ខេត្តពោធិ៍សាត់៖ ក្មេងទំនើងចំនួន ៣នាក់ត្រូវបានកម្លាំងចម្រុះចាប់ដាក់ខ្នោះដៃ ខណៈពួកគេនាំគ្នាធ្វើសកម្មភាពបើកឆាកប្រយុទ្ធគ្នានៅក្នុងវត្តអារ៉ាម នៃពិធីបុណ្យប្រពៃណីជាតិខ្មែរឆ្នាំច ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នារសៀលថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងបរិវេណវត្តគីរីបុទុមពិសី ហៅវត្តអន្លង់រាប ស្ថិតក្នុងភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្មេងទំនើងទាំង ៣នាក់ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះទី១ ឈ្មោះ អ៊ុក បារាំង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ ស៊ន សម្បាតិ ហៅវ៉ាត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ និងទី៣ ឈ្មោះ ខុន មករា ហៅញ៉ុយ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ៣នាក់រស់នៅភូមិ.ឃុំកើតហេតុខាងលើ ហើយសុទ្ធតែជាមុខសញ្ញាក្មេងទំនើង និងទើបចេញញពីពន្ធនាគារផងដែរ។
ប្រភពខាងលើបន្តថា ជនសង្ស័យក្មេងទំនើងទាំង៣នាក់ត្រូវបានកម្លាំងនគរបាល យោធាសឹករង និងប្រជាការពារភូមិសហការគ្នាចាប់ដាក់ខ្នោះនេះ ដោយសារពួកគេនាំគ្នាផឹកសុីស្រវឹងអួទីនួ ហើយធ្វើសកម្មភាពវាយតប់គ្នាបង្កចលាចល ក្នុងកម្មវធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ហើយបាននាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកវាលវែង៕ ប៉ឹម ពិន