ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងអំពីសម្រស់តួទេពធីតាឆ្នាំថ្មី បានធ្វើឲ្យមហាជនទូទៅសរសើរមិនដាច់ពីមាត់។យុវតីស្រស់សោភានេះមានឈ្មោះថា សុគាគឹមលាង ជានាថការី ផ្នែករបាំបុរាណ និងជាសិល្បករផ្នែករបាំបុរាណរបស់ក្រសួងទេសចរណ៍ ដែលធ្លាប់តំណាងឲ្យសិល្បករខ្មែរចេញទៅផ្សព្វផ្សាយវប្បធម៌ខ្មែរនៅបរទេសកន្លងមកផងដែរ ។
លេចមុខដ៏គួរឲ្យភ្ញាក់ផ្អើល យុវតី សុគាគឹមលាង មានវ័យ១៨ឆ្នាំដែលសម្រស់នាងកាន់តែស្រស់ស្អាតខ្លាំងនៅពេលគ្រងសំលៀកបំពាក់ទេពធីតាឆ្នាំថ្មីជាព្រះម៉ែនាគីនិងរាំថ្វាយបានយ៉ាងល្អក្នុងកម្មវិធីបុណ្យកតញ្ញូនាពេលកន្លងមក។។នាងកើតក្នុងត្រកូលអ្នកជំនួញមធ្យមមួយនៅក្នុងរាជធានីភ្នំពេញ ។
ដោយសារក្រុមគ្រួសារស្រលាញ់សិល្បៈបុរាណ បានជំរុញឲ្យនាងចូលសិក្សាថ្នាក់របាំបុរាណ នៃសាលាមធ្យមវិចិត្រសិល្បៈ ហើយពេលនេះនាងបានបញ្ចប់រួចទៅហើយ និងបន្តការសិក្សាជំនាញទេសចរណ៍នាសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ប៉ុន្តែដោយសាររវល់នឹងការងារផ្នែករបាំនាងបានព្យូរការសិក្សាមួយរយៈពេលមកហើយ។
នាងបានបញ្ជាក់បច្ចុប្បន្ននាងកំពុងមមាញឹកខ្លាំងនឹងការងារចេញផ្សព្វផ្សាយសិល្បៈវប្បធម៌ផ្នែករបាំបុរាណរបស់ក្រសួងទេសចរណ៍។ នាងបញ្ជាក់ថា ទើបនឹងមកពីបំពេញការងារនេះនៅប្រទេសអាល្លឺម៉ង់កាលពីពេលថ្មីៗនេះ ហើយនឹងបន្តចេញទៅបំពេញការងារនេះនៅខែមិថុនាខាងមុខនៅលើទឹកដីនៃព្រះរាជាណាចក្រថៃ។
យុវតីរូបនេះហាក់មិនចង់រវីរវល់ច្រើននឹងការភាពល្បីល្បាញនោះទេ ខណៈដែលនាងលើកឡើងថា ការងារសិល្បៈត្រឹមតែជានាដការរបាំបុរាណម្នាក់គឺគ្រប់គ្រាន់ ហើយចង់បានត្រឹមតែជួយផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់បរទេសគឺគ្រប់គ្រាន់ហើយសម្រាប់នាង។
កញ្ញា គឹមលាង លើកឡើងថានាងស្រលាញ់ការងារជានាថការនេះខ្លាំងណាស់ដែលពិបាកនឹងបោះបង់ការងារនេះចោល ហើយនាងពិតជាអរគុណចំពោះក្រសួងស្ថាប័ននានាដែលធ្លាប់បានផ្តល់ឱកាស ផ្តល់កិត្តិយស និងការសរសើរចំពោះការងារនាងកន្លងមក ហើយនាងរំពឹងថា នឹងមានឱកាសល្អៗជាច្រើនសម្រាប់នាងពិសេសការចូលរួមចំណែកលើកស្ទួយសិល្បៈវប្បធម៌ជាតិខ្មែរ៕ វឌ្ឍនា