ព្រះពុទ្ធសករាជព្រះសាសនាអតិក្កន្តាកន្លងទៅហើយបាន២៥៦១ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ថ្ងៃ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក តទៅចូលពុទ្ធសករាជ២៥៦២ ។
នឹងគណនាឆ្នាំចឥឡូវនេះសង្ក្រាន្តចូលមកនៅថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៩និង១២នាទីព្រឹក។ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថីគឺផ្លូវកណ្ដាល ទើបមានទេវធីតា មួយព្រះអង្គជាមគ្គនាយិកាព្រះនាម មហោធរៈ ទេវី ជាបុត្រីទី៧នៃកបិលមហាព្រហ្មគង់នៅឋានចាតុម្មហារាជិកាទ្រង់ អម្ពរពណ៌ ខៀវ លម្អនៅព្រះកាណិដោយ បុប្ផា ត្រកៀត អភរណៈ និលរតន៍ ភក្សាហារទ្រង់សាច់ទ្រាយ ព្រះហស្តស្តាំទ្រង់ កងចក្រ ព្រះហស្តឆ្វេងទ្រង់ ត្រីសូល៍ ទ្រង់គង់រំពៃឈរលើខ្នង ស្ដេចក្ងោក (មយូរា) ដែកជាពាហនៈ ទើបនាំអស់ទេវបុត្រទេវធីតា ទាំងមួួយសែនកោដិហោះទៅកាន់គុហាកែវធម្មមាលីនាទីភ្នំកៃលាស ខេត្តហិមពាន្តជាទីតម្កល់ទុកនូវព្រះសិរសាកបិលមហាព្រហ្មដែលតម្កល់លើពានមាសនាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុ រាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយ ប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិចូលទីស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់គោឧសភរាជទាំង៧ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យហើយនាំគ្នាចូលទៅសមាទានរក្សាសីល ដោយសោមនស្សរីករាយគ្រប់ៗព្រះអង្គក្នុងភគវតីសភា សាលា ដែលព្រះវិស្សកម្មទេវបុត្រនិមិ្មតថ្វាយ ដើម្បីបន្ទោបង់អពមង្គលឲ្យជ្រះ ស្រឡះ ហើយចម្រើននូវសិរីសួស្តី ជយមង្គល ជន្មាយុយឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ ។
ថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៩និង១២នាទីព្រឹកជាថ្ងៃចូលឆ្នាំច សំរឹទ្ធស័ក (ជាវារៈវ័នបត) ។
ថ្ងៃចន្ទ ២កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង១២និង៥៩វិនាទី(ជាវារៈឡើងស័ក) គម្រប់ជាសង្ក្រាន្ត៣ថ្ងៃស្រេចបរិបូណ៌ចូលជាសកលឆ្នាំច សំរឹទ្ធស័ក មហាសករាជ១៩៤០ ចុល្លសករាជ១៣៨០តទៅ ។
នៅក្នុងឱកាសសង្ក្រាន្តទាំង៣ថ្ងៃសូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ វៀបចំពលិការគ្រឿងសក្ការបូជាអុជប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មីហើយខំលះបង់ចិត្តអាក្រក់អន្យតិរិ្ថយជាចិត្តអប្រិយជាប់ដោយគំនុំគុំកួនព្យាបាទឈ្នានីសដែល កើតមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះតាំង ចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណ មុទិតា ឧបេក្ខា និងបញ្ញា ធើ្វបុណ្យសុន្ទរទានតាមប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ចនោះទេវតានឹងឲ្យពរសព្ទសាធុការលោកអ្នកនឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខ គ្រប់ប្រការតាំងពីឆ្នាំថ្មីនេះត រៀងទៅ ។
រណ្ដាប់ទទួលទេវតា
រណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលិការផ្សេងៗ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍ បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពាន១គូ ផ្លែឈើ១១មុខ (១១ហៅថា រាជាជោគ គឺតំណាងឲ្យព្រះរាជាអ្នកថ្វាយចំពោះទេវតាប្រចាំឆ្នាំ) រៀបដាក់ជើងពាន១១គូ ដូងឡៅមួួយគូ ទឹកស្អាតពីរកែវ ។ ស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំ នមស្ការព្រះរតនត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះ ស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹង គិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹង ទីរឭក លុះចប់ពិធីទទួលទេវតា ។
ចំពោះបាយសី៩ថ្នាក់ជាទំនៀមមាន ចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វាទ សមាសនិងមានអនុវត្តនៅព្រះបរមរាជវាំងតែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម៥ថ្នាក់ចុះ មកឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមានទៀន៥ ធូប៥ ស្លាធម៌កូនចេកមួយគូក៏ល្មមសមគួរដែរ ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រគួររៀបឲ្យបានត្រឹម៣ឬ៤មុខក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន ។ នៅគ្រប់តង្វាយទាំងអស់ត្រូវដាក់ ផ្កាម្លិះភួងពីលើគ្រប់តង្វាយនៅលើជើងពាននិងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ ។
ទំនាយប្រចាំឆ្នាំ
កេណ្ឌព្រះពិរុណរាស្ត្រ ៖ ឆ្នាំនេះភពពុធ ជាអធិបតីដឹកនាំផ្លូវទៅសុីទឹកភ្លៀងពីស្តេច នាគ ហើយបាននាគ៧បង្អុរទឹកភ្លៀង៦០០ មេដែលចែកចេញជា ៖
-ចក្រវាល២៤០មេ
-ព្រៃហេមពាន្ត១៨០មេ
-មហាសមុទ្រ១២០មេ
-ជម្ពូទ្វីបមនុស្សលោកយើងមានចំនួន ៦០មេ បណ្តាលឲ្យមានទឹកភ្លៀងនៅដើម ឆ្នាំល្អ កណ្តាលឆ្នាំភ្លៀងល្អ និងចុងឆ្នាំភ្លៀង ច្រើន ។
កេណ្ឌធារាទិគុណ ៖ ឆ្នាំនេះមានកេណ្ឌ (០) ត្រូវត្រង់អាបោធាតុចុះ ទំនាយថា អាកាសធាតុត្រជាក់ខ្លាំង ។
ទំនាយទឹកទន្លេ ៖ ឆ្នាំនេះទំនាយអំពី ទឹកទន្លេមានសំណល់៤(បួន)ទំនាយថា ទឹកទន្លេ បឹងបួតូចណាស់ តូចជាងឆ្នាំទាំង ពួង ។
កេណ្ឌធញ្ញាហារ ៖ ឆ្នាំនេះមានកេណ្ឌ (៦)មានឈ្មោះថា លាភ ទំនាយថា ស្រូវ សំណាប ស្រែចម្ការបានផល៩ភាគ ខូច ខាតអស់តែមួយភាគ ធញ្ញាហារ មីង្សាហារ ផលាហារ ភោជនាហារបានផលល្អ។ ប្រជានុរាស្ត្រមានសេចក្តីសុខជាភិយ្យោភាព ។
ទំនាយការធ្វើស្រែ ៖ ទំនាយកេណ្ឌការ ធ្វើស្រែមានសេស(៣)ទំនាយថា ស្រែដី ទំនាបនិងស្រែដីទួលគ្រប់ទីកន្លែងបាន ផលល្អដូចគ្នាទាំងពីរយ៉ាង ។
កេណ្ឌព្រឹក្សា ៖ ឆ្នាំនេះត្រូវចំសេស(៥) ត្រូវត្រង់ដើមអំពៅជាស្តេច មានទំនាយថា មានភ្លៀងច្រើន ទឹកនឹងលិចស្រូវ ។
កេណ្ឌព្រះអាទិត្យ ៖ ឆ្នាំនេះព្រះអាទិត្យ គឺខ្យល់ទៅទំនាយថា បន្ទាប់ពីថ្ងៃមហា សង្ក្រាន្តទៅ៧ថ្ងៃនឹងមានភ្លើងឆេះក្នុងស្រុក អ្នកតូចនឹងធ្វើទោសអ្នកធំ នាឆ្នាំនេះនឹង កើតឧត្បាតកក្រើកផ្ទៃក្រោមនាស្រុកនាម កណ្តុរ នាមពពែ ស្រុកនាមកណ្តុរនឹងកើត សឹក រាស្ត្រនឹងធ្វើទោសមន្ត្រី សមណៈជី ព្រាហ្មណ៍នឹងក្តៅក្រហាយចិត្ត ។
ទំនាយតាមថ្ងៃសង្ក្រាន្ត
ទំនាយថ្ងៃមហាសង្ក្រាន្ត ៖ ថ្ងៃចូលឆ្នាំ ត្រូវនឹងថ្ងៃសៅរ៍ទំនាយថា ឆ្នាំនេះនឹងបណ្តា ហេតុឲ្យអន្តរាយកណ្តាលទីក្រុង កណ្តាល ស្រុកពុំនោះសោតនឹងមានភ្លើងកាចសាហាវ ចោរចង្រៃ ចិត្តកាច និងមានជំងឺតម្កាត់ធ្ងន់ ធ្ងរជាទីបំផុត ។
ទំនាយថ្ងៃវ័នបត ៖ (ចូលឆ្នាំវេលាម៉ោង ៩និង១២នាទីព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមេសា ឆ្នាំ២០១៨)ថ្ងៃកណ្តាលត្រូវនឹងថ្ងៃអាទិត្យ ទំនាយថា ឆ្នាំនេះនឹងបានឮសំឡេងភាសា ផ្សេង ព្រះមហាក្សត្រនឹងក្តៅក្រហាយព្រះ រាជហឫទ័យយ៉ាងខ្លាំង ។
ទំនាយថ្ងៃឡើងស័ក ៖ ថ្ងៃចុងក្រោយ ត្រូវនឹងថ្ងៃចន្ទទំនាយថា ឆ្នាំនេះព្រះរាជ ទេពី និងពពួកនាងអ្នកស្រីស្នំបរិវារនឹង ប្រកបដោយសេចក្តីសុខ ព្រមដោយទ្រព្យ សម្បត្តិបរិបូណ៌ មានភ្លៀងជូនឲ្យស្រូវល្អ។
ការកំណត់ប្រតិទិន
ឆ្នាំនេះជាឆ្នាំអធិកមាស ប្រក្រតីវារៈ ប្រក្រតីសុទិន ខែចន្ទគតិមានចំនួន១៣ខែ ឆ្នាំចន្ទគតិមានចំនួន៣៨៤ថ្ងៃ ដោយខែ អាសាឍមានចំនួន២ខែ គឺបឋមាសាឍ និងទុតិយាសាឍ ខែទាំងពីរមាន៣០ថ្ងៃ ស្នើគ្នា។ ថ្ងៃក្នុងឆ្នាំសុរិយគតិមានចំនួន ៣៦៥ថ្ងៃ។ ខែកុម្ភៈ ក្នុងឆ្នាំ២០១៨មាន ចំនួន២៨ថ្ងៃ ។
ចូលព្រះវស្សានៅថ្ងៃសៅរ៍ ១រោច ខែ ទុតិយាសាឍ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា គ្រិស្តសករាជ២០១៨ ជាវារៈមហាធិកបាន ឫក្ស២២ តិថី១៦ ជាកាលវស្សានរដូវត្រូវ តាមគន្លងប្រពៃណីពីបុរាណ ដែលមាន ព្រះអាទិត្យ ព្រះចន្ទចរជាប្រធាន ត្រឹមត្រូវ តាមចក្ររាសីឲ្យបានដឹងកំណត់ទ្វារទស មាសទើបធ្វើការសារពើបានចម្រើននូវ សិរីសួស្តី ជយមង្គល បរិបូណ៌ហោង ៕
ដកស្រង់ពីសៀវភៅរៀបរៀងដោយ លោក អឹម បូរិន