវបានម្ចាស់គេទាន់ប្រគល់ឲ្យសមត្ថកិច្ច ។ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៣និង១០នាទីយប់ ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកណ្តាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ បេ ពៅ ហៅព្រីង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ថុល រ៉ាឌី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ត្បាញហូលផាមួង មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ ទូរស័ព្ទម៉ាក Iphone5 ពណ៌ខ្មៅ ចំនួន០១គ្រឿង និងប្រាក់ដុល្លារចំនួន២៨១ដុល្លារសហរដ្ឋអាមេរិក ។

ប្រភពដដែលបន្ដថា មុនពេលកើតហេតុនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ម៉ោងប្រមាណ២១យប់ ស្រ្ដីរងគ្រោះបានយកទូរស័ព្ទដៃរបស់ខ្លួនទៅសាកថ្មនៅផ្ទះបាយ បន្ទប់មកជនរងគ្រោះបានយកកាបូបស្ពាយដែលមានប្រាក់ក្នុងកាបូបចំនួន៣៨១ដុល្លារសហរដ្ឋអាមេរិក ដាក់ក្នុងបន្ទប់ដេករបស់ខ្លួន រួចបានចេញទៅមើលល្ខោនបាសាក់ជាមួយកូនតូច រហូតដល់វេលាម៉ោង២៣យប់ ទើបត្រឡប់មកផ្ទះវិញ ហើយបានចូលដេកជាមួយប្ដីរបស់ខ្លួន ដោយចាក់សោរនិងគន្លឹះទ្វារផងដែរ ។ លុះភ្លឺឡើងមកដល់វេលាម៉ោង៤ភ្លឺ ជនរងគ្រោះបានក្រោកពីដេក រួចបានរកទូរស័ព្ទរបស់តែរកមិនឃើញនិងលុយក្នុងការបូបបានបាត់ផងដែរ ក៏សង្ស័យថាមានចោរលួចចូលក្នុងផ្ទះ ភ្លាមនោះក៏បានកំណត់មុខសញ្ញាថា ជនសង្ស័យខាងលើជាអ្នកយក ក៏ដើរតាមរករហូតបានជួបជនសង្ស័យនៅចំណុចស្ពានបាលេ ព្រំប្រទល់សង្កាត់កោះដាច់ ក៏ឆែកខ្លួនជនសង្ស័យ ឃើញមានប្រាក់ចំនួន២៨១ដុល្លារសហរដ្ឋអាមេរិក និងទូរស័ព្ទជារបស់ខ្លួន រួចបានឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះឧកញ៉ាតី បន្តចាត់ការតាមនីតិវិធី ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចលុយទូរស័ព្ទរប់ជនរងគ្រោះប្រាកដមែន កាលពីវេលាម៉ោង៣យប់ ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ខ្លួបានលួចចូលផ្ទះជនរងគ្រោះតាមទ្វារខាងក្រោយ ដោយរុញទ្វារបណ្តាលឲ្យរបើកគន្លឹះ រួចចូលធ្វើសកម្មភាពលួចយកប្រាក់ចំនួន២៨១ដុល្លារសហរដ្ឋអាមេរិក និងទូរស័ព្ទដៃម៉ាក Iphone5 ចំនួន១គ្រឿង ខណៈដែលលួចបានហើយ ខ្លួនក៏បានដើរសំដៅទៅសង្កាត់កោះដាច់វិញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖