ព័ត៌មានទាន់ហេតុការណ៍៖

ទ្រូងផ្លូវនៅមុខក្រសួងមហាផ្ទៃត្រូវរថយន្តកូរ៉េពន្លះបាក់អស់២កង់ និងបណ្តាលឲ្យមនុស្សរងរបួសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកូរ៉េមួយគ្រឿង បានបើកបរយ៉ាងលឿន ហើយដល់ផ្លូវបត់មិនបន្ថយល្បឿន ក៏បានបួងចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាត និងធ្វើឲ្យបុរសម្នាក់រងរបួសស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅត្រង់ចំណុចជិតនិងក្រសួងមហាផ្ទៃ តាមបណ្តោយផ្លូវព្រះនរោត្ដម កែងនិងផ្លូវលេខ៤៦៦ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញបុរសពីរនាក់បើកបររថយន្តមួយគ្រឿងម៉ាក ហីយិនដាយ ពណ៌ស ជាប្រភេទរថយន្តកូរ៉េមួយតោន ពាក់ស្លាកលេខ ភ្នំពេញ2AP-6014 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៤៦៦ ក្នុងទិសដៅពីលិចទៅកើតនិងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុរថយន្តបង្កខាងលើក៏បានបួងចង្កូតបត់ឆ្វេងទៅផ្លូវនរោត្តម រួចក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់ពីរកង់ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង រីឯបុរសទាំងពីរគឺមានម្នាក់រងរបួសស្រាល បន្ទាប់មកបុរសទាំងពីរនាក់បានលើជិះម៉ូតូកង់បីចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញអោយចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖