ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រវឹងស្រឿងៗចាប់ឱបថើប ខាងស្រីប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសនារីមួយគូបានស្រឡាញ់គ្នាជិតមួយឆ្នាំមកហើយ តែមិនបានឈានដល់ការជ្រុលជ្រួសស៊ីជម្រៅទេ គ្រាន់តែប៉ះពាល់រាងកាយខាងក្រៅប៉ុណ្ណោះ ព្រោះខាងស្រីតែងតែមកធ្វើម្ហូបឲ្យខាងប្រុសដល់ក្នុងបន្ទប់ជាញឹកញយ ស្រាប់តែត្រូវឪពុកម្តាយខាងស្រីដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចចាប់ខាងប្រុសពីបទ «បៀតបៀនកេរ្តិ៍ខ្មាស»។ ហេតុការណ៍ប្តឹងឲ្យចាប់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យមានឈ្មោះ ម៉ម កល្យាណ ហៅយ៉ាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណែកនារីរងគ្រោះមានឈ្មោះ ល.ស.ម. អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

បើតាមចម្លើយរបស់ជនសង្ស័យបានឲ្យដឹងថា រូបគេពិតជាបានប្រព្រឹត្តិលើរូបនារីរងគ្រោះខាងលើពិតប្រាកដមែន ព្រោះតែនារីខាងលើ និងរូបគាត់ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាជិតមួយឆ្នាំមកហើយ ដោយធ្លាប់ណាត់គ្នាដើរលេងជាច្រើនដងរាប់មិនអស់ និងធ្លាប់មកធ្វើម្ហូបឲ្យគាត់ហូបសឹងរាល់ថ្ងៃ ព្រោះគាត់មិនចេះធ្វើម្ហូបទេ ហើយនៅមុនពេលកើតហេតុ វេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ គាត់បានទូរស័ព្ទហៅនារីរងគ្រោះមកធ្វើម្ហូបឲ្យហូបបានថ្ងៃត្រង់ បន្ទាប់មកនាងក៏បានត្រឡប់ទៅផ្ទះវិញ ។ លុះនៅវេលាម៉ោង៥ល្ងាចថ្ងៃដដែល បានហៅនាងមកធ្វើម្ហូបម្ដងទៀត ថែមទាំងហូបស្រាបៀរជាមួយមិត្តភក្តិពីរនាក់ផ្សេងទៀត សរុបទាំងអស់៤នាក់ ស្រី២នាក់ ប្រុស២នាក់ គឺផឹកស៊ីរហូតដល់ម៉ោង០៩យប់ អស់ស្រាបៀរជាងកន្លះកេស ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីផឹកស៊ីរួច មិត្តភក្ដិស្រីប្រុស២នាក់បានចេញទៅក្រៅបាត់ នៅសល់តែរូបគាត់បានដេកឱបថើបស្ទាបអង្អែលសព្វរាងកាយនារីរងគ្រោះខាងលើ តែមិនបានរួមរក្សឡើយដោយភាគីខាងស្រីឲ្យតែស្ទាបអង្អែល និងថើបគឺមិនឲ្យរួមរក្សទេ ហេតុតែចិត្តស្រឡាញ់ចង់បានជាគូអនាគត ក៏ព្រមធ្វើតាម ។ ពេលដែលគាត់ចាប់ឱបថើបនោះ នារីរងគ្រោះមិនបានប្រកែកទេ គ្រាន់តែប្រាប់ថា មិនឲ្យរំលោភតែប៉ុណ្ណោះ ។ លុះពេលព្រឹកឡើងរូបគាត់បានបញ្ជាក់ប្រាប់នារីរងគ្រោះម្តងទៀតថា ខ្ញុំស្រលាញ់ បើចង់ប្តឹងក៏ប្តឹងទៅខ្ញុំមិនរត់ទេ ។

តែបើតាមសំដីនារីរងគ្រោះវិញបាននិយាយប្រាប់ថា នាង និងជនសង្ស័យបានរាប់អានគ្នាស្រឡាញ់ទុកដូចជាបងប្រុស នាងតែងតែទៅធ្វើម្ហូបឲ្យហូបជាញឹកញាប់ ។

មុនពេលកើតហេតុនាងបានទៅធ្វើម្ហូបឲ្យហូបផឹកស៊ីជាមួយមិត្តភក្កិ២នាក់ទៀត ពេលផឹកស៊ីចប់ហើយមិត្តភក្តិបានចេញទៅបាត់ ស្រាប់តែជនសង្ស័យបានបិទទ្វារ ហើយចាប់ឱបថើបនាងតែម្តង ដោយរើមិនរួច នាងបាននិយាយយករួចខ្លួនថា បើស្រលាញ់គេមិនធ្វើអញ្ចឹងទេ គឺគេចូលស្តីតាមប្រពៃណី តែនាងបានប្រាប់ជាជាច្រើនដងហើយថា សុំរាប់អានចាត់ទុកជាបងប្រុសតែប៉ុណ្ណោះ ។ ពេលព្រឹកនាងបានប្រាប់ថា ឈប់មកជាន់នៅទីនេះទៀតហើយ ព្រោះស្អប់អំពើថោកទាបបែបនេះ ។ បន្ទាប់ពីត្រូវជនសង្ស័យបំពានរូបរាងកាយនាងមិនហ៊ានប្រាប់ឪពុកម្ដាយទេ តែបានប្រាប់មិត្តភក្ដិ ក៏ត្រូវមិត្តភក្ដិទូរស័ព្ទប្រាប់ឪពុកម្ដាយនាងឲ្យដឹង ហើយឪពុកម្តាយនាងបានមកពីស្រុក ហើយនាំនាងទៅប្តឹងសមត្ថកិច្ច ។

បន្ទាប់ពីនារីរងគ្រោះដាក់ពាក្យបណ្តឹងហើយ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅ២ បានចុះទៅឃាត់ជនសង្ស័យយកមកសាកសួរ នឹងកសាងសំណុំរឿងបញ្ជូនទៅជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖