ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញ ទំនាក់ទំនងតេឡេក្រាមកាលពីរសៀលថ្ងៃ សុក្រ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ថា នាទីស្តីការក្រសួងយុត្តិធម៌លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដើម្បីពិនិត្យ សំណើសុំបន្ធូរបន្ថយទោស និងលើកលែង ទោសក្នុងឱកាសបុណ្យពិសាខបូជា ។
កិច្ចប្រជុំខាងលើនេះក្រសួងទទួលបានពីគណៈកម្មការថ្នាក់រាជធានី-ខេត្ត(ពន្ធនាគារ ចំនួន១៨) និងគណៈកម្មការក្រសួងមហា ផ្ទៃ (មណ្ឌលអប់រំកែប្រែចំនួន៤) លើបញ្ជី ទណ្ឌិតស្នើសុំសរុបចំនួន២២៨នាក់ (ស្ត្រី ១៨នាក់) ។
កិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដើម្បី ពិនិត្យសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសបុណ្យពិសាខបូជានេះនឹងប្រព្រឹត្តទៅនៅសៀលថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០១៨ខាងមុខដឹកនាំដោយ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិ ធម៌នៅទីស្តីការក្រសួង ។
បុណ្យវិសាខបូជានៅឆ្នាំនេះនឹងប្រារព្ធឡើងនាថ្ងៃ១៥កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៨ ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី៤ ខែ មេសា ឆ្នាំ២០១៨ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្នុងនាមជាប្រធានគណៈកម្មការជាតិបានដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើ សុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ជាលទ្ធផលគណៈកម្មការជាតិបានពិនិត្យ និងសម្រេចជ្រើសយកទណ្ឌិតសរុប៥០ នាក់(ស្ត្រី៦នាក់) ក្នុងនោះបន្ធូរបន្ថយទោស ដល់ទណ្ឌិតចំនួន៤២នាក់ (ស្ត្រី៥នាក់) និងលើកលែងទោសដល់ទណ្ឌិតចំនួន៨ នាក់ (ស្ត្រី១នាក់) សម្រាប់ឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំនេះ ។
ទណ្ឌិតដែលត្រូវលើកលែងទោស និងបន្ធូរបន្ថយទោសសរុប៥០នាក់នេះត្រូវ បានជ្រើសចេញពីក្នុងចំណោមបញ្ជីឈ្មោះដែលបានស្នើសុំពីគណៈកម្មការក្រសួង មហាផ្ទៃ និងគណៈកម្មការរាជធានី-ខេត្តនៅទូទាំងប្រទេសសរុបចំនួន៣២១នាក់។
ជាការកត់សម្គាល់ក្នុង១ឆ្នាំមានការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ ទណ្ឌិតចំនួន៣ដងគឺនៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិពិធីបុណ្យវិសាខបូជា និង ពិធីបុណ្យអុំទូក ៕ ហេង សូរិយា
រូបភាពឯកសារ