ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តក្រចេះថយចុះក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ចែករំលែក៖

ខេត្តក្រចេះ៖ ភ្ញៀវទេសចរជាតិនិង អន្តរជាតិបានមកកម្សាន្តនៅតាមបណ្តា គោលដៅទេសចរនានាក្នុងខេត្តក្រចេះ នាឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិ រយៈពេល៣ថ្ងៃ មានការថយចុះប្រមាណ ២,៤៦ភាគរយ ដែលភ្ញៀវសរុបមានចំនួន ១០២.៣០៦នាក់ ប្រៀបធៀប រយៈពេល​​ដូចគ្នាឆ្នាំ២០១៧ មានប្រមាណ១០៤.​៨៩០​នាក់ ថយចុះ ២.៥៨៤នាក់។ នេះបើយោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តក្រចេះ។

គួរបញ្ជាក់ថា កន្លែងសម្រាប់ភ្ញៀវទេសចរដែលពេញនិយមក្នុងខេត្តក្រចេះនោះ មានដូចជា រមណីយដ្ឋានទឹកជួរកាំពី,ឆ្នេរ​ខ្សាច់កោះទ្រង់ និងរមណីយ​ដ្ឋាន​កោះ​សុក្រំ ជាដើម ។

ខេត្តក្រចេះក៏ជាខេត្តទិសដៅទេសចរណ៍​ មួយដែរក្នុងប្រទេសកម្ពុជា ក្នុងឱកាស​នៃ​ការឈប់សម្រាកកម្សាន្តអបអរឆ្នាំថ្មី ដោយ​សារខេត្តនេះមានតំបន់កម្សាន្តច្រើនទាំង​ធម្មជាតិ និងកែច្នៃ ហើយចំនួនភ្ញៀវទៅ សម្រាកកម្សាន្តក្នុងខេត្តនេះក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ ។

ខេត្តក្រចេះជាខេត្តមួយឋិតនៅភាគ ឦសានប្រទេសកម្ពុជា ដែលមានសក្ដានុ​ពល​លើវិស័យទេសចរណ៍ ដោយមាន​រមណីយ​ដ្ឋានស្រស់ ស្អាតជាច្រើនកន្លែង ប្រកបដោយភាព​ទាក់ទាញភ្ញៀវទេសចរ​ជាតិ-​​អន្តរជាតិ ហើយជារៀងរាល់ឆ្នាំ ខេត្តនេះបានទទួលកំណើនទេសចរជានិច្ច ។ រមណីយដ្ឋានទឹកជួរកាំពី នៅតែឈរ​លំដាប់​លេខ១ មានភាពទាក់ទាញ ទេស​ចរ​ជាងគេ ក្នុងចំណោមរមណីយដ្ឋានជាច្រើនរបស់ខេត្តនេះ ។

ដោយឡែកបញ្ហាគ្រោះថ្នាក់ចរាចរណ៍ វិញបានកើតឡើង៣ករណីនៅផ្លូវលេខ៧ និងផ្លូវលេខ៣៧១ បណ្តាលឲ្យមនុស្សម្នាក់​ស្លាប់ និង៤នាក់ទៀតរងរបួស។ ចំណែក​ស្ថានភាពផ្លូវទឹក និងសន្តិសុខ មានសភាព​ធ​ម្មតា ។ នេះបើយោងតាមរបាយការណ៍ របស់នគរបាលការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ៕ ហេង សូរិយា


ចែករំលែក៖