ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖ ឆ្នាំនេះមេព្រៃគួរប្រុងប្រយ័ត្ន ទេវតាសោយសត្វទ្រាយ!

ចែករំលែក៖

សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលកាន់ប្រពៃណីនិងទំនៀមទម្លាប់ពីដូនតាមក និយមនាំគ្នាគោរព ប្រណិប័តន៍នូវជំនឿក្នុងពីធីបុណ្យចូលឆ្នាំរបស់ខ្លួន តាមរយៈរៀបចំសណ្តាប់ទទួលទេវតាឆ្នាំថ្មី មានទៀនធូប ស្លា បារី ស្លាធម៌ ភេសជ្ជៈ ។ល។ និង ។ល។ និងគ្រឿងសក្ការៈជាច្រើនទៀត ជាពិសេស ថ្វាយចំណីអាហារទាំងឡាយណាដែលទេវតាឆ្នាំថ្មីនិយមសោយ តែម្តង ។

ឆ្នាំថ្មី ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ នេះ បើតាមសៀវភៅមហាសង្រ្កាន្តប្រាប់ថា ទេវតាស្រី ព្រះនាម មហាធរៈ ទេវី សោយសត្វ ទ្រាយ ដែលជាប្រភេទពពួកសត្វម្រឹគឈ្លូស រស់ក្នុងព្រៃ ជាអាហារ ហើយសត្វប្រភេទនេះមនុស្សជំនាន់ថ្មីមិនដែលស្គាល់ទាល់តែសោះ ព្រោះនៅស្រុកខ្មែរចង់ផុតពូជអស់ទៅហើយ ឬសឹងថារកមួយក្បាលគ្មានផង ។

អ្វីដែលនាយជាលខ្ញុំចង់និយាយនោះ គឺជំនឿទាំងនេះបានចាក់ដោតអារម្មណ៍មនុស្សមួយចំនួនដែលនិយាយថា បើទេវតាសោយអី មនុស្សស៊ីអានឹង មិនខុសទេ ដូចជា ផ្លែចេក ផ្លែល្វា បុប្ផា និងផ្លែរុក្ខជាតិផ្សេងៗ ជាដើម ព្រោះចង់បានសុខសប្បាយដូចទេវតាដែរ ។ ដូច្នេះ ក្នុងឆ្នាំនេះទេវតាសោយសាច់ ទ្រាយ តើមនុស្សដែលមានជំនឿមួយចំនួននោះ បានសត្វទ្រាយពីណាយកមកថ្វាយទេវតា ឬបរិភោគខ្លួនឯង ?

បើនាយជាលយល់មិនខុសទេ ខ្លាចតែអ្នកទាំងនោះបង្វិលសត្វទ្រាយ ទៅជាសត្វឈ្លូស ជ្រូកព្រៃ អន្សង គោព្រៃ … ដែលជាសត្វប្រហាក់ប្រហែល មកធ្វើជាអាហារធ្វើឲ្យ ពាយសត្វក្នុងព្រៃទៅវិញ ។ បើចឹងមែនឆ្នាំនេះ ក្រុមពេទ្យសត្វគួរទប់ស្កាត់អ្នកនិយមហូបសត្វព្រៃឲ្យមែនទែន ប្រយ័ត្នផុតពូជសត្វព្រៃ ។ ម្យ៉ាងនាយជាល សូមផ្តាំទៅផង បើបានសត្វព្រៃក្លែម ស្រវឹងសប្បាយភ្លេចគិត សូមកុំបើកបរ បើបើកបរ សូមកុំផឹក ឬក្លែមសត្វព្រៃឲ្យសោះ ៕ នាយជាល

 


ចែករំលែក៖