ភ្នំពេញ៖ អង្គការមូលនិធីអាស៊ីប្រចាំនៅប្រទេសកម្ពុជា បានប្រកាសពីការចាប់ដៃគូជាផ្លូវការសម្រាប់រយៈពេល៣ឆ្នាំជាមួយក្រុមហ៊ុនស្មាតអាស្យាតា ក្នុងគោលបំណងពង្រឹងការអាន និងបង្កើតសៀវភៅជាភាសាខ្មែរ ដើម្បីជំរុញទម្លាប់នៃការអានសៀវភៅអេឡិចត្រូនិច។ ការប្រកាសនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី៩ខែមេសានេះនៅអគារ Raintree ក្រោមវត្តមានមន្ត្រីក្រសួងអប់រំយុវជននិងកីឡា តំណាងក្រុមហ៊ុន អង្គការ និងភ្ញៀវជាច្រើនចូលរួម។
ក្នុងកិច្ចសហការនេះក្រុមហ៊ុនស្មាតអាស្យាតា នឹងធ្វើការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីបកប្រែ និងបង្កើតសៀវភៅ និងបានចូលរួមចំណែកលើកកម្ពស់ការអាន លើកទឹកចិត្តដល់អ្នកនិពន្ធ វិចិត្រករ និងអ្នករចនាទំព័រជាដើម។ គម្រោងតោះអាន ក៏មានបំណងបង្កើនចំនួនសៀវភៅរឿងអេឡិចត្រូនិច ដែលមានគុណភាពខ្ពស់សម្រាប់កុមារ ហើយសៀវភៅទាំងអស់នឹងត្រូវចែកផ្សាយដោយឥតគិតថ្លៃតាមរយៈគេហទំព័រ www.letsreadasia.org ឬតាមរយៈកម្មវិធីទូរស័ព្ទដៃឈ្មោះLet’s Read! Android app នៅក្នុងGoogle Play។ សៀវភៅអេឡិចត្រូនិចសម្រាប់កុមារទាំងអស់នឹងត្រូវបង្កើតឡើងក្រោមអាជ្ញាបណ្ណបើកទូលាយដែលអាចឲ្យគ្រប់គ្នាប្រើប្រាស់បានដោយសេរី។
អ្នកស្រី Meloney Lindberg តំណាងអង្គការមូលនិធីអាស៊ីប្រចាំនៅកម្ពុជា បានថ្លែងថា “យើងបង្កើតគម្រោង”តោះអាន!” ដោយសារតែកង្វះសៀវភៅរឿងសម្រាប់កុមារ ដែលជាឧបសគ្គដល់ការអានដល់ការអាន ភាពជោគជ័យនៅក្នុងការសិក្សា និងការជំរុញឲ្យស្រលាញ់ការអានអស់មួយជីវិត”។ កម្មវិធីនេះបាននាំមកនូវការចេញផ្សាយសៀវភៅមួយចំនួនដែលបង្កើតឡើងទាក់ទងនឹង វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនស្មាតកាលពី២ឆ្នាំមុន។ បណ្ណាល័យនេះក៏មានរួមបញ្ចូលនូវសៀវភៅដែលបង្កើតដោយអ្នកនិពន្ធ និងវិចិត្រករខ្មែរសម្រាប់បកប្រែទៅជាភាសាផ្សេងនៅក្នុងតំបន់អាស៊ី។
លោក Kanihka Wickrama នាយកផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន ស្មាតអាស្យាតាបានលើកឡើងថា “យើងជឿជាក់ទៅលើការប្រើប្រាស់បច្ចេកវិទ្យាក្នុងការពង្រឹកការអប់រំ។ ដូច្នេះយើងមានក្តីសោមនស្សក្នុងការចូលរួមចំណែកដល់ការផ្តូចផ្តើមរបស់អង្គការមូលនិធិអាស៊ី និងដៃគូផ្សេងៗ ដើម្បីបង្កើនចំនួនសៀវភៅរឿងអេឡិចត្រូនិចសម្រាប់កុមារជាភាសាខ្មែរ។ យើងរងចាំមើលលទ្ធផលដែលកើតចេញពីគម្រោង”តោះអាន!” និងភាពជាដៃគូ រយៈពេលវែងក្នុងការជំរុញការអានសៀវភៅអេឡិចត្រូនិចនៅក្នុងប្រទេស”។
គួរបញ្ជាក់ដែរថា គោលគំនិតចម្បងរបស់គម្រោងតោះអាន! គឺជាការបង្កើតវេទីការមួយដែលជំរុញឲ្យមានការបង្កើត និងផ្សព្វផ្សាយសៀវភៅរឿងសម្រាប់កុមារ នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍនៅទ្វីបអាស៊ី។ បច្ចុប្បន្នបណ្ណាល័យនេះមានសៀវភៅរឿងសម្រាប់កុមា៣០០ក្បាល ព្រមទាំងត្រូវបកប្រែជា១០ភាសានៅក្នុងទ្វីបអាស៊ី៕ វឌ្ឍនា