ភ្នំពេញ ៖ ហេតុការណ៍អគ្គិភ័យមួយបានកើតឡើងនៅក្នុងអគារខារ៉ាអូខេ កូប្រាហ្គោល នៅតាមបណ្ដោយផ្លូវលេខ២៥៤ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ខណៈពេលនោះ ក៏មានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង រួមជាមួយកងកម្លាំងអន្តរាគមន៍មកបាញ់ពន្លត់អគ្គិភ័យជាច្រើននាក់ផងដែរ ។
ក្នុងប្រតិបត្តិការណ៍នោះដែរ ក៏មានភ្នាក់ងារពន្លត់អគ្គិភ័យ ២នាក់ ជួបបញ្ហាថប់ដង្ហើមដេកដួល ខណៈពេលអស់ខ្យល់អុកស៊ីហ្សែន ក្នុងពេលចូលទៅបាញ់ពន្លត់ ខាងក្នុងអាគារខារ៉ាអូខេ កូប្រាហ្គោល ដែលកំពុងឆាបឆេះបន្ទប់ជាន់ខាងលើ តែទោះជាយ៉ាងណា ក៏មានរថយន្តសង្គ្រោះបន្ទាន់ចុះទៅដល់កន្លែងកើតហេតុ ហើយបានដឹកបញ្ចូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ផងដែរ ។
យ៉ាងណាមិញខាងអាជ្ញាធរនិងសមត្ថកិច្ច មិនទាន់បញ្ជាក់អោយដឹង អំពីមូលហេតុដែលបណ្ដាលអោយមានការឆាបឆេះដោយសារអ្វីនៅឡើយទេ និងការខូចខាតអស់ប៉ុន្មាននៅឡើយ។
អគ្គិភ័យខាងលើបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង០៣:០០នាទីទៀបភ្លឺ ថ្ងៃដដែលនេះ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន១៣គ្រឿង របស់ស្នងការ នគរបាលរាជធានីភ្នំពេញចំនួន១១គ្រឿងនិងរបស់៧១១ចំនួន២គ្រឿង ៕ ជឹមភារ៉ាដង្កោ