ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្ដទុកដាក់ពីការលំបាកកម្មករកម្មការិនីធ្វើការនៅម៉ាឡេស៊ី

ចែករំលែក៖

ម៉ាឡេស៊ី៖ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្ដទុកដាក់ពីការលំបាករបស់បងប្អូន កម្មករ កម្មការិនីដែលធ្វើការងារនៅប្រទេសម៉ាឡេស៊ី និងនៅតាមបណ្ដាប្រទេសផ្សេងៗ ជាច្រើនទៀត។ រាជរដ្ឋាភិបាលកម្ពុជាបានគិតគូររិះរកគ្រប់មធ្យោបាយទំនាក់ទំនង ផ្នែកការទូតជាមួយប្រទេសដែលបងប្អូនមកធ្វើការ ដើម្បីឲ្យថ្នាក់ដឹកនាំប្រទេសនោះ គេទទួលស្គាល់ និងឲ្យតម្លៃការងារបងប្អូនបានល្អ។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្រ្តី បានបញ្ជាក់បែបនេះ ខណៈលោកដឹកនាំគណៈ ប្រតិភូកម្ពុជាអញ្ជើញចុះសាកសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូន ពលករ ពលការិនី និងពលរដ្ឋខ្មែរអ៊ិស្លាមប្រមាណ៣០០នាក់ នៅប្រទេសម៉ាឡេស៊ី ក្នុងរដ្ឋ Johor Baharu ដោយមានវត្តមានលោកស្រី រ័ត្ន ម៉ានី ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី និងសហការីអមដំណើរ៧រូបផងដែរ។

ជំនួបនេះ ធ្វើឡើងនៅឯតំបន់ Ulutiram កាលពីព្រឹកថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ដោយមានតំណាង និងបងប្អូនខ្មែរមកពីបណ្តាភូមិ តំបន់ជុំវិញ រដ្ឋ Johor Baharu ដែលអ្នកខ្លះបានមករស់នៅរួមរស់តាំងពីទស្សវត្ស៧០ ទស្សវត្ស៨០ និងជាបន្ដបន្ទាប់។ រដ្ឋ Johor Baharu ជារដ្ឋដែលមានចម្ងាយប្រមាណ ជិត៤០០គីឡូម៉ែត្រ ពីរដ្ឋធានីគូឡាឡាំពួរ ដោយក្តីអបអរសាទរ និងរីករាយជាទីបំផុត។

លោកស្រី រ័ត្ន ម៉ានី ក្នុងនាមជាឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅម៉ាឡេស៊ី លើកឡើងពីគោលជំហ និងតួនាទីរបស់ខ្លួន នឹងឈរលើឆន្ទៈបម្រើប្រជាជនខ្មែរដែលនៅប្រទេសម៉ាឡេស៊ី ស្វាគមន៍ជានិច្ចនូវ រាល់បញ្ហាផ្សេងៗ ដែលពលរដ្ឋជួបប្រទះ ដោយមិនបង្កការប៉ះពាល់ដល់ច្បាប់នៃប្រទេសម៉ាឡេស៊ី ។

លោក អូស្មាន ហាស្សាន់ បានជម្រាបពីភាពរីកចម្រើនគ្រប់បែបយ៉ាង របស់កម្ពុជា ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បើគ្មានការដឹកនាំប្រកបដោយឆន្ទៈមុះមត់ ស្មារតីលះបង់ខ្ពស់ គិតគូរអំពីផលប្រយោជន៍ជាតិជាធំទេ របស់ប្រមុខដឹកនាំទេ គឺកម្ពុជាមិនមែនសម្រេចបានដោយជោគជ័យ ក្លាយទៅជាប្រទេសដែលមានសុខសន្តិភាព សុខដុមបនីយកម្ម និងការអភិវឌ្ឍ សេដ្ឋកិច្ចរីកចម្រើនបានល្អប្រសើរដូចសព្វថ្ងៃនោះទេ។

លោកបានកោតសរសើរដល់ពលករ ពលការិនី និងពលរដ្ឋខ្មែរអ៊ិស្លាមទាំងអស់អ្នក ដែលទទួលបានសញ្ជាតិ និងអ្នកដែលនៅបំពេញការងារ គឺបានសាមគ្គី រួមរស់នៅ ប្រកបដោយសេចក្តីសុខសប្បាយ មិនដែលឮជួបនូវបញ្ហាបង្កការលំបាក នាំភាពខ្វល់ខ្វាយដល់រដ្ឋាភិបាលម៉ាឡេស៊ី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាខ្លួនឯងនោះដែរ គឺជាកសាងកេរ្តិ៍ឈ្មោះមួយយ៉ាងល្អប្រសើរ ជូនប្រជាជាតិកម្ពុជាទាំងមូល។

ជាមួយគ្នានេះដែរ លោក អូស្មាន ហាស្សាន់ និងគណៈ ប្រតិភូ ក្រោយពីបញ្ចប់កម្មវិធី ជួបសំណេះសំណាលរួច ក៏បានបន្តដំណើរទៅតបន់ Sungai Boluh រដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ដែលមានចម្ងាយប្រមាណជាង ៤០០គីឡូម៉ែត្រ ពីរដ្ឋ Johor Baharu ដើម្បីបន្តជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងប្រកបអាជីវកម្ម និងធ្វើការងារនៅតាមបណ្ដាសហគ្រាសធន់តូចមធ្យម និងធំប្រមាណជាង៥០០នាក់ នៅតំបន់នោះផងដែរ៕ សំរិត


ចែករំលែក៖