ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងរថយន្ត នឹងម៉ូតូបុកគ្នាពេញទំហឹងលាន់សូរដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើល ដោយបុរសអ្នកជិះម៉ូតូរងរបួសបែកក្បាលហូរឈាមត្រូវបានសមត្ថកិច្ចដឹកមកកាន់មន្ទីរពេទ្យ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៣និង៥០នាទី នៅចំណុចកែងប្រសព្វ ស្ថិតក្នុងភូមិត្រពាំងកណ្ដោល ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យនគរវត្តដឹងថា អ្នកបើកម៉ូតូ ដែលរងរបួសមានឈ្មោះ កឹម រិត អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិហែកសំណាញ់ ឃុំម៉ឺនជ័យ ស្រុករំដួលដោយជិះម៉ូតូម៉ាកC125 ពណ៌ខ្មៅស្លាក់លេខ ព្រៃវែង 1G6421 ខូចខាតយ៉ាងដំណំ ។
ចំណែកអ្នកបើករថយន្តដឹកដីពាក់ស្លាកលេខ ភ្នំពេញ 3C8047 មានឈ្មោះដួង វណ្ណារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភួមិអូរកា ឃុំចំរើនផល់ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានយុវជនម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ដោយធ្វើដំណើរពីត្បូងមកជើង មកដល់ចំណុចផ្លូវប្រសព្វស្រាប់តែមានរថយន្តហ៊ីយ៉ានដាយមួយគ្រឿង ធ្វើដំណើរពីកើតមកលិចបានជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់បែកក្បាលហូរឈាមគួរឲ្យតក់ស្លុតបំផុត ។
ក្រោយមក អ្នកបើករថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល និងវាស់វែងវត្ថុតាងទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុករំដួលដើម្បីដោះស្រាយតាមច្បាប់ ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុអ្នកបើករថយន្ត និងម៉ូតូបើកបរខ្វះការប្រុងប្រយត្ន័ ទើបបង្កករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង ៕ យឹម សុថាន