ខេត្តកណ្ដាល៖ ក្មេងប្រុសអាយុ១ឆ្នាំ២ខែម្នាក់ធ្លាក់ចូលទៅក្នុងទឹកពាង បណ្ដាលឲ្យលង់ស្លាប់ ខណៈជីដូនរវល់ចងបន្លែធ្វេសប្រហែសមួយភ្លែត ។ ករណីលង់ទឹកបណ្ដាលឲ្យស្លាប់នេះបានកើតឡើងនៅវេលាម៉ោង៩និង១៥នាទី ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកណ្ដាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលផ្នែកកោសល្យវិច័យស្រុកស្អាងបានឲ្យដឹងថា ក្មេងប្រុសលង់ទឹកស្លាប់មានឈ្មោះ ឆាលី ឧត្តម ភេទប្រុស អាយុ០១ឆ្នាំ០២ខែ ជនជាតិខ្មែរ មានទីលំនៅភូមិកណ្ដាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្ដាល ។ ឪពុកឈ្មោះ អាត ឆាលី អាយុ២៥ ឆ្នាំមុខរបរកសិករ និងម្ដាយឈ្មោះ វ៉ា ស្រីណេ អាយុ២៣ឆ្នាំ មុខរបរកសិករ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៧ព្រឹក ឪពុកម្ដាយក្មេងរងគ្រោះបានចេញទៅធ្វើការខាងក្រៅ ដោយទុកកូនឲ្យជីដូនមើល ។ ខណៈនោះដែរ ក្មេងរងគ្រោះបាននាំគ្នាលេងជាមួយក្មេងៗដទៃទៀតនៅមុខផ្ទះដោយមានពាងទឹកបួនប្រាំនៅទីនោះផងដែរ ។ ចំណែកឯជីដូនវិញជាប់រវល់ចងបន្លែរនៅក្រោមផ្ទះភ្លេចមើលចៅ រហូតដល់ម៉ោង ០៩និង១៥នាទី ជីដូនបាត់ចៅមិនឃើញ ក៏ដើររកដើម្បីបញ្ចុកបាយឲ្យដេក ភ្លាមនោះដើររកក្បែរពាងក៏ឃើញចៅរបស់ខ្លួននៅក្នុងពាងទឹកឈ្លក់ទឹកស្លាប់បាត់ទៅហើយ ។ ក្រោយពីមានហេតុការណ៏កើតឡើង កម្លាំងជំនាញស្រុក ដោយសហការជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ ធ្វើការពិនិត្យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចជំនាញបានសាកសពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ