ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី២២នាក់បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៍វិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះប្រតិបត្តិការ ត្រួតពិនិត្យ ឃាត់ខ្លួន
ជនជាតិវៀតណាមប្រុស ស្រីចំនួន២២នាក់ ក្នុងនោះស្រី១២នាក់ ស្ថិតនៅក្នុងហាងកាហ្វេចំនួន២ទីតាំង
ទី១-យីហោ(ធីថាន់ការហ្វេ) និងទីតាំងទី២-យីហោ(ង៉ុកងឺយ) កាលពីម៉ោង៩និង១០នាទីព្រឹក ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ភូមិ សាមគ្គីសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

ករណីនេះដឹកនាំដោយលោក អ៊ុក ហៃសិលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានការសម្របសម្រួលផ្លូវច្បាប់ដោយលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បើកកិច្ចប្រតិបត្តុការចុះត្រួតពិនិត្យនៅទីតាំងខាងលើ ហើយឃាត់ខ្លួនជនជាតិវៀតណាមប្រុស ស្រីចំនួន២២នាក់ ស្រី១២នាក់ រកឃើញថា ពុំមានឯកសារត្រឹមត្រូវ ក្នុងការស្នាក់នៅ និងធ្វើការងារ ។

លោកបានឲ្យដឹងថា ជនជាតិវៀតណាមទាំងនេះ លួចឆ្លងដែនចូលមកជ្រកកោន និងធ្វើការងារដោយលួចលាក់ ពុំមានលិខិតឆ្លងដែន ហើយត្រូវបានឃាត់ខ្លួននាំទៅបន្តនីតិវិធីនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

លោកបានបន្តទៀតថា សកម្មភាពស្រាវជ្រាវស៊ើបអង្កេតនគរបាលជំនាញនៅតែបន្ត កាលបើរកឃើញជនបរទេសរូបណា ដែលឆ្លងដែនចូលមកពុំស្របច្បាប់ នឹងចាត់វិធានការអនុវត្តន៍ទៅតាមនីតិវិធី ៕ អរុណរះ

 

 


ចែករំលែក៖