ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មីទី១ បានចាប់ឃាត់ខ្លួនស្ត្រីជើងឆើតជំនាញខាងដាក់ថ្នាំសណ្តំលួចលុយជនបរទេសម្នាក់ ក្រោយពីនាងបានធ្វើសកម្មភាពដាក់ថ្នាំងងុយដេកលាយជាមួយកាហ្វេឲ្យបុរសជនជាតិអាមេរិកាំង ដើមកំណើតកូរ៉េងងុយដេកម្នាក់ ហើយលួចយកលុយអស់ចំនួន២ពាន់ដុល្លារ។
ការចាប់ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃ ព្រហស្បតិ៍ ៥ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ លេខ១៣៦ ក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ដោយ រកឃើញកាហ្វេ និងថ្នាំងងុយដេកមួយចំនួនទៀតផង ។
តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា ស្ត្រីជាជនសង្ស័យម្នាក់ដែលបានចាប់ឃាត់ខ្លួនមានឈ្មោះ ឆន លីនដា អាយុ៣៣ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្បូងភ្នំ ឃុំ តាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។
បុរសរងគ្រោះឈ្មោះ Tommy Yoon អាយុ ៣០ឆ្នាំ ជនជាតិអាមេរិកាំង (ដើមកំណើតកូរ៉េ) ភ្ញៀវទេសចរណ៍ ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលពួកគេបានជួបគ្នាពេលនោះបុរសជនជាតិអាមេរិកាំងខាងលើចង់ផឹកកាហ្វេ ហើយក៏ត្រូវបានស្ត្រីជាជនសង្ស័យធ្វើការហ្វេឲ្យផឹក ដោយលួចដាក់ថ្នាំងងុយដេកខាងក្នុង ពេលនោះក៏ធ្វើឲ្យងងុយដេក និងដេកលក់បាត់ទៅ ។
ក្រោយពីលង់លក់ក្នុងដំណេកអស់រយៈពេលជាច្រើនម៉ោងរហូតដល់ម៉ោង១ថ្ងៃត្រង់ថ្ងៃទី១៨ ថ្ងៃដដែល ទើបបុរសជនជាតិអាមេរិកកាំងម្នាក់នោះដឹងខ្លួនហើយដឹងថា បាត់លុយអស់ចំនួន ២ពាន់ដុល្លារ សហរដ្ឋអាមេរិក និងលុយកូរ៉េមួយចំនួនទៀត ទើបរត់មកប្តឹងកម្លាំងនគរបាលប៉ុស្តិ៍ ផ្សារថ្មីទី១ ឲ្យជួយធ្វើអន្តរាគមន៍ ។ លុះដល់មុនពេលកើតហេតុ បុរសជាជនជាតិអាមេរិកកាំងរងគ្រោះបាននឹងកំពុងតែធ្វើដំណើរតាមផ្លូវ ដើម្បីស្វែងរកនោះក៏ស្រាប់តែប្រទះឃើញនាងកំពុងតែជិះម៉ូតូរ៉ឺម៉កម៉ូតូមួយគ្រឿងតាមផ្លូវ និងចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
នេះជាលើកទី ២ហើយ បន្ទាប់ពីលើកទី១ កាលពីឆ្នាំ២០១៧ កន្លងមកនេះ ធ្លាប់ធ្វើសកម្មភាពដាក់ថ្នាំងងុយដេក លាយជាមួយ និងកាហ្វេដាក់យកលុយពីបុរសជនបរទេសម្នាក់ និងធ្លាប់ជាប់ពន្ធនាគារចំនួន៦ខែមកហើយដែរ៕ ស តារា