ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកក៏ចេះខ្លាចពលរដ្ឋចិនធ្វើពហិការមិនប្រើផលិតផលអាមេរិកដែរ?

ចែករំលែក៖

ក្រុមអ្នកឯកទេសវិភាគបានលើក ឡើងថា អាមេរិកក៏ចេះខ្លាចផ្ទុះសង្គ្រាម ពាណិជ្ជកម្មជាមួយចិន នោះដែរ ហើយ ខ្លាចចិន ធ្វើពហិការមិនប្រើប្រាស់ផលិត ផលអាមេរិកនោះ នឹងធ្វើឲ្យអាមេរិកត្រូវ ខាតបង់ជាច្រើន។ ចិនជាប្រទេសដែល មានពលរដ្ឋ រស់នៅជុំវិញពិភពលោកច្រើនជាងគេបង្អស់ ហើយសេដ្ឋកិច្ចចិនក៏រីក ចម្រើន ផងដែរអាចទប់ទល់នឹងសង្គ្រាម ពាណិជ្ជកម្មជាមួយអាមេរិក បានគ្រប់ ពេល។

ក្រោយពេល អង្គការធំៗ និង ប្រទេស ជុំវិញពិភពលោកព្រួយបារម្ភ ពីសង្គ្រាម ពាណិជ្ជកម្មអាមេរិក-ចិនកើតឡើង។ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងធនា គារពិភពលោក បានបញ្ចប់កិច្ចប្រជុំកាលពី២២ខែមេសា នៅទីក្រុងវ៉ាស៊ីនតោនសហ រដ្ឋអាមេរិក ហើយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិកប្រកាសថា លោកអាចនឹងទៅធ្វើ ទស្សនកិច្ចនៅប្រទេសចិននាពេលខាង មុខ ដើម្បីធ្វើកិច្ចពិភាក្សាលើរឿងសង្រ្គាមពាណិជ្ជកម្មរវាងចិននិងអាមេរិក។

នៅក្នុងកិច្ចប្រជុំ IMFនិងធនាគារពិភព លោក ប្រធាន IMFលោកស្រី Christine Lagardeបានសម្តែងនូវការព្រួយបារម្ភ ចំពោះបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងចិន នឹងអាមេរិកដែលអាចជះឥទ្ធិពលទៅលើការស្ដារសេដ្ឋកិច្ចពិភពលោក។

អង្គការអន្តរជាតិ IMF បានព្យាករថា នៅឆ្នាំ២០១៨ សេដ្ឋកិច្ចពិភពលោកនឹង មានការកើនឡើងនូវផលិតផលក្នុងស្រុក (GDP) សរុប ៣,៩ភាគរយ។ ប៉ុន្តែចំពោះ រឿងនេះ លោកស្រី Lagarde បានលើក ឡើងថា ជម្លោះពាណិជ្ជកម្មអាចនឹងធ្វើឲ្យប៉ះពាល់ដល់កំណើននេះ ហើយលោកស្រីបានជំរុញឲ្យប្រទេសនានាចៀសវាងការការពារនិយម។

លោកស្រី Lagarde បានគូសបញ្ជាក់ ផងដែរថា ការដាក់ពន្ធគយដែលមានតម្លៃរាប់សិបពាន់លានដុល្លាររវាងចិននឹងអាមេរិកអាចនឹងមិនប៉ះពាល់ដោយផ្ទាល់ដល់សេដ្ឋកិច្ចពិភពលោកនោះទេ ប៉ុន្តែវាអាចធ្វើឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលវែងដោយសារបញ្ហានេះនឹងកាត់បន្ថយទំនុកចិត្តរបស់វិនិយោគិន។

នៅក្នុងកិច្ចប្រជុំនេះ ប្រទេសមួយចំនួន បាន រិះគន់យ៉ាងខ្លាំងចំពោះវិធានការដំឡើងពន្ធគយរបស់អាមេរិក ប៉ុន្តែរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin បានទទូចថា អាមេរិកមិនមែនព្យាយាមធ្វើឲ្យមានសង្គ្រាមពាណិជ្ជកម្មសកលនោះទេ អាមេរិកគ្រាន់តែចង់បង្កើតនូវភាពយុត្តិធម៌សម្រាប់ការធ្វើពាណិជ្ជកម្មរបស់ខ្លួនប៉ុណ្ណោះ។ លោក Mnuchin បានបន្ថែមទៀតថា នេះមិនមែនជារឿងការពារនិយមនោះ ទេ។

ទោះជាយ៉ាងណាក្តី មិនយូរប៉ុន្មានបន្ទាប់ពីការធ្វើអធិប្បាយរបស់លោកស្រី Lagarde លោក Mnuchin បានលើកឡើងថា លោកនឹងពិចារណាធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិន ក្នុងគោលបំណងធ្វើកិច្ចចរចាដើម្បីដោះស្រាយបញ្ហាសង្រ្គាមពាណិជ្ជកិច្ចរវាងប្រទេសទាំងពីរ។

កាលពីថ្ងៃអាទិត្យកន្លងមកនេះ ភាគី ចិនក៏បានសម្តែងនូវការគាំទ្រនិងស្វាគមន៍ចំពោះការធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោក Mnuchin ផងដែរ។

ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅតាម បណ្តាញសង្គមរបស់ចិន គេបានសង្កេត ឃើញ មានលេចឡើងនូវសារអំពាវនាវ ឲ្យប្រជាជនចិន នាំគ្នាធ្វើពហិការ ឈប់ ប្រើផលិតផលរបស់អាមេរិក តទៅទៀត។ ការអំពាវនាវ ឲ្យធ្វើពហិការនេះ គឺធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលអាមេរិក ទើបតែបាន ប្រកាសសង្រ្គាមពាណិជ្ជកម្ម ជាមួយចិន ដោយបានកំណត់ដំឡើងពន្ធនាំចូលយ៉ាងធ្ងន់ ទៅលើផលិតផលចិន មានដូចជា ដែកថែបជាដើម។ តើការឆ្លើយតបវិញ ដោយការធ្វើពហិការ ពីសំណាក់ ប្រជាជន ចិននេះ អាចមានផលប៉ះពាល់កម្រិតណា ដែរ?

“ជនរួមជាតិទាំងអស់ ក្រោកឡើង ត្រូវ តែឈប់ប្រើផលិតផលអាមេរិក ហើយងាក មកប្រើប្រាស់ ផលិតផលក្នុងស្រុកវិញ ដើម្បីការពារមហាកំផែងសេដ្ឋកិច្ច របស់ យើង!”។ នេះគឺជាសម្រង់សារអំពាវនាវ ដែលគេបានចែកចាយតៗគ្នា នៅលើ បណ្តាញសង្គម WeChat នៅចិន។ សារ ជាច្រើនទៀត ដែលមានខ្លឹមសារប្រហាក់ ប្រហែលនេះ ក៏ត្រូវបានគេចែកចាយ នៅលើបណ្តាញWeibo ដែរ។ ដូចគ្នានេះ ដែរ កាសែតជាតិនិយមចិន ឈ្មោះ Global Times បានសរសេរថា៖ “អំណាចទិញ របស់ប្រជាជនចិន ជាពិសេសប្រជាជនចិន ដែលរស់នៅបរទេស គឺមានទំហំធំ ណាស់។ ដូច្នេះបើយើងស្រាក់គ្នា នោះ យើងអាចវាយបំបាក់ ឲ្យសេដ្ឋកិច្ចរបស់ អាមេរិក ឈឺបានដោយងាយ។”

ជាការពិតណាស់ចិនជាទីផ្សារធំំ ណាស់ តែសួរថា តើសារអំពានាវ ឲ្យ ធ្វើពហិការ ឈប់ប្រើផលិតផលអាមេរិក នេះ អាចទៅរួចដល់កម្រិតណា? តើប្រជា ជនចិន អាចសុខចិត្ត ឈប់ប្រើផលិតផល របស់ក្រុមហ៊ុន Appel និង Google ឬឈប់ បរិភោគ ចំណីអាហារ លក់នៅហាង McDonald KFC ឬ Dunkin’ Donuts ដែរ ឬទេ?

លោក Wang Zhiyi រស់នៅទីក្រុង ប៉េកាំង ដែលតែងតែទៅបរិភោគ Humburger នៅMcDonald បាននិយាយថា លោកក៏បានទទួលសារអំពាវនាវទាំងនោះដែរ។ តែលោកយល់ថា វាជារឿងគ្មាន ប្រយោជន៍ ព្រោះមនុស្សដែលចែកចាយសារបំផុសបំផុលទាំងនោះ គ្មានចង់បាន អ្វីក្រៅតែពីចង់ល្បី ចេញមុខចេញមាត់ តែប៉ុណ្ណោះ។ លោកលើកឡើងថា សម្ភារ ឬនំចំណីស្លាកយីហោរបស់អាមេរិកទាំងនេះ មិនមែនតំណាងឲ្យអំណាចចក្រពត្តិ របស់អាមេរិកនោះទេ។

ចំណែកលោក Ben Cavender អ្នក ជំនាញសេដ្ឋកិច្ច នៅChina Market Research Group នៅសៀងហៃ បានលើក ឡើងថា ការធ្វើពហិការឈប់ប្រើផលិត ផលអាមេរិក គឺជារឿងពិបាកធ្វើណាស់។ បើតាមការវិភាគរបស់លោក ទោះបីជា មានសារអំពាវនាវ បំផុសបំផុល តាម បណ្តាញសង្គមនៅចិនក៏ដោយ តែការ ទំនាក់ទំនងការងារ រវាងបុគ្គលិក ក៏ដូច ជាក្រុមហ៊ុនចិន នឹងអាមេរិក គឺនៅតែ ល្អប្រសើរដដែល។ ក៏ប៉ុន្តែលោក Jim Boyce អ្នកជំនាញពាណិជកម្មស្រាទំពាំងបាយជូរ ទទួលស្គាល់ថា ស្រាទំពាំងបាយ ជូរ នាំចូលពីអាមេរិកកំពុងតែជួបបញ្ហា ដោយសារតែរដ្ឋាភិបាលចិន បានសម្រេច ដំឡើងពន្ធបន្ថែម១៥%ទៀត៕ ម៉ែវ សាធី

 

 


ចែករំលែក៖