ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីធនធានទឹក អនុញ្ញាតឲ្យលោក លូ គុយហ្វារ អនុរដ្ឋមន្ត្រីក្រសួងធនធានទឹកចិន ចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញៈ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារ ១០ កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ បានអនុញ្ញាតឲ្យលោក លូ គុយហ្វារ (HE. LU GUIHUA) អនុរដ្ឋមន្ត្រីក្រសួងធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

លោក លឹម គានហោ បានលើកឡើងនូវមតិស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់លោកមអនុរដ្ឋមន្ត្រីក្រសួងធនធានទឹកចិន និងគណៈប្រតិភូ នៅក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា។ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអរគុណ ចំពោះភាគីមិត្តចិន ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍនៅព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងដោយឡែកលើការអភិវឌ្ឍវិស័យធនធានទឹក នៅកម្ពុជា លោក លូ គុយហ្វារ អនុរដ្ឋមន្ត្រីក្រសួងធនធានទឹកចិន បានលើកឡើងថា ក្នុងនាមជាបងប្អូន ប្រទេសចិន តែងតែគិតគូ និងជួយជំរុញជានិច្ច ឲ្យកម្ពុជាមានការរីកលូតលាស់ ។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានលើកឡើងព្រមៗគ្នាដែរថា កម្ពុជា-ចិន មានទំនាក់ទំនងល្អជាមួយគ្នាតាំងពីយូរលង់ណាស់មកហើយ ពិសេស ទំនាក់ទំនងរវាងសម្តេចព្រះបរមរតនកោដ្ឋ ជាមួយឯកឧត្តម ម៉ៅ សេទុង ហើយបច្ចុប្បន្នទំនាក់ទំនង រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ ទន្ទឹមនេះ ក្រសួងធនធានទឹក នៃប្រទេសទាំងពីរ ត្រូវតែបន្តប្រពៃណីដ៏ល្អនេះ ឲ្យកាន់តែខ្លាំងក្លា និងរឹងមាំបន្ថែមទៀត ។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើឯកសារប្រគល់ទទួលឧបករណ៍មន្ទីរពិសោធន៍ សម្រាប់វិទ្យាស្ថានធនធានទឹក នៅកម្ពុជា និងស្តាប់បទបង្ហាញរបស់អ្នកបច្ចេកទេស ស្តីពី លទ្ធផលបឋមនៃការសិក្សាប្លង់មេ ស្តីពីផែនការគម្រោងធនធានទឹក នៅកម្ពុជា និងលទ្ធផលនៃការផ្គត់ផ្គង់ឧបករណ៍មន្ទីរពិសោធន៍ សម្រាប់វិទ្យាស្ថានធនធានទឹកនៅកម្ពុជា ព្រមទាំងបានណែនាំដល់អ្នកបច្ចេកទេស នៃក្រសួងទាំងពីរ​ ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែខ្លាំងក្លា ជិតស្និទ្ធបន្ថែមទៀត សំដៅធ្វើយ៉ាងណាឲ្យគម្រោងប្លង់មេ ស្តីពីការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ក្លាយជាផែនទីចង្អុរផ្លូវមួយដ៏ល្អ សម្រាប់រៀបចំផែនការគ្រប់គ្រងធនធានទឹក នៅព្រះរាជាណាចក្រកម្ពុជា៕


ចែករំលែក៖