ខេត្តកំពង់ចាម៖ ដោយមិនគិតពីភាពនឿយហត់ នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនមកពីបណ្តាឃុំទាំង១៥ នៃស្រុកព្រៃឈរ ចំនួន៤៥៩នាក់ ដើម្បីតបស្នងនូវអ្វីដែលបានពលីជូនជាតិ និងមាតុភូមិ។
កិច្ចសំណេះសំណាលនេះ ក៏មានការចូលរួមពី លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ហេង វណ្ណី អភិបាលរងខេត្តកំពង់ចាម និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បានរំលឹកដាស់តឿន ដល់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវរួមសហការជាមួយ គណៈកម្មការអភិវឌ្ឍន៍ សហគមន៍អតីតយុទ្ធជនឃុំ ដើម្បីរួមគ្នាសិក្សាស្រាវជ្រាវឲ្យបានម៉ត់ចត់ ពីស្ថានភាពជីវភាព និងតម្រូវការជាក់ស្តែង របស់អតីតយុទ្ធជន និងគ្រួសារដែលទ័លលំបាក បង្កឱកាសឲ្យបងប្អូន មានសមត្ថភាព និងលទ្ធភាពប្រកបរបរចិញ្ចឹមជីវិត ដោយថ្លៃថ្នូររួមចំណែកលើកកម្ពស់ជីវភាពក្នុងគ្រួសារ បន្ថែមពីលើការជួយឧបត្ថម្ភ របស់រាជរដ្ឋាភិបាល ដែលអាចឲ្យបងប្អូនរស់នៅដោយសមរម្យ។
អគ្គលេខាធិការរូបនេះ បន្តថា សមាគមបានចាត់ទុកថា នេះជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទូយ ដល់ផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម ចំពោះអតីតយុទ្ធជន និងគ្រួសារ តាមរយៈនៃការខិតខំរិះរកគ្រប់វិធានការ និងមធ្យោបាយដើម្ប ជួយដោះស្រាយសម្រាល ទុក្ខលំបាកបងប្អូនឲ្យសមទៅនឹងគុណបំណាច់ដ៏ធំធេង របស់បងប្អូនចំពោះជាតិ មាតុភូមិ និងប្រជាជន។
លោកយាយ សាន់ ង៉ា អាយុ៨២ឆ្នាំ ជាអតីតពលករដែលពិការជើងទាំង២ ដោយសារមីន ពេលបំពេញភារកិច្ចនៅការដ្ឋានការពារខ្សែក្រវាត់ព្រំដែនកម្ពុជា-ថៃ កាលពីឆ្នាំ១៩៨៤ តំណាងឲ្យអតីតយុទ្ធជនទូទាំងស្រុក សូមគោរពថ្លែងអំណរគុណ ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះជីវភាព និងសុខទុក្ខបងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង ពិសេសថ្ងៃនេះបានផ្តល់មេដាយការពារជាតិ។
លោកយាយប្ដេជ្ញាថា ទោះក្នុងកាលៈទេសៈណាក៏ដោយ នៅតែគោរពគាំទ្រ នៅតែស្មោះស្ម័គ្រ និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជារៀងរហូត៕