ខេត្តរតនគិរី៖ គោយន្តកែច្នៃ១គ្រឿង ខណៈអ្នកបើកបរងងុយដេកមួយភាំងបើកធ្លាក់ផ្លូវក្រឡាប់ផ្ងារកង់ទ្រមេឃ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនិងអ្នកដទៃឡើយ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១.៣០នាទីរសៀល ថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៧៨ត្រង់ចំណុចក្បែរសាលារៀនបូរីកម្មករមួយ ស្ថិតក្នុងភូមិ១ សង្កាត់កាចាញក្រុងបានលុង ខេត្តរតនគិរី។
តាមការបញ្ជាក់ពីអ្នកបើកបរគោយន្តកែច្នៃខាងលើបានឲ្យដឹងថា គាត់ឈ្មោះ វី សា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មិនមានរងរបួសធ្ងន់ធ្ងរនោះទេ ហើយបច្ចុប្បន្នស្នាក់នៅក្នុងក្រុងបានលុង ខេត្តរតនគិរី។
លោកបន្តថាមុនពេលកើតហេតុរូបគាត់បានបើកគោយន្តចេញពីស្រុកលំផាត់ចូលមកក្រុងបានលុងមិនទាន់ដល់ផ្ទះផងងងុយដេកមួយភាំងក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់តែម្តង។
ក្រោយពេលកើតហេតុ គេឃើញមន្ត្រីនគរបាលប៉ុស្តិ៍កាចាញ ចុះមកសួរនាំ ហើយត្រឡប់ទៅវិញទុកឲ្យម្ចាស់គោយន្តខាងលើ ហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕ ជីវន្ត