ខេត្តប៉ៃលិន ៖ កម្លាំងនៃការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនកាលពីរសៀលថ្ងៃ ព្រហស្បតិ៍ ៥ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ បានចុះឃាត់ខ្លួនជនជាតិថៃម្នាក់ពីបទឆ្លងដែនចូលកម្ពុជាខុសច្បាប់ ។
ជនជាតិថៃរូបនេះ ឈ្មោះ Phontep Chadaphat ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកសិករ រស់នៅខេត្តណាខោនរាជស៊ីម៉ា ប្រទេសថៃ នៅចំណុចភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពីបទលួចឆ្លងដែនដោយខុសច្បាប់តាមច្រកអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមសមត្ថកិច្ចជំនាញអន្តោប្រវេសន៍ បានឱ្យដឹងថា ជនបរទេសរូបនេះបន្ទាប់ពីបានឆ្លងដែនចូល មកប្រទេសកម្ពុជារួចហើយ ក៏បានបន្តដំណើរដោយថ្មើជើង រហូតមកដល់ខេត្តប៉ៃលិន និងបានស្នាក់នៅតាមវត្តអារាម អស់រយៈពេលចំនួន ៥ថ្ងៃ ទើបសមត្ថកិច្ចឃាត់ខ្លួនបានយកទៅអនុវត្ត និងចាត់ការតាមនីតិវិធី៕ សហការី

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច