ខេត្តរតនគិរី៖ ពីនាក់ប្តីប្រពន្ធជិះម៉ូតូឌុបគ្នាយ៉ាងលឿន មិនបានប្រុងប្រយ័ត្នសម្រុកចូលក្នុងហ្វូងគោកំពុងតែដើរឆ្លងផ្លូវហើយ ក៏ជ្រុលទៅបុកពួកវាយ៉ាងពេញទំហឹងតែម្តង ក៏ដួលបោកផ្ទប់នឹងផ្លូវកៅស៊ូបណ្តាលឲ្យបុរសជាប្តីរងរបួសស្រាល រីឯស្ត្រីជាប្រពន្ធបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង២៥នាទីល្លាចថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨នៅចំណុចលើដងផ្លូវជាតិលេខ៧៦ស្ថិតក្នុងភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។
ប្រភពពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបាតាងបានឲ្យដឹងថា ជនរងគ្រោះដែលជិះម៉ូតូបុកហ្វូងគោនោះមានឈ្មោះ បួប ញ៉ត អាយុ ៥៦ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ មានពាក់មួកសុវត្ថិភាព របួសស្រាល ត្រូវជាប្តីអ្នកបើកបរម៉ូតូម៉ាក វេវ ឆ្លាមពណ៌ ខ្មៅ គ្មានស្លាកលេខ ។
និងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ ខ្លឹម កាវ អាយុ៤៦ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ មិនមានពាក់មួកសុវត្ថិភាពទេ ស្លាប់ នៅនឹងកន្លែងកើតហេតុតែម្តង ជនរងគ្រោះទាំងពីរនាក់ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។
មន្ត្រីនគរបាលបានបន្តថា ដោយសារអ្នកទាំងពីបានជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន ត្រង់ចំណុចផ្លូវកោងស្របពេលហ្វូងសត្វគោកំពុងរត់ឆ្លងផ្លូវ ក៏បុកយ៉ាងពេញទំហឹងតែម្តង ។
ក្រោយកើតហេតុនគរបាលប៉ុស្តិ៍បានបញ្ជូនអ្នករងរបួសស្រាលទៅព្យាបាលនៅគ្លីនិចឯកជន ហើយសាកសពសមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ផងដែរ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបាតាងកំពុងចុះស្រាវជ្រាវរកម្ចាស់គោ ដើម្បីជួយចេញសំណងទៅលើជនរងគ្រោះដែលស្លាប់នោះទៀផង៕ ជីវន្ត