ខេត្តស្វាយរៀង ៖ នារីវ័យក្មេងម្នាក់បាន ទៅពឹងពរកបុរសម្នាក់ដែលតាំងខ្លួនជាអ្នកសច្ចំមានបារមីខ្ពស់ជួយមើលជំងឺ និងដាក់ ស្នេហ៍ស្រាប់តែត្រូវគ្រូបោកប្រើល្បិចឱ្យនាងលាត់អាវឱ្យគ្រូបៀតបៀន និងប្រុងចាប់ រំលោភធ្វើឱ្យនារីរងគ្រោះមានអារម្មណ៍ថា ចាញ់ល្បិចគ្រូបោកទើបប្រញាប់ស្ទុះរត់ចេញទៅប្តឹងសមត្ថកិច្ចចុះឃាត់ខ្លួនគ្រូស្នេហ៍យកទៅសួរនាំ និងចាត់ការតាមច្បាប់ ។
ករណីឃាត់ខ្លួនគ្រូស្នេហ៍ប៉ុនប៉ងរំលោភនារីវ័យក្មេងនេះបានធ្វើឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៨ នៅក្នុងអាស្រមគ្រូស្នេហ៍កំហូចខាងលើ ស្ថិតក្នុងភូមិព្រៃ រលួស ឃុំចន្ត្រី ស្រុករមាសហែក ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសដែលតាំងខ្លួនជាគ្រូស្នេហ៍កេងបន្លំចង់ រំលោភនារីវ័យក្មេងខាងលើឈ្មោះ កឹម ស៊ាម មានទីលំនៅក្នុងភូមិ-ឃុំ ដែលសមត្ថកិច្ចឃាត់ខ្លួន។ ចំណែកនារីរង គ្រោះមានអាយុ២០ឆ្នាំ ។
បើតាមសម្តីនារីរងគ្រោះបានរៀបបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ដោយសារតែនាងចង់ដឹងពីគូព្រេងនឹងមកដល់នៅពេលណាទើបនាងស្កាត់ទៅរក ជនសង្ស័យឈ្មោះ កឹម ស៊ាន ដែលតាំងខ្លួន ជាគ្រូសច្ចំមានបារមីយាយម៉ៅ ព្រះគោព្រះ កែវ បារមីស្តេចដំរីស បារមី លោកតាដំបង គ្រញូងដែលមានអាស្រមនៅឆ្ងាយពីភូមិ បន្តិចដើម្បីឱ្យគន់គូរទស្សន៍ទាយមើល ។
នារីរងគ្រោះបានបន្តថា លុះពេលទៅ ដល់អាស្រមគ្រូស្នេហ៍មានតែរូបនាងនិងគ្រូស្នេហ៍រូបនេះប៉ុណ្ណោះ ហើយបន្ទាប់ពីសួរនាំដឹងពីបំណងរបស់នាងដែលចង់មកពឹងពគ្រូស្នេហ៍រួចហើយគ្រូស្នេហ៍កំហូចរូបនេះបានប្រាប់ឱ្យនាងអង្គុយបែរខ្នងទៅរកគ្រូ។ បន្ទាប់មកគ្រូកំហូចរូបនេះបានប្រឡេះឡេវអាវទ្រនាប់របស់នាងចេញរួចហើយប្រាប់ឱ្យនាងបែរមុខទៅរកគ្រូវិញ។ គ្រាន់តែនាងបែរមុខទៅរកគ្រូសឹងមិនទាន់ផងស្រាប់តែគ្រូស្នេហ៍រូបនេះលាត់អាវនាងឡើងរួចចាប់ច្របាច់សុដន់នាងបន្ទាប់មកក៏បឺតជញ្ជក់ដោះនាងទៀត។ ពេលនោះនាងសួរថា លោកគ្រូចង់ធ្វើអី្វ? គ្រូបោកប្រាស់ប្រាប់ថា នេះជាវិធីបញ្ចូលស្នេហ៍របស់គ្រូ ។
នាងរងគ្រោះបានបញ្ជាក់ថា ដោយសារតែឃើញទង្វើរបស់គ្រូស្នេហ៍រូបនេះមិនល្អ និងកំពុងប៉ុនប៉ងចាប់រំលោភសេពសន្ថវៈនាងទើបនាងបានស្ទុះរត់ចេញមកក្រៅរួចក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយធ្វើអន្តរាគមន៍ ដោយបន្សល់ទុកស្បែកជើងពណ៌ផ្កាឈូក១គូ និងម៉ូតូ១គ្រឿងនៅអាស្រមលោកគ្រូ ស្នេហ៍នោះ ។
ក្រោយពីទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះសមត្ថកិច្ចបានចុះទៅធ្វើអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ និងបានឃាត់ខ្លួនជនសង្ស័យដែលតាំងខ្លួនជាគ្រូស្នេហ៍ យកទៅសួរនាំ និងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ហេង នរិន្ទ្រ