ភ្នំពេញ ៖ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ប្រជាពលរដ្ឋបាននាំគ្នានិមន្តព្រះសង្ឃចំរើនព្រះបរិត្ត ដើម្បីរំដោះគ្រោះលើករាសីឆ្នាំថ្មី តាមប្រពៃណីទំនាមទំលាប់តាំងពីបុរាណមក ក្នុងនោះដែរសាលខណ្ឌព្រែកព្នៅក៍បានរៀបចំពីធីសូត្រមន្ត ដើម្បីរំដោះគ្រោះលើករាសី ដល់មន្ត្រីសាលាខណ្ឌទាំងមូលផងដែរក្នុងឱកាលចូលឆ្នាំថ្មី និងមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ នៅសាលាខណ្ឌព្រែកព្នៅ។
ក្នុងឱកាសសូត្រនិមន្តចំរើនព្រះបរិត ដែលនិមន្តព្រះសង្ឃមកពីវត្ត៥វត្តក្នុងខណ្ឌព្រែកព្នៅ ដើម្បីរំដោះគ្រោះលើករាសីឆ្នាំថ្មីនោះ មានការចូលរួមពីលោកសុខ សម្បតិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងលោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និងមន្ត្រីក្រោមឱវាទមកពីបណ្តានិងសង្កាត់ជាច្រើនរូបទៀតផងដែរ។
នាពិធីសូត្រមន្តប្រោះព្រំសុំពរជ័យ សិរីសួស្តីក្នុងឱកាសបុណ្យឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ដែលជាបុណ្យប្រពៃណីជាតិខ្មែរ ឆ្នាំចសំរិទ្ធិស័កព. ស២៥៦២ គ.ស២០១៨ ដែលឈានចូលមកដល់ខាងមុខនេះ ព្រះសង្ឃបានសូត្រមន្ត និងអាចារ្យ ព្រមទាំងមន្ត្រីគ្រប់លំដាប់ថ្នាក់បាន ឧទិសកុសលផលបុណ្យដល់កងកម្លាំងអ្នកស្នេហាជាតិដែលបានពលីអាយុជីវិត ដើម្បីរំដោះជាតិមាតុភូមិតាំងពីឆ្នាំ១៩៧៩ មកផងដែរ។
ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ប្រជាពលរដ្ឋបាននាំគ្នានិមន្តព្រះសង្ឃចំរើនព្រះបរិត ដើម្បីរំដោះគ្រោះលើករាសីឆ្នាំថ្មី តាមប្រពៃណីទំនាមទំលាប់តាំងពីបុរាណមក គឺយើងទាំងអស់គ្នា តែងតែនាំគ្នាធ្វើជារៀងរាល់ឆ្នាំ ហើយពុទ្ធបរិស័ទអ្នកកាន់ព្រះពទ្ធសាសនា តែងតែឱទិសដល់បុព្វការីជន គឺនាមមានមាតា បិតា ញាតិការទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅកាន់បរលោកហើយនោះ។
បន្ទាប់ពីបាន ប្រោះព្រំសុំពរជ័យ សិរីសួស្តីពីព្រះសង្ឃហើយនោះលោកសុខ សម្បតិ អភិបាលខណ្ឌព្រែកព្នៅ បានជូនថវិការដល់លោកយាយលោកតាចំនួន២៤នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេះ និងថវិការ៥០០០០រៀល ក្នុងនោះផងដែរលោកអភិបាលខណ្ឌក៍បានផ្តាំផ្ញើរប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅ សូមអញ្ជើញទៅលេងសង្ក្រានភ្នំរាបទាំងអស់គ្នា ដើម្បីអបអរសាទរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសានេះ។
លោកបញ្ជាក់ថាសង្ក្រានភ្នំរាបរយៈពេល៣ថ្ងៃនេះផងដែរ សាលាខណ្ឌបានបង្កើតល្បែងប្រជាប្រីយជាច្រើន និងតាំងពិព័ណ៍អំពីកសិផលតាមបណ្តាសង្កាត់ទាំង៥របស់ខណ្ឌព្រែកព្នៅទៀតផង ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអោយបានច្រើនកុះករ ៕ ធឿនព្រែកជ័យ