ព័ត៌មានទាន់ហេតុការណ៍៖

ហេង ស្រីពេជ្រថារវល់ខ្លាំងដល់ថ្នាក់ភ្លេចគិតរឿងស្នេហា

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីសាច់ទ្រលុកទ្រលន់កញ្ញា ហេង ស្រីពេជ្រ កាន់តែត្រូវប៉ាន់ខ្លាំងនឹងការសម្តែងភាពយន្តជាច្រើនបន្តបន្ទាប់ពិសេសក្រោយភាពយន្តភាគខ្មែរត្រូវបានដាក់បញ្ចាំងក្នុងម៉ោងមាស។ តារាស្រីរូបនេះថានាងរវល់ខ្លាំងរហូតដល់នាងភ្លេចគិតរឿងស្នេហាបាត់ទៅហើយ។

ដើមឆ្នាំនេះ ហេង ស្រីពេជ្រ លេចមុខមាត់គួរក្នុងការសម្តែងភាពយន្តបើទោះបីជានាងសម្តែងជាតួអង្គបងស្រី ឬជាជំទាវក៏ដោយ។ នាងបញ្ជាក់ថាថ្មីៗនេះនាងទើបនឹងបញ្ចប់ការថតភាពយន្តមិនក្រោម៥រឿងនោះទេ ហើយភាពយន្តដែលនាងបាននឹងកំពុងថតនៅពេលនេះមានដូចជារឿង”រាជនីភូមិគ្រឹះ”របស់ទូរទស្សន៍ហង្សមាស រឿង”សង្រ្គាមមរតក” រឿង”ផ្កាស្រពោន២០១៨” រឿង”ជញ្ជីញជីវិត” និងរឿង “ផ្កាដុះលើថ្ម”ជាដើម។ តារាស្រីមកពីខេត្តកំពង់ឆ្នាំងរូបនេះថ្លែងទាំងស្តាយថា នាងមិនចង់ឲ្យឱកាសថតភាពយន្តដ៏ច្រើននេះកន្លងផុតទៅទេព្រោះតែជាឱកាសជួយស្វែងរកប្រាក់ចំណូលជួយដល់គ្រួសារ។ នាងថាភាពយន្តខ្លះតម្រូវឲ្យនាងថតក្នុងមួយសប្តាហ៍ពី៣ទៅ៤ថ្ងៃ ទើបនាងពិបាកនឹងទទួលយកការថតភាពយន្តថ្មី ប៉ុន្តែនាងក៏សប្បាយចិត្តដែលបានឆ្លៀតសម្តែងក្នុងបទចម្រៀងថ្មីសម្រាប់ឱកាសចូលឆ្នាំថ្មីនេះ។ ទោះជាទីផ្សារសម្តែងហក់ឡើងក៏ពិតមែនប៉ុន្តែសម្រាប់តម្លៃនៃការថតមិនឡើងខ្លាំងទេបើធៀបនឹងឆ្នាំមុន។ នាងថាក្រោយពីបញ្ចប់ការថតភាពយន្តខាងលើនាងក៏គ្រោងទទួលយកការសម្តែងភាពយន្តថ្មីជាច្រើនបន្តបន្ទាប់។

ទោះបីជាខិតទៅរកភាពជោគជ័យខ្លាំងក្នុងវិស័យសម្តែងតារាស្រីវ័យ៣២ឆ្នាំរូបនេះ នៅមិនទាន់បង្ហាញតម្រុយស្នេហ៍ជាមួយបុរសណានៅឡើយ។ នាងថាមិនមានពេលគិតច្រើនជាមួយរឿងស្នេហាទេព្រោះតែរវល់ស្ទើរើខ្លួនលែងរួចទៅហើយ។ នាងថាពេលនេះបេះដូងនាងនៅទំនេរមិនទាន់មានបុរសណាក្នុងចិត្តនៅឡើយ ។ នាងថាអ្វីដែលគិតគឺគ្រួសារដែលត្រូវការឲ្យនាងជួយ ហើយស្នេហាដល់គូពេលណាគឺពេលហ្នឹងចុះ៕ វឌ្ឍនា


ចែករំលែក៖