ប៉ោយប៉ែត៖ រថភ្លើងមួយខ្សែបានបើកបុកជាមួយរថយន្តដឹកដីបណ្តាលឲ្យធ្លាក់ប្រឡាយ អ្នកបើកបររងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ០៨និង ២០នាទីព្រឹក លើផ្លូវរថភ្លើង ត្រង់ចំណុចខាងកើតផ្លូវចូលវត្តដុងអារ័ញ្ញប្រហែល២៥០ម៉ែត្រ ស្ថិតក្នុងភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា រថភ្លើងបើកបរចេញពីស្ថានីយរថភ្លើងប៉ោយប៉ែត ឆ្ពោះទៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ទិសដៅពីលិចទៅកើត ដល់ចំណុចកើតហេតុស្រាប់តែ មានរថយន្តដឹកដី១គ្រឿងម៉ាកហុីណូ ពណ៌ស បើកបរដោយឈ្មោះ ភួង ពេជ្រ អាយុ៤៧ឆ្នាំ មុខរបរ បើកបររថយន្តដឹកដី រស់នៅក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកបរឆ្លងផ្លូវរថភ្លើងពីជើងទៅជើងទៅត្បូង ពេលឆ្លងបានជិតផុតផ្លូវ ក៏ត្រូវរថភ្លើងបុកបណ្តាលអោយធ្លាក់ចូលទៅក្នុងប្រឡាយគ្រោះថ្នាក់តែម្តង ៕ វណ្ណា