ព័ត៌មានទាន់ហេតុការណ៍៖

ចុះអនុវត្តន៍សាលដីការបស់តុលាការកំពូល តាមបណ្តឹងជាម្ចាស់កម្មសិទ្ធិអចលនៈវត្ថុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ លោក សាយណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ និង លោកឈឿន មុន្នី ជា ក្រឡាបញ្ចី បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ មាននគរបាល អាវុធហត្ថស្រុក ខេត្តនិងអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តន៍សាលដីកាសម្រេចច្រានចោល របស់តុលាការកំពូល លេខ៣៣៨ .ឆ.ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ លើសំណុំរឿងវាទដីលំនៅដ្ឋាន ដែលមានទំហំ៤,៥មX៥៥ម៉ែត្រ ស្ថិតនៅជាប់ណ្តោយផ្លូវជាតិលេខ០៦ ក្នុងភូមិក្រសាំងជ័យ ឃុំបារាយណ៏ ស្រុកបារាយណ៏ ខេត្តកំពង់ធំ។

លោកសាយណូរ៉ា ព្រះរាជអាជ្ញារង ខេត្តកំពង់ធំបានឲ្យដឹងថា ការដឹកនាំកម្លាំង ចុះអនុវត្តគឺយោងតាមពាក្យសុំអនុវត្តសាលដីកាតុលាការកំពូល របស់ឈ្មោះ ឆុង ឡៃហ៊ួង ចុះថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧ និងអានសាលដីកាស្ថាពរលេខ ៣៣៨ .ឆ.ចុះថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧របស់តុលាការកំពូល ដែលបានសម្រេចតម្តល់ដីកាលេខ១៣ ‘’ក្រIIIន’’របស់សាលាឧទ្ធរចាត់ទុកជាបានការ និងអានសាលដីការដ្ឋប្បវេណីលេខ ១២ .ខ.ចុះថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៦របស់សាលាដំបូងខេត្តកំពង់ធំ បានសម្រេចឲ្យបង្គាប់ឲ្យចុងចម្លើយឈ្មោះ ស្រេង សុភី ភេទ ប្រុស អាយុ ៣៧ឆ្នាំ ធ្វើសកម្មភាពចុះចេញពីអចលនវត្ថុទំហំ ៤,៥មX៥៥ម ស្ថិតនៅភូមិក្រសាំងជ័យ ឃុំបារាយណ៏ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ដើម្បីប្រគល់ដីនេះឲ្យទៅដើមចោទឈ្មោះឆុង ឡៃហ៊ួង គ្រប់គ្រងវិញ ផ្អែកតាមលិខិតបញ្ជាក់ការចូលស្ថាពរ នៃសាលដីកាលេខ៦៨២/១៧ .តកក.សរណ ចុះថ្ងៃទី០៥ខែធ្នូ ឆ្នាំ២០១៧សាលដីការបស់តុលាការកំពូល។

បើយោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានបង្ហើបឲ្យដឹងថា ឈ្មោះឆុង ឡៃហ៊ួង ភេទស្រីនេះ ពិតជាម្ចាស់កម្មសិទ្ធដីទំហំ៤,៥មX៥៥ម មែន បានជួលដីឲ្យប្អូន ជីទួតមួយក្នុងតម្លៃទាបដើម្បីឲ្យប្រកបមុខរបរចិញ្ចឹមជីវិត តាំងពីឆ្នាំ២០១០មកម្ល៉េះ ហើយប្អូនជីទួតមួយឈ្មោះស្រេង សុភី ក៏បានចាក់ដីសង់ផ្ទះអស់លុយច្រើនដែរ ទើបគាត់មិនព្រមចាកចេញពីទីកន្លែងនោះទេ ។

ប្រភពដដែលនេះបានបន្តថា រឿងវិវាទដីធ្លីនេះ បានកើតឡើងជាច្រើនឆ្នាំមកហើយ ដោយភាគីទាំងសងខាងបានប្តឹងផ្តល់គ្នាចាប់ពីសាលាដំបូងខេត្តកំពង់ធំ ដល់តុលាការកំពូល តែតុលាការទាំងបីថ្នាក់បានសម្រេចឲ្យទៅឈ្មោះឆុង ឡៃហ៊ួង ជាអ្នកឈ្នះក្តី រីឯភាភីឈ្មោះ ស្រេ ងសុភី មិនព្រមចាកចេញទើប សាលាដំបូងខេត្តកំពង់ធំបានដឹកនាំកម្លាំងចុះអនុវត្តន៍រុះរើ ៕ ប៊ុន រិទ្ធី


ចែករំលែក៖