ព័ត៌មានទាន់ហេតុការណ៍៖

ហុីយ៉ាន់ដាយបោះពួយបុកគោដើរឆ្លងថ្នល់ងាប់ ២ក្បាលជ្រុលបុកផ្ទះរបួសក្មេងម្នាក់ទៀតទើបអស់ល្បឿន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្មេងប្រុសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងសត្វពាហណៈចំនួន ២ក្បាលផ្សេងទៀតបានងាប់រដូករណែល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏កម្រមួយ បង្កឡើងដោយអ្នកបើកបររថយន្តម៉ាក ហុីយ៉ាន់ដាយ ។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីរសៀល ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦១.១៦២ ស្ថិតក្នុងភូមិវាលវង្ស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរបានឲ្យដឹងថា មុនដំបូងគេឃើញរថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AS 7457 បើកបរដោយឈ្មោះ យៀន សុខយឿន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្រែ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានបុកហ្វូងសត្វគោដែលកំពុងដើរឆ្លងថ្នល់ពីជើងទៅត្បូង រួចរេចង្កូតធ្លាក់ស្រែជ្រុលចូលផ្ទះប្រជាពលរដ្ឋបុកក្មេងប្រុសម្នាក់ទៀតទើបអស់ល្បឿន។

ក្នុងរបាយការណ៍បន្តថា ម្ចាស់រងគ្រោះឈ្មោះ ម៉ន ទុង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ រីឯកូនប្រុសរងរបួសធ្ងន់ឈ្មោះ ម៉ៅ ម៉េងរ័ត្ន អាយុ ២ឆ្នាំកន្លះ ចំណែកសាកសពសត្វពាហណៈ(គោ)ទាំងចំនួន ២ក្បាលសមត្តកិច្ចកំពុងញាប់ដៃញាប់ជើង ស្រាវជាវ និងបន្តនីតិវិធី។

របាយការណ៍ដដែលបន្តទៀតថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកសត្វគោងាប់ រួចរេចង្កូតធ្លាក់ស្រែជ្រុលបុកចូលផ្ទះបណ្ដាលឲ្យរងរបួសមនុស្សខាងលើ ក្មេងប្រុសរងរបួសធ្ងន់បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយឡែក៖ វត្ថុតាងរថយន្តជំនាញផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានយកទៅរក្សាទុកជាបណ្ដោះអាសន្ន រងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី ៕ ប៉ឹម ពិន


ចែករំលែក៖