ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ថា សាលាដំបូងរាជធានីភ្នំពេញបានដីកាបង្គាប់ឲ្យនាំខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។
លោកនាយការិយាល័យបន្តថាលោក ម៉ុង មុនីសោភា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនសង្ស័យ៤នាក់ រួមមានជនសង្ស័យទី១-ឈ្មោះ សេដ្ឋ មេសា ភេទប្រុស អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ទីកន្លែងកំណើតនៅភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទីលំនៅផ្ទះលេខ១៨៨ ផ្លូវលំ ក្រុមទី១ ភូមិសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៥១ ផ្លូវ១៥៦ ក្រុមទី៣៦ ភូមិ១២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ តាមមាត្រា២១៨ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ។
ជនសង្ស័យទី២-ឈ្មោះ សំ សុធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរប្រជាការពារសាលាខណ្ឌដូនពេញ ទីកន្លែងកំណើតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ទីលំនៅផ្ទះ៦៥៩E ផ្លូវលំ ក្រុម២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៥១ ផ្លូវ១៥៦ ក្រុមទី៣៦ ភូមិ១២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ តាមមាត្រា២១៨ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ។
ជនសង្ស័យទី៣-ឈ្មោះ ស៊ុំ ឆាយា ភេទប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតនៅឃុំសាបុរី ស្រុកបាត់តានី ប្រទេសថៃ ទីលំនៅផ្ទះ១៥៤ ផ្លូវ៩០៧ ក្រុមទី២ ក្រុម២ ភូមិចុបខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៥១ ផ្លូវ១៥៦ ក្រុមទី៣៦ ភូមិ១២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ តាមមាត្រា២១៨ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ។
និងជនសង្ស័យទី៤-ឈ្មោះ ភាជ គឹម ហាក់ ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរប្រជាការពារសាលាខណ្ឌដូនពេញ ទីកន្លែងកំណើតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ទីលំនៅផ្ទះ១០Eo ផ្លូវលេខ៩០ ភូមិទី១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ពីបទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៥១ ផ្លូវ១៥៦ ក្រុមទី៣៦ ភូមិ១២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ តាមមាត្រា២១៨ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថាៈ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានតាមដេញវាយប៉ុនប៉ងសម្លាប់លោកសាស្ត្រាចារ្យបណ្ឌិត ស៊ុយ សារ៉េត ហើយបានវាយកម្ទេចរថយន្តរបស់លោក ដោយចោទប្រកាន់ថា បានបើកបុករះសម្លាប់មនុស្ស២-៣នាក់ ពីផ្លូវក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រួចបើករត់គេចរហូតដល់ម្តុំពេទ្យលោកសង្ឃ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ប៉ុន្តែសមត្ថកិច្ចបដិសេធថា មិនមានមនុស្សស្លាប់ឡើយ។
ចំពោះអំពើហិង្សានៅដងផ្លូវនេះ កូនស្រីបង្កើតលោកបណ្ឌិត ស៊ុយ សារ៉េត គឺកញ្ញា សារ៉េត សុផាធិតាពេជ្រ បានរៀបចំពាក្យបណ្ដឹងទៅកាន់លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយប្ដឹងឲ្យផ្តន្ទាទោសជនប្រើហិង្សាលើឪពុករបស់នាងឲ្យរងរបួសធ្ងន់ធ្ងរ និងខូចខាតរថយន្តមួយគ្រឿង។
កញ្ញា សារ៉េត សុផាធិតាពេជ្រ បានប្ដឹងពីបទប្រព្រឹត្តអំពើប៉ុនប៉ងធ្វើមនុស្សឃាត អំពើហិង្សាមានស្ថានទម្ងន់ទោស អំពើលួច និងអំពើធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា ហើយមេធាវីតំណាងបានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅស្នងការដ្ឋាននគរបាលរាជធានី ដើម្បីស្រាវជ្រាវចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ និងទាមទារសំណងការខូចខាតសរុប១.២០០ លានរៀល ដោយភ្ជាប់ជាមួយនឹងវីដេអូសកម្មភាពហិង្សាដែលបានកើតឡើងផងដែរ។
លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ធ្លាប់បានលើកឡើងថា អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយរត់គេចពីកន្លែងកើតហេតុ គឺច្បាប់ជាអ្នកអនុវត្ត តែអ្នកវាយអ្នកបើកបរវិញ ក៏ត្រូវតែទទួលទោសតាមច្បាប់ព្រហ្មទណ្ឌដែរ។ «យើងពិនិត្យឃើញថាជាបទល្មើសជាក់ស្តែង ព្រោះវាជាបទល្មើសហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃជាក្រុម។ ជនល្មើសបង្កគ្រោះថ្នាក់ចរាចរណ៍ ទោះជាបានរត់គេចពីកន្លែងកើតហេតុ ក៏អាស្រ័យដោយសារមានការភ័យខ្លាចអំពីក្រុមជនបង្កដែរ។
«ប្រសិនបើជាគាត់បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ក៏ច្បាប់ចរាចរណ៍ផ្លូវគោកមាន អ៊ីចឹងស្ថានទម្ងន់ទោសរបស់អ្នកបើកបរបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ហើយគេចវេសពីការទទួលខុសត្រូវ ច្បាប់មានសម្រាប់ដាក់ទោសទណ្ឌ»។
ដោយការប្រឹងប្រែងរបស់សមត្ថកិច្ចស្របតាមបណ្ដឹងរបស់គ្រួសាររងគ្រោះ ជនសង្ស័យ២នាក់ ដែលប្រើអំពើហិង្សាលើលោកបណ្ឌិត ស៊ុយ សារ៉េត ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញចាប់ខ្លួនបានហើយ នាព្រលប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។
ជនសង្ស័យទាំង២នាក់ មានឈ្មោះ យាត ទិត្យា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ អាស័យដ្ឋាន ផ្ទះគ្មានលេខ ផ្លូវទី៧ ភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ និងឈ្មោះ អាន វិនទី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងមាស អាសយដ្ឋាន ផ្ទះ១០០៥ ផ្លូវ១៩៤ ក្រុម៤០ ភូមិ៩ សង្កាត់ផ្សាដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕ ស តារា