ភ្នំពេញ៖ នៅម៉ោងជាង៦នៅព្រឹក ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូអញ្ជើញដល់ព្រលានយន្តហោះ ណារីតា ប្រទេសជប៉ុន ដោយសុវត្ថិភាព ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅប្រទេសជប៉ុន ចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។
ដំណើរទស្សនកិច្ចនេះ ដើម្បីពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅលើការយល់ដឹងពីទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ក្រោមកម្មវិធីផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតអ្នកអនុវត្ត (Program for Strategic Exchanges on Practical Level-STEP) ។
សូមជម្រាបជូនថា ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសជប៉ុននេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាល ក្រសួងការបរទេស ក្រសួងការពារជាតិ កងស្វ័យការពារ និងគណបក្សប្រជាធិបតេយ្យសេរី ព្រមទាំងជួបពិភាក្សាការងារជាមួយឥស្សរជន និងសមាជិកសភារបស់ជប៉ុនមួយចំនួនទៀតផងដែរ។
ក្នុងដំណើរអញ្ជើញដល់ព្រលានយន្តហោះណារីតា ប្រទេសជប៉ុន គេសង្កេតឃើញមានវត្តមានតំណាងក្រសួងការបរទេសជប៉ុន និងវត្តមានលោកជំទាវឯកអគ្គរាជទូតនៃព្រះរាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានមកទទួលស្វាគមន៍ចំពោះវត្តមានរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនក្នុងពេលនេះផងដែរ៕ សហការី