ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនមនុស្ស៣នាក់ដកហូតថ្នាំក្រាមសថ្លាសង្ស័យគ្រឿងញៀន១០កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ រួមនិងថ្នាំក្រាមសថ្លា២កញ្ចប់ធំ ៨កញ្ចប់តូច ត្រូវបានកម្លាំងនៃអធិការខណ្ឌដង្កោសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹកបានបង្ក្រាបបាន នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានគ្នា៣នាក់ ទី១ឈ្មោះ ជឿន ពុធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិព្រៃកីខសង្កាត់ពងទឹកខណ្ឌដង្កោ, ទី២មាន ឈ្មោះ ផេង បាឡេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើចំការ ស្នាក់នៅភូមិជាមួយគ្នា និងទី៣ មានឈ្មោះ នួន ជឿន ភេទប្រុស អាយុ៥២ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់នៅភូមិជាមួយគ្នា ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុននិងចុះបង្ក្រាបជនសង្ស័យទាំង៣នាក់នេះបានគឺកម្លាំងសមត្ថកិច្ចបានចុះស៊ើបអង្កេតស្រាប់តែឃើញជនសង្ស័យកំពុងចែកចាយសារធាតុញៀននៅក្នុងផ្ទះ ក៏សមត្ថកិច្ចចាប់ឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលពងទឹក។

នៅចំពោះមុខសមត្ដកិច្ចជនសង្ស័ទាំង៣នាក់បានឆ្លើយសារភាពថា ពួកគេពិតជាចែកចាយថ្នាំញៀនពិតប្រាកដមែន ហើយថ្នាំទាំងនេះ ពួកគេបានទិញមកពីភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បច្ចុប្បន្នជនសង្ស័យទាំង៣ខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖