ភ្នំពេញ៖ ទីតាំងអុីនធើណេតជាកន្លែង បើកល្បែងស៊ីសងភ្នាល់តាមអនឡាញ, ល្បែងស៊ីសងជាច្រើនផ្សេងទៀតដែលជាជម្រកផ្តល់មធ្យោបាយឲ្យជនល្មើសជ្រកកោនដោយសារតែបើកបម្រើការ២៤ម៉ោងលើ២៤ម៉ោង ។ អុីនធើណេត២៤ម៉ោងលើ២៤ម៉ោងជាច្រើនកន្លែងនៅក្នុងទឹកដីខណ្ឌ៧មករាកំពុងបើកដំណើរការយ៉ាងរលូន ដោយសារទីតាំងទាំងនោះមានអាជ្ញាប័ណ្ណចេញពីក្រសួងនានា ។ នៅទូទាំងខណ្ឌ៧មករាមានទីតាំងអុីនធើណេតភ្នាល់ល្បែងស៊ីសងតាមអនឡាញជាច្រើនតាមផ្លូវធំៗផ្លូវលំច្រកឌឿងហែម ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា រាល់ទីតាំងមួយៗមានអ្នកមើលការខុស ត្រូវឬអ្នកគ្រប់គ្រងគ្រប់កន្លែងទាំងអស់ពួកគេមានអំនួតមិនខ្លាចរអាជាមួយសមត្ថកិច្ចថ្នាក់ក្រោមៗនោះទេ ដោយសារគេស្គាល់ចាប់ពីថ្នាក់អធិការឬអភិបាលខណ្ឌឡើងលើឯណោះ។ មិនដឹងថាគេមានឥទ្ធិពលឬក៏ប្រើអំណាចទឹកប្រាក់ក្នុងកម្រិតណាទេ ។ ប្រជាពលរដ្ឋបានលើកឡើងថា ល្បែងស៊ីសងគឺជាប្រភពផ្តើមចេញឲ្យមានបទល្មើសហើយអនុញ្ញាតឲ្យបើកមិនបង្ក្រាបគឺជាកំហុសធ្ងន់ធ្ងរនិងមិនអនុវត្តទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។
សូមបញ្ជាក់ថា ខណ្ឌ៧មករាជាខណ្ឌ មួយដែលមានភូមិសាស្រ្តស្មុគស្មាញ និងជាកន្លែងដែលសម្បូរទៅដោយបទល្មើសទៀតផងព្រោះមានក្មេងទំនើងប្រមូលផ្តុំគ្នា ប្រើប្រាស់គ្រឿងញៀនល្បែងស៊ីសងនិងមានអុីនធើណេត២៤ម៉ោង ។ ប្រជាលរដ្ឋម្នាក់បានលួចប្រាប់សារព័ត៌មាននរគវត្តថា សមត្ថកិច្ចខណ្ឌ៧មករា បង្ក្រាបតែកន្លែងណាដែលមិនបង់លុយឲ្យពួកគេតែប៉ុណ្ណោះ កន្លែងណាបង់រាល់ខែមិនបង្ក្រាបនោះឡើយ ។
កន្លងមកលោកអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និង នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនិងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធ ពិសេសសមត្ថកិច្ចមូលដ្ឋានត្រូវត្រួតពិនិត្យ ហាងបញ្ចាំ២៤ម៉ោងនិងហាងអុីនធើណេត២៤ម៉ោងដែលបង្កប់ល្បែងស៊ីសងខុស ច្បាប់ ប៉ុន្តែសម្តីរបស់លោកអភិបាលរាជ ធានីភ្នំពេញ ដូចជាគ្មានប្រសិទ្ធភាពសោះ។ ព្រោះហាងបញ្ចាំ២៤ម៉ោងនិងអុីនធើណេត ២៤ម៉ោងនៅតែមាននិងរីកស្អេកស្កះពេញរាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរអុីនធើណេត២៤ម៉ោងសំណូមពរដល់សមត្ថកិច្ចខណ្ឌ៧មករាជួយពិនិត្យមើលផងព្រោះ ពួកគាត់ព្រួយបារម្ភពីបញ្ហាអសន្តិសុខក្នុងមូលរដ្ឋានរបស់ពួកគាត់ ៕ ហេង សូរិយា