អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះខ្លួនឯងនៅខាងក្រៅមជ្ឈមណ្ឌលចុះឈ្មោះបោះឆ្នោតនៅក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៥៧នាក់ និងរងរបួសជាង១០០នាក់ នៅក្នុងការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតទៅលើការរៀបចំការបោះឆ្នោតដែលគ្រោងធ្វើនៅខែតុលា ឆ្នាំ២០១៨ នោះ ។
ក្រុមភេរវកម្មរដ្ឋអ៊ីស្លាមបានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារទៅលើគម្រោង ដែលមានសារៈសំខាន់ជាចម្បង ចំពោះភាពគួរឱ្យជឿជាក់របស់រដ្ឋាភិបាល លោក អាហ្វ្រិច ហ្គានី (Ashraf Ghani) ដែលកំពុងស្ថិតក្រោមសម្ពាធពីអន្តរជាតិ ដើម្បីធានាឱ្យមានការបោះឆ្នោតសភា ដែលពន្យារពេលយូរឆ្នាំនេះ ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ Najib Danesh បាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកម្នាក់បានដើរទៅកាន់មជ្ឈមណ្ឌលជាកន្លែងដែលមន្រ្តីកំពុងចេញប័ណ្ណសម្គាល់ខ្លួនដែលជាផ្នែកមួយនៃដំណើរការចុះបញ្ជីសម្រាប់អ្នកបោះឆ្នោតប្រហែល១០ លាននាក់ នៅទូទាំងអាហ្វហ្គានីស្ថាន ។ ការចុះឈ្មោះបានចាប់ផ្ដើមនៅខែមេសានេះ ។
ប្រធានាធិបតី Ghani បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះការវាយប្រហារនេះហើយបាននិយាយថា “វាមិនអាចបង្វែរយើងចេញពីគោលបំណងរបស់យើង ឬធ្វើឱ្យដំណើរការលិទ្ធិប្រជាធិបតេយ្យរបស់យើងចុះខ្សោយនោះទេ” ។
អ្នកនាំពាក្យក្រសួងសុខាភិបាលសាធារណៈបាននិយាយថា យ៉ាងហោចណាស់មនុស្ស៥៧ នាក់ដែលក្នុងនោះមានកុមារ៨នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ និង១១៩ នាក់បានរងរបួស ប៉ុន្តែចំនួនសរុបអាចកើនឡើងច្រើនជាងនេះ ៕ ថាច់ យ៉ាត