ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ យាងជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសម័យប្រជុំដំបូងនីតិកាលទី៤ នៃព្រឹទ្ធសភា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានយាងជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត បើកសម័យប្រជុំដំបូងនីតិកាលទី៤ ព្រឹទ្ធសភា។

ការបើកសម័យប្រជុំលើកដំបូង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ នៃកម្ពុជា ក៏មានការចូលរួមពីឥស្សរជនកំពូលៗ របស់កម្ពុជារួមមាន៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីជាន់ខ្ពស់ និងអង្គទូតនាផងដែរ។

នៅវេលាម៉ោងជិត៩៖៣០នាទីព្រឹកថ្ងៃដដែលនេះ សម័យប្រជុំដំបូងនីតិកាលទី៤ នៃព្រឹទ្ធសភា ត្រូវបានបញ្ចប់ ហើយអង្គព្រះមហាក្សត្រ ទ្រង់បានយាងតាមព្រះទីនាំងរថយន្ត ឆ្ពោះទៅព្រះបរមរាជវាំង វិញផងដែរ។

ខាងក្រោមនេះ ជាកម្មវិធីលម្អិត នៃសម័យប្រជុំដំបូងនីតិកាលទី៤ របស់ព្រឹទ្ធសភា៖

* គោរពភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា

* ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងព្រះរាជសុន្ទរកថា ទៅកាន់សម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៤

* ពិធីថតរូបអនុស្សាវរីយ៍ នៅខាងមុខអាគារក្រហមព្រឹទ្ធសភា

* ព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ និងដំណើរវិលត្រឡប់របស់ភ្ញៀវកិត្តិយសជាតិ និងអង្គទូត

* សម្រាក

* សម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៤ ដឹកនាំដោយប្រធានបណ្តោះអាសន្នព្រឹទ្ធសភា

* ប្រធានបណ្តោះអាសន្នព្រឹទ្ធសភា និងលេខាធិការ ចំនួន៥រូប អញ្ជើញមកកាន់អាសនៈដើម្បីដឹកនាំសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៤

* ប្រធានបណ្តោះអាសន្នព្រឹទ្ធសភា ប្រកាសសុពលភាព នៃអាណត្តិរបស់សមាជិកព្រឹទ្ធសភានីមួយៗ នីតិកាលទី៤

* ដំណើរការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៤

* ប្រធានបណ្តោះអាសន្នព្រឹទ្ធសភា អញ្ជើញប្រធាន អនុប្រធានទី១ អនុប្រធានទី២ព្រឹទ្ធសភាឡើងទៅកាន់អាសនៈ

* ប្រធានព្រឹទ្ធសភាជាប់ឆ្នោតថ្មី នីតិកាលទី៤ ថ្លែងសុន្ទរកថា អរគុណទៅកាន់អង្គព្រឹទ្ធសភា

* ពេលរសៀល

ម៉ោង១៥៖០០នាទី៖ សមាជិក សមាជិកព្រឹទ្ធសភា យាង-អញ្ជើញដល់អគារក្រហមព្រឹទ្ធសភា

ម៉ោង១៥៖១០នាទី៖ អនុប្រធានទី១ អនុប្រធានទី២ព្រឹទ្ធសភា អញ្ជើញដល់អគារក្រហមព្រឹទ្ធសភា

ម៉ោង១៥៖១៥នាទី៖ ប្រធានព្រឹទ្ធសភា អញ្ជើញដល់អគារក្រហមព្រឹទ្ធសភា

ម៉ោង១៥៖២៥នាទី៖ ថ្នាក់ដឹកនាំ និងសមាជិក​ សមាជិកព្រឹទ្ធសភា អញ្ជើញចេញដំណើរពីអគារក្រហមព្រឹទ្ធសភា ឆ្ពោះទៅកាន់ព្រះបរមរាជវាំង

ម៉ោង១៥៖៤០នាទី៖ អញ្ជើញដល់ព្រះបរមរាជវាំង

ម៉ោង១៦៖០០នាទី៖ ពិធីសច្ចាប្រណិធាន៕


ចែករំលែក៖