ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងផលិតទឹកម្ទេស ទឹកសៀង បង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋមួយកន្លែង ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ ទុកពេលឲ្យ៤ថ្ងៃទៀត តម្រូវឲ្យបិទអាជីវកម្មជាស្ថាពរ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ អាជ្ញាធរខណ្ឌមានជ័យ ទទួលបានសំណូមពរពីបងប្អូនប្រជាពលរដ្ឋ និង មានការបញ្ជាផ្ទាល់ពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ។

លុះវេលាម៉ោង ៩ព្រឹក លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងមន្រ្តីជំនាញ អង្គភាពមន្ទីរពាក់ពន្ធ័ ចុះត្រួតពិនិត្យ ទីតាំងផលិត ទឹកម្ទេស ទឹកសៀង ដែលបង្កការប៉ះពាល់ សុខភាព ដល់ប្រជាពលរដ្ឋក្នុងក្រុមទី៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានៅភ្នំពេញ។

សូមបញ្ជាក់ថា ទីតាំងផលិតទឹកម្ទេស ទឹកសៀង ប្រេងខ្យង ដែលកន្លងមកគណៈកម្មការចម្រុះ រួមទាំងមន្រ្តីជំនាញ បានចុះត្រួតពិនិត្យ លើផលប៉ះពាល់ តាំងពីថ្ងៃ ១៥ ខែធ្នូ ឆ្នាំ២០១៧ ម្តងរួចមកហើយ ដោយទុក រយៈពេល ៦០ថ្ងៃ ក្នុងការរុះរើ និងប្តូរទីតាំងថ្មី ក្រោយមន្រ្តីជំនាញ និង បច្ចេកទេស បានរកឃើញផលប៉ះពាល់ មាន៦ចំណុច រួមមាន៖

_ ចំហាយទឹកម្ទេស ចេញពីឡចំហុយ បង្កជាក្លិន ឈួលខ្លាំង ស្ទើរទ្រាំពុំបានដល់អ្នករស់នៅជិតខាង រហូតកន្លងមកធ្លាប់មានអ្នកឈឺជាបន្តបន្ទាប់ ព្រោះតែសុខភាពខ្សោយ មិនអាចទ្រាំទ្រក្លិនឈួលនេះបាន ។

_ អំរែងភ្លើងហុយចេញពីឡចំហុយ ហុយចូលផ្ទះបងប្អូនប្រជាពលរដ្ឋ ។

_ សម្លេងរ៉ឺម៉កម៉ូតូដឹកអីវ៉ាន់ ពុំមានស៊ីម៉ាំងត្រឹមត្រូវ ។

_ កម្មករដាក់អីវ៉ាន់ពេលយប់ មានសម្លេងរំខានស្រែកឡូឡាដល់អ្នកជិតខាង ។

_ មិនមានស្តង់ដារផលិតតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ ។

_ យានយន្តចតដឹកផលិតផល ចតលើផ្លូវបង្កការស្ទះចរាចរណ៍ ។

ដូច្នេះហើយ ដោយក្រុមការងារ និង មន្រ្តីជំនាញ បានទទួលការដឹកនាំផ្ទាល់ពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ តម្រូវឲ្យបិទអាជីវកម្ម ផលិតទឹកម្ទេស ទឹកសៀង មិនឲ្យប្រកបអាជីវកម្មទៅពេលខាងមុខ ទៀតត្រឹមថ្ងៃ សុក្រទី ២៧ ខែមេសា ឆ្នាំ ២០១៨ ជាស្ថាពរតែម្តង ដែលទីតាំងនេះ មានម្ចាស់អាជីវកម្ម ឈ្មោះ សេង រដ្ឋា បានឯកភាព បិទ និងរុះរើ មិនឲ្យហួសពីថ្ងៃសុក្រ តាមការស្នើសុំរបស់អាជ្ញាធរខណ្ឌ និង មន្រ្តីជំនាញ របស់មន្ទីរពាក់ពន្ធ័ឡើយ ៕ តាឡឹម


ចែករំលែក៖