ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ធ្វើការឃាត់ខ្លួន ខណៈដែលដឹកនាំកម្លាំងចុះល្បាត បានប្រទះឃើញជនសង្ស័យគួរឲ្យសង្ស័យ លុះត្រួតពិនិត្យ​ស្រាប់តែរកឃើញមានគ្រឿងញៀនជាប់នឹងខ្លួន។

ការឃាត់ខ្លួននេះធ្វើឡើងនៅ១១និង៣០នាទីព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមាត់ទន្លេ ផ្លូវលំ ក្រុម២៥ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះមានឈ្មោះ ង៉ាន ចន្ធី ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៨២៦ ក្រុម២៥ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតបាន ក្រាមពណ៌សថ្លា ចំនួន១កញ្ចប់ថង់តូច និងទូរសព្ទដៃចាស់១គ្រឿង ហើយបើតាមចម្លើយសារភាព គឺថ្នាំញៀន១កញ្ចប់នេះ ជនសង្ស័យបានទិញពីគេក្នុងតម្លៃ៤ម៉ឺនរៀល។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ធ្វើការសាកសួរនិងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕ តាឡឹម


ចែករំលែក៖