ភ្នំពេញ៖ ស្ថានីយបូមទឹកលូ៥ គឺជាស្ថានីយបូមទឹកថ្មីមួយទៀតក្នុងចំណោយស្ថានីយជាច្រើនទៀត ដែលរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងស្ថាបនាឡើង ដើម្បីបូមទឹករំដោះការលិចលង់ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ហើយបើតាមគម្រោងស្ថានីយបូមទឹកលូ៥នេះគ្រោងនឹងបញ្ចប់ការដ្ឋានរបស់ខ្លួននៅក្នុងរយៈពេល៤ខែទៀត។
នេះបើតាមការបញ្ជាក់ពីលោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានី កាលពីល្ងាចថ្ងៃទី២៤ មេសា ឆ្នាំ២០១៨ ក្រោយពីបញ្ចប់ នៃកិច្ចប្រជុំពិភាក្សារវាងអាជ្ញាធរខណ្ឌនិងមន្ត្រីជំនាញដើម្បីពិភាក្សា រកដំណោះស្រាយស្តីពីស្ថានភាពប្រឡាយបង្ហូរទឹកស្អុយនានា នៅក្នុងរាជធានីភ្នំពេញ ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
លោកម៉េត មាសភក្តីបានលើឡើងថា៖ ក្នុងកិច្ចប្រជុំនោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យក្រុមការងារស្ថាបនាស្ថានីយបូមទឹកលូ៥នេះ រុះរាន់ស្ថាបនា ឲ្យបានលឿនទៅតាមគម្រោង ពោលគឺ៤ខែទៀតស្ថានីយបូមទឹកលូ៥ត្រូវរួចរាល់ ដើម្បីបូមទឹករំដោះការលិចលង់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋនៅក្នុងភូមិទ្រា សាលាបឋមសិក្សាស ឡា។ ក្រៅពីជម្រុញការងារការដ្ឋានស្ថានីយបូមទឹកលូ៥ ហើយលោកឃួង ស្រេងក៏បានជម្រុញអោយមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌធ្វើការស្តាលូ អណ្តូងលូនៅតាមតំបន់ស ឡាផងដែរ ដោយបើកយុទ្ធនាកាល ដូចការស្តា លាងអណ្តូងលូ៤ខណ្ឌកណ្តាលក្រុងអញ្ចឹងដែរ ។ ការជំរុញឲ្យបន្ថែមអណ្តូងលូនៅបណ្តោយផ្លូវ៣៧១។ ការស្តាប្រឡាយស្ទឹងមានជ័យអោយបានលឿន ខណៈការដ្ឋានប្រឡាយស្ទឹងមានជ័យនេះ សម្រេចកាេងារបាន១ភាគ៣នៃគ្រោង និងកាយសម្រាមចេញពីក្នុងប្រឡាយអស់រាប់ម៉ឺនតោនហើយនោះ។
សូមបញ្ជាក់ថា៖ ការដ្ឋានស្ថាបនាស្ថានីយបូមទឹកលូ៥ ត្រូវបានបើកការដ្ឋានស្ថាបនាកាលថ្ងៃទី១៦ មីនាឆ្នាំ២០១៨ក្រោមវត្តមានលោក ឃួង ស្រេង អភិបារាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅចំណុចមុំបី ចំណុចប្រសព្វ៣ខណ្ឌ គឺខណ្ឌមានជ័យ ពោធិសែនជ័យនិងខណ្ឌដង្កោ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកជំនន់ទឹកភ្លៀងចេញពីតំបន់ជាច្រើននៅក្នុងខណ្ឌទាំង៣នេះតែម្តង។
ស្ថានីយបូមទឹកលូ៥នេះ គឺជាទីតាំងយុទ្ធសាស្ត្រមួយ ក្នុងការបូមទឹកចេញពីតំបន់ខាងកើតព្រលានយន្តហោះ តំបន់ចោមចៅ តំបន់ត្រពាំងថ្លឹង ភូមិគោកបញ្ជាន់ តំបន់ផ្សារស៊ិនជូរីផ្លាហ្សា តំបន់ថ្មគោល ផ្លូវ២០០៤ និងមួយផ្នែកទៀតពីសង្កាត់ទឹកថ្លា ខាងត្បូងមហាវិថីសហព័ន្ធរុស្សុី ដែលមានទំហំផ្ទៃរងទឹកភ្លៀងរហូតដល់១០២៨ហិកតា។ ស្ថានីយបូមទឹកលូ៥ សាងសង់ឡើងជាអគារថ្មី មានបណ្តោយ១៨,៩ម៉ែត្រ ទទឹង ១០,៩ម៉ែត្រ បំពាក់បំពង់ បូមទឹក៤គ្រឿង ក្នុងនោះ បំពង់ មុខកាត់៨តឹក ២គ្រឿង និងបំពង់មុខកាត់១ម៉ែត្រចំនួន២គ្រឿង ដែលអាចមានសមត្ថិភាពបូមទឹកបាន៥ម៉ែត្រគុប ក្នុងមួយវិនាទីនិងស្មើនិង២៨៨០០ម៉ែត្រគុប ក្នុង១ម៉ោង៕ សំរិត

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច