ខេត្តស្វាយរៀង៖ បុរសសង្ស័យជាជនជាតិវៀតណាម ដែលមានមុខរបរជាឈ្មួញទិញគោ ក្របីម្នាក់ត្រូវបានសមត្ថកិច្ចហៅមកសាកសួរ ព្រមទាំងឃាត់ខ្លួនកាលពី ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ក្នុងករណីករណីចរាចរណ៍រូបិយវត្ថុ និងរូបិយបណ្ណក្លែងក្លាយតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ៣នាក់ជាម្ចាស់ក្របី ។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា ជនសង្ស័យឈ្មោះ លី ហ្វៀងខាង ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិវៀតណាម មានលំនៅភូមិ ឡុងហ៊ឹង ឃុំឡុងធឹង ស្រុកប៊េនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ព្រមទាំងដកហូតលុយដុល្លារក្លែងក្លាយជាប់ខ្លួនចំនួន២០០ដុល្លារផងដែរ ។
ចំណែកម្ចាស់សត្វគោក្របីដែលរងគ្រោះមាន៣នាក់ ឈ្មោះ ស្រី ស៊ន់ ភេទប្រុស អាយុ ៥២ឆ្នាំ, ឈ្មោះ ស្រី វៀន ភេទប្រុស អាយុ៦៥ឆ្នាំ និងឈ្មោះ ចាន់ សារឿន ភេទស្រី អាយុ ៦៣ ឆ្នាំ ។ ដោយអ្នកទាំង៣នាក់មានទីលំនៅភូមិវាល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមម្ចាស់ក្របីបានប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ពួកគាត់ បានលក់ក្របីចំនួន២ក្បាលនិងគោ១ក្បាលទៅឲ្យជនសង្ស័យខាងលើក្នុងតម្លៃ២.៣០០ដុល្លារ ដោយពេលប្រគល់លុយ គឺឲ្យសុទ្ធតែលុយដុល្លារអាមេរិកទាំងអស់ ។
ប្រភពបន្តថា លុះដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ពួកគាត់ទាំង៣នាក់ ទើបដឹងថា ប្រាក់ដុល្លារដែលជនសង្ស័យប្រគល់ឲ្យថ្លៃលក់ក្របីគោនោះ សុទ្ធតែក្រដាស់ប្រាក់ក្លែងក្លាយទាំងអស់ ទើបរត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។
បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវ ហើយពិនិត្យឃើញថា ប្រាក់ចំនួន២០០០ដុល្លារ គឺសុទ្ធជាប្រាក់ក្លែងក្លាយទាំងអស់ ទើបសមត្ថកិច្ចឲ្យ ម្ចាស់ក្របីទំនាក់ទំនងតាមក៏ទូរសព្ឌ័ទៅជនសង្ស័យឡើងមកយកក្របីមួយក្បាលទៀត ខណៈជនសង្ស័យមកដល់ សមត្ថកិច្ចមូលដ្ឋាន ក៏បាននាំខ្លួនមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល ហើយនៅពេលនោះ សមត្ថកិច្ចត្រួតពិនិត្យលើខ្លួនជនសង្ស័យក៏ឃើញមានប្រាក់ដុល្លារក្លែងក្លាយ ចំនួន២០០ ដុល្លារទៀត ។ សរុបប្រាក់ក្លែងក្លាយដែលសមត្ថកិច្ចដកហូតបានគឺ២២០០ដុល្លារ ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងបញ្ជូន ទៅការិយាល័យនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចាត់ការតាមច្បាប់ ៕ យឹម សុថាន