ព័ត៌មានទាន់ហេតុការណ៍៖

បើសិនគ្មានសុខសន្តិភាពកម្ពុជាមិនអាចអភិវឌ្ឍន៍បានទេនិងប្រជាពលរដ្ឋមិនអាចរស់នៅប្រកបដោយសុខដុមរមនាបានដែរ

ចែករំលែក៖

ខេត្តកំពង់ចាម៖ លោក ហ្សាការីយា អាដាម បានលើកឡើងថា បើសិនគ្មានសុខសន្តិភាព កម្ពុជាមិនអាចអភិវឌ្ឍន៍បានទេ និងប្រជាពលរដ្ឋ មិនអាចរស់នៅប្រកបដោយសុខដុមរមនាបានដែរ។

លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី និងជាចាងហ្វាងរងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាអ៊ិស្លាមកម្ពុជា បានថ្លែងបែបនេះ ខណៈលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ហាហ្វីស (ទន្ទេញ រត់មាត់) គម្ពីរអាល់គួរអាន ជូនដល់សិស្សានុសិស្សដែលបាន បញ្ចប់ការសិក្សាជាស្ថាពរនៅសាលាតះហ្វីហ្ស អាន់នូរ កាលពីរសៀលថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅភូមិទី១៣ ឃុំកោះសុទិន ស្រុកកោះសុទិន ខេត្តកំពង់ចាម ក្រោមវត្តមាន អស់លោកជាមន្ត្រីមូលដ្ឋាន និងមន្ត្រីសាសនិកខ្មែរអ៊ិស្លាមជាន់ខ្ពស់ចូលរួមប្រមាណជាង៤០០នាក់ផងដែរ។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងថា បើសិនកម្ពុជាយើងគ្មានសន្តិភាពទេ នោះគ្មានឡើយការអភិវឌ្ឍផ្សេង គ្មានឡើយការអប់រំ គ្មានឡើយសេចក្ដីសុខ គ្មានឡើយការសើចសប្បាយ គ្មានការវិនិយោគជាដើម។

លោកបន្ដថា រាជរដ្ឋាភិបាលកម្ពជា ដែលដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីស្របច្បាប់ ដែលសម្ដេចតេជោ លោកបានខិតខំប្រឹងប្រែងណាស់ ដើម្បីការពារសន្តិភាពជាតិ ហើយក៍ប្រឹងអភិវឌ្ឍន៍ប្រទេសជាតិមួយនេះ ឲ្យមានការរីកចម្រើនទៅមុខជាលំដាប់។ តួយ៉ាងយើងមើលឃើញពីរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ការកើនឡើងនូវរោងចក្រឧស្សាហកម្ម សិប្បកម្មនានា ការរីកចម្រើនវិស័យទំនើបកម្មកសិកម្ម ការរីកលូតលាស់នូវវិស័យអចលនទ្រព្យ ចលនទ្រព្យនានាជាច្រើន ដែលកំពុងចរាចរណ៍នៅលើដងវិថីនានា ពិសេសឃើញថា វិស័យអប់រំកម្ពុជាយើងកំពុងមានគុណភាពកាន់តែល្អឡើងៗ។

លោកបន្ដថា ដោយសារតែរដ្ឋាភិបាលកម្ពុជាបើកឱកាសទូលាយបំផុត សម្រាប់ប្រជាពលរដ្ឋ និងសាសនិកនានា ក្នុងនោះរួមមានសាសនិកអ៊ិស្លាម ទើបក្មួយបានសិក្សារៀនសូត្រនូវផ្នែកចំណេះដឹងទូទៅ និងផ្នែកសាសនា អ៊ិស្លាមយ៉ាងសប្បាយរីករាយ ដោយគ្មានបារម្ភណ៍ភ័យខ្លាចអ្វីឡើយ។ មិនតែប៉ុណ្ណោះ កូនខ្មែរអ៊ិស្លាមមិនតិចទេ ដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សាផ្នែកចំណេះជំនាញ និងចំណេះដឹងសាសនាអ៊ិស្លាមទាំងក្នុង និងក្រៅប្រទេស ដែលនេះជាធនធានមនុស្សដ៏សំខាន់មួយ ដែលជាចំណែកនៃសសរទ្រូងប្រទេសជាតិ ក្នុងការឆ្ពោះទៅរកការអភិវឌ្ឍ ប្រទេសជាតិឲ្យមានការរីកចម្រើនទៅមុខមិនឲ្យចាញ់បរទេសឡើយ។

លោកបានបញ្ជាក់ថា កម្ពុជាធ្លាប់រងគ្រោះដោយសារសង្រ្គាមញាំញីកន្លងមក ដែលបានបំផ្លាញគ្រប់យ៉ាងមកហើយ ដោយបានសម្លាប់មនុស្សអស់ជាច្រើននាក់។ យ៉ាងដូច្នេះ រដ្ឋាកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ មិនអនុញ្ញាតឲ្យកម្ពុជាដើរលើគន្លងផ្លូវចាស់ជាដាច់ខាត ពោលគឺមិនអាចឲ្យកម្ពុជាក្លាយជាប្រទេសនៅលើសមរភូមិទៀតឡើយ មិនអាចឲ្យកម្ពុជារងគ្រោះ ដូចប្រទេសនៅមជ្ឈិមបូព៌ាជាដាច់ខាត៕ សំរិត


ចែករំលែក៖