មន្ត្រីអាមេរិកបានប្រាប់រ៉យទ័រថា រដ្ឋាភិបាលអាម៉េរិកកំពុងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ពីអំពើឃោរឃៅ ដែលបានចោទប្រកាន់ប្រឆាំងនឹងជនម៉ូស្លីមរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ា ដោយចងក្រងជាឯកសារចោទប្រកាន់ពីបទឃាតកម្ម, ការរំលោភសេពសន្ថវៈ, ការវាយដំ និងបទល្មើសផ្សេងៗទៀត ហើយការស៊ើបអង្កេតនេះ អាចត្រូវបានប្រើប្រាស់ដើម្បីចោទប្រកាន់ទោសក្រុមយោធាមីយ៉ាន់ម៉ាពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។
ការស៊ើបអង្កេតដែលដឹកនាំដោយក្រសួងការបរទេសអាមេរិកនេះ បានចូលរួមសំភាសន៍មនុស្សជាងមួយពាន់នាក់ ទាំងបុរស និងស្ត្រីម៉ូស្លីមរ៉ូហ៊ីងយ៉ាដែលស្ថិតនៅក្នុងជំរុំជនភៀសខ្លួនបង់ក្លាដេស មានប្រមាណជិត 700.000 នាក់ ភៀសខ្លួនបន្ទាប់ពីការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាកាលពីឆ្នាំ២០១៧ ស្ថិតនៅក្នុងរដ្ឋរ៉ាឃីន ភាគពាយ័ព្យរបស់មីយ៉ាន់ម៉ានោះ ។ កិច្ចការងារនេះ ត្រូវបានយកគំរូតាមការស៊ើបអង្កេតខាងនីតិកម្មរបស់សហរដ្ឋអាមេរិក លើអំពើឃោឃៅជាច្រើននៅក្នុងតំបន់ដាហ្វួរ ប្រទេសស៊ូដង់ ក្នុងឆ្នាំ២០០៤ ហើយដែលឈានដល់ការប្រកាសពីអំពើប្រល័យពូជសាសន៍ ។ សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរដ្ឋាភិបាលស៊ូដង់តាំងពីពេលនោះ ។
មន្រ្តីអាមេរិកបានថ្លែងថា ការធ្វើសម្ភាសន៍នេះបានកើតឡើងកាលពីខែមីនា និងមេសា ដោយក្រុមអ្នកស៊ើបអង្កេតប្រហែល២០នាក់ ។ ពួកគេសុទ្ធតែមានប្រវត្តិការងារខាងច្បាប់អន្តរជាតិ និងយុត្តិធម៌ព្រហ្មទណ្ឌ អ្នកខ្លះទៀតមានប្រវត្តិបម្រើការនៅសាលាក្តីប្រទេស Rwanda និងអតីតយូហ្គោស្លាវី ។
ក្រុមមន្រ្តីបានថ្លែងថា ព័ត៌មាននេះត្រូវបានវិភាគនៅទីក្រុងវ៉ាស៊ីនតោន និងចងក្រងឯកសារក្នុងរបាយការណ៍មួយ ហើយបញ្ជូនទៅកាន់ថ្នាក់ដឹកនាំក្រសួងការបរទេសនៅក្នុងខែឧសភា ឬដើមខែមិថុនា ខាងមុខនេះ។ គេមិនទាន់ច្បាស់ទេថា តើរដ្ឋបាលលោក Trump នឹងចេញផ្សាយជាសាធារណៈនូវការរកឃើញនេះ ឬថា តើពួកគេនឹងត្រូវប្រើភស្តុតាងទាំងនេះដើម្បីសម្រេចដាក់ទណ្ឌកម្មថ្មីមួយទៅលើរដ្ឋាភិបាលមីយ៉ាន់ម៉ា ឬក៏អនុសាសន៍ដើម្បីការកាត់ទោសជាអន្តរជាតិនោះឡើយ ។
«គោលបំណងនៃការស៊ើបអង្កេតនេះ គឺដើម្បីរួមចំណែកក្នុងដំណើរការយុត្តិធម៌ រួមទាំងការលើកកម្ពស់ការយល់ដឹងរបស់សហគមន៍, ការខិតខំតស៊ូមតិជាអន្តរជាតិ និងកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាសហគមន៍ជាមូលដ្ឋាន ក៏ដូចជាការស៊ើបអង្កេតលទ្ធភាពស្វែងរកការពិត ឬកិច្ចខិតខំប្រឹងប្រែងផ្សេងទៀតដើម្បីយុត្តិធម៌ និងគណនេយ្យភាព»។ នេះបើតាមឯកសារមួយដែលប្រើដោយក្រុមអ្នកស៊ើបអង្កេតនៅជំរុំជនភៀសខ្លួនដ៏រីករាលដាល ហើយដែលកាសែតរ៉យទ័រទទួលបាន ។
មន្រ្តីអាមេរិក៣រូបនៅទីក្រុងវ៉ាស៊ីនតោន និងមនុស្សជាច្រើននាក់ដែលជាប់ពាក់ព័ន្ធការស៊ើបអង្កេតក្នុងប្រទេសបង់ក្លាដែស បានបញ្ចេញព័ត៌មានលំអិតអំពីប្រតិបត្តិការស្វែងរកការពិតនេះ ទៅឲ្យកាសែតរ៉យទ័រ ។
មន្ត្រីក្រសួងការបរទេសមួយរូប នៅពេលត្រូវបានស្នើឱ្យបញ្ជាក់ពីភាពជាក់លាក់ ការស៊ើបអង្កេតដែលបានធ្វើឡើងនៅក្នុងជំរុំជនភៀសខ្លួន ដូចដែលបានផ្សាយដោយកាសែតរ៉យទ័រនោះ បានថ្លែងថា វាពិតជាមានភាពត្រឹមត្រូវជាក់លាក់ ។ ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ មន្ត្រីនេះអះអាងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងប្រើប្រាស់ព័ត៌មានដែលមាន និងភស្តុតាងដទៃច្រើនទៀត ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា “យើងមិនអាចឆ្ពោះទៅរកដំណើរការរៀបចំគោលនយោបាយណាមួយបានឡើយ ។ ”
នៅពេលចេញផ្សាយបែបនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា និងខាងកម្លាំងយោធា មិនបានឆ្លើយតបនឹងសំណួររបស់រ៉យទ័រនោះទេ ។ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសថា ប្រតិបត្តិការរបស់ខ្លួននៅតំបន់រ៉ាឃីន គឺជាការឆ្លើយតបស្របច្បាប់ចំពោះការវាយប្រហារមកលើកងកម្លាំងសន្តិសុខដោយក្រុមឧទ្ទាមម៉ូស្លីមរ៉ូហ៊ីងយ៉ាប៉ុណ្ណោះ ។
អ្នកសំភាសន៍នៅក្នុងជំរុំបានស្នើសុំជនភៀសខ្លួននូវសំណួរប្រជាសាស្ត្រជាមូលដ្ឋាន កាលបរិច្ឆេទដែលជននោះបានចាកចេញពីប្រទេសមីយ៉ាន់ម៉ា និងដើម្បីរំលឹកឡើងវិញនូវបទពិសោធន៍របស់ពួកគេ ក្នុងអំឡុងពេលអំពើហិង្សាបានផ្ទុះឡើង ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាឃីន ពីសំណាក់កម្លាំងយោធាភូមា និងពីក្រុមអ្នកកាន់សាសនាព្រះពុទ្ធសាសនាក្នុងតំបន់។
ក្រុមអ្នកស៊ើបអង្កេតបានស្នើឱ្យជនភៀសខ្លួនរៀបរាប់អំពីកងវរសេនាតូច និងអាវុធដែលយោធាមីយ៉ាន់ម៉ាប្រើប្រាស់នៅក្នុងរដ្ឋរ៉ាឃីន អំឡុងពេលធ្វើប្រតិបត្តិការប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា ។ នេះបើតាមសម្តីរបស់មនុស្សម្នាក់ដែលស៊ើបអង្កេតនៅក្នុងជំរុំ ស្រុក Cox’s Bazar ភាគខាងត្បូងប្រទេសបង់ក្លាដេស។ មនុស្សម្នាក់នេះបាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានទទួលឈ្មោះជនល្មើសម្នាក់ៗ និងអត្តសញ្ញាណនៃកងវរសេនាតូចជាក់លាក់ដែលពាក់ព័ន្ធទាំងអស់ ។
អ្នកទី២ដែលជាប់ពាក់ព័ន្ធក្នុងគម្រោងខាងលើនេះបាននិយាយថា ជនភៀសខ្លួនចំនួន១.០២៥ នាក់ត្រូវបានគេសម្ភាសន៍ ហើយការសម្ភាសន៍នេះអាចរាប់បញ្ចូលដំណាក់កាលទី២ ដែលផ្តោតទៅលើអង្គភាពយោធា ។
អ្នកស្រី Zohra Khatun អាយុ ៣៥ ឆ្នាំជាជនភៀសខ្លួនរ៉ូហ៊ីងយ៉ារស់នៅក្នុងជំរុំបាននិយាយថា គាត់បានប្រាប់ក្រុមអ្នកស៊ើបអង្កេតថា ទាហានបានធ្វើយុទ្ធនាការហិង្សា និងយាយីលើភូមិរបស់គាត់ ក្នុងរដ្ឋរ៉ាឃីនចាប់តាំងពីខែសីហា ឆ្នាំ២០១៧ ។ អ្នកស្រីបានបន្តថា ពួកទាហានបានចាប់ខ្លួន និងបាញ់សម្លាប់មនុស្សជាច្រើន, រុញច្រានពួកអ្នកស្រី និងអ្នកផ្សេងទៀតឱ្យគេចខ្លួន។
អ្នកស្រីបាននិយាយប្រាប់រ៉យទ័រថា “មន្រ្តីយោធាម្នាក់បានចាប់បំពង់កខ្ញុំ ហើយព្យាយាមចាប់យករូបខ្ញុំ” ។ ពួកយោធាបានដុតផ្ទះនៅក្នុងភូមិ រួមទាំងផ្ទះរបស់អ្នកស្រីផងដែរ ។
ការស៊ើបអង្កេតនេះស្របពេលជាមួយការជជែកវែកញែកដេញដោលខាងក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងនៅ Capitol Hill ថា តើរដ្ឋបាលលោក ដូណាល់ ត្រាំ បានធ្វើគ្រប់យ៉ាងហើយឬនៅដើម្បីឲ្យកងទ័ពមីយ៉ាន់ម៉ាទទួលខុសត្រូវចំពោះអំពើហឹង្សាឃោរឃៅ ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ាដែលគ្មានរដ្ឋនោះ ឬយ៉ាងណា ។
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាគឺជាជនជាតិភាគតិចស្តួចស្តើងនៅក្នុងសហគមន៍ពុទ្ធសាសនាមីយ៉ាន់ម៉ា។ ថ្វីបើពួកគេមានវត្តមាននៅក្នុងអ្វីដែលឥឡូវនេះ មីយ៉ាន់ម៉ាអស់រាប់ជំនាន់មកហើយក៏ដោយ ប្រជាជនមីយ៉ាន់ម៉ាជាច្រើនចាត់ទុកថា ពួកគេជាអ្នកធ្វើអន្តរកម្ម ។ អំពើហិង្សាប្រឆាំងនឹងពួកគេបានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នៅពេលដែលប្រទេសនេះ បានផ្លាស់ប្តូរទៅរកអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប បន្ទាប់មក លោក រេច ធីលសុន រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រកាសថា វិបត្តិរ៉ូហ៊ីងយ៉ាជា “ការសម្អាតជាតិពន្ធុ” នោះ គឺជាការចង្អុលបង្ហាញដើម្បីឈានដល់ការបង្កើនដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងមេបញ្ជាការយោធាមីយ៉ាន់ម៉ា និងបង្កើនសម្ពាធទៅលើមេដឹកនាំរដ្ឋាភិលស៊ីវិលរបស់លោកស្រី អ៊ុងសានសូជី ដែលជាជ័យលាភីសន្តិភាពណូបែល ។ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានបដិសេធការចោទប្រកាន់ទាំងនេះ។
សហរដ្ឋអាមេរិកបានឆ្លើយតបកាលពីខែធ្នូដោយដាក់ទណ្ឌកម្មគោលដៅលើឧត្តមសេនីយ៍មីយ៉ាន់ម៉ា និងគំរាមកំហែងដាក់ពិន័យអ្នកដទៃផ្សេងទៀត ។ ក្រុងវ៉ាស៊ីនតោនក៏បានបន្ថយទំហំនៃទំនាក់ទំនងយោធា ដែលមានកំណត់រួចជាស្រេចជាមួយមីយ៉ាន់ម៉ាផងដែរ ចាប់តាំងពីវិបត្តិ រ៉ូហ៊ីងយ៉ាបានចាប់ផ្តើម។ ក្រុមសិទ្ធិមនុស្ស និងសមាជិកសភាប្រជាធិបតេយ្យក្រុងវ៉ាស៊ីនតោន បានជំរុញឱ្យសេតវិមានបង្កើនការដាក់ទណ្ឌកម្ម និងចាត់ទុកអំពើហិង្សានេះថា ជា “ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ” ដែលជាពាក្យច្បាប់អាចកំណត់ដំណាក់កាល សម្រាប់ការចោទប្រកាន់ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក្រុងឡាអេ ។
មន្រ្តីរដ្ឋបាលជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិកបានប្រាប់រ៉យទ័រថា “គ្មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនៅពេលខាងមុខនោះទេ ប៉ុន្តែគឺជាអ្វីដែលត្រូវបានគេមើលឃើញយ៉ាងប្រុងប្រយ័ត្ន” ។
ការស៊ើបអង្កេតរបស់កាសែតរ៉យទ័រចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០១៨ បានផ្តល់ការបញ្ជាក់ពីលក្ខណៈឯករាជ្យជាលើកដំបូង នូវអ្វីដែលបានកើតឡើងក្នុងភូមិ Inn Din ទីកន្លែងដែលបុរសជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ា១០នាក់ ត្រូវកាប់សម្លាប់ដោយក្រុមអ្នកកាន់ព្រះពុទ្ធសាសនានៅតំបន់ រ៉ាឃីន ឬត្រូវបាញ់សម្លាប់ដោយសមាជិកកងកម្លាំងសន្តិសុខរដ្ឋាភិបាល ។ រឿងនេះ បានពឹងផ្អែកលើភាពពិតប្រាកដត្រឹមត្រូវ មិនត្រឹមតែពីជនភៀសខ្លួនរ៉ូហ៊ីងយ៉ានោះទេ ប៉ុន្តែពីទាហាន ប៉ូលីស និងអ្នកស្រុកកាន់សាសនាព្រះពុទ្ធសាសនាផងដែរ ដែលបានសារភាពថា ពួកគេពិតជាបានចូលរួមនៅក្នុងការបង្ហូរឈាមនេះ ។
រូបភាពដែលទទួលដោយរ៉យទ័របានបង្ហាញ បុរសនិងក្មេងប្រុសដៃរបស់ពួកគេចងនៅពីក្រោយខ្នង និងសាកសពរបស់ពួកគេកប់នៅក្នុងផ្នូររាកៗមួយកន្លែង ។ អ្នកសារព័ត៌មានរ៉យទ័រពីរនាក់ត្រូវជាប់ក្នុងមន្ទីរឃុំឃាំង ខណៈកំពុងរាយការណ៍រឿងនេះ ។ ពួកគេកំពុងជាប់ពន្ធនាគារនៅទីក្រុងយ៉ាំងហ្គោន ដែលប្រឈមនឹងការជាប់ទោសរហូតដល់១៤ ឆ្នាំពីបទរំលោភលើច្បាប់ស្តីពីកិច្ចការអាថ៌កំបាំងរបស់មីយ៉ាន់ម៉ា ។
ក្រុមមន្រ្តីអាមេរិកបាននិយាយថា រហូតមកដល់ពេលនេះ មានមេធាវីនៅសេតវិមាន និងក្រសួងការបរទេសបានជំទាស់នឹងពាក្យថា “ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ” ឬ “អំពើប្រល័យពូជសាសន៍” ក្នុងការពណ៌នាអំពីមរណភាពរបស់ក្រុមជនរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ា ។
ក្រុមមន្រ្តីបាននិយាយថា ក្រសួងការបរទេសផ្ទាល់ខ្លួនត្រូវបានបែងចែកអំពីរបៀបដើម្បីបញ្ជាក់ ឬបកស្រាយលើអំពើហឹង្សាប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា។
ការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិចដែលបុគ្គលិកភាគច្រើនជាអ្នកការទូតអាជីព និងតំណាងឱ្យទស្សនៈការទូតនៅមីយ៉ាន់ម៉ាត្រូវបានបង្កើតឡើង បន្ទាប់ពីការលើកលែងទណ្ឌកម្មនៅក្នុងខែតុលា ឆ្នាំ២០១៦ ។ សហរដ្ឋអាមេរិកមានតួនាទីយ៉ាងសំខាន់នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រឆ្នាំ២០១២ ត្រួសត្រាយផ្លូវឲ្យប្រទេសមីយ៉ាន់ម៉ា ក្រោយប្រទេសនេះបញ្ចប់ការគ្រប់គ្រងរបស់យោធា អស់ជាច្រើនទសវត្សរ៍នោះ។
អ្នកការទូតនៅក្នុងទីក្រុងយ៉ានហ្គោនក៏មានការស្ទាក់ស្ទើរផងដែរ ការធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់ក្រុងវ៉ាស៊ីនតោនជាមួយលោកស្រី ស៊ូជី ជានិមិត្តរូបប្រជាធិបតេយ្យ ហើយដែលបានប្រឈមនឹងការរិះគន់ចំពោះការខកខានមិនបានធ្វើអ្វីបន្ថែមទៀត ដើម្បីទប់ស្កាត់អំពើហឹង្សាប្រឆាំងនឹងក្រុមរ៉ូហ៊ីងយ៉ា។ មន្រ្តីម្នាក់បាននិយាយថា មន្រ្តីជាន់ខ្ពស់អាមេរិកខ្លះនៅតែជឿជាក់ថា លោកស្រីស៊ូជីនៅតែជាក្តីសង្ឃឹមដ៏ល្អបំផុតសម្រាប់ប្រទេសមីយ៉ាន់ម៉ា គឺកាន់តែមានប្រជាធិបតេយ្យជាងនេះ។ ពួកគេមានការស្ទាក់ស្ទើរក្នុងការធ្វើឱ្យខកចិត្តចំពោះទំនាក់ទំនងនេះ ” ។
មន្រ្តីបាននិយាយថា វាផ្ទុយទៅនឹងការិយាល័យលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងពលកម្មរបស់ក្រសួងការបរទេស ដែលមានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោន បានជំរុញឱ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងតែងជាងមុន។ ការផ្លាស់ប្តូរគម្លាតនោះបានធ្វើឱ្យកាន់តែពិបាក ក្រុមមន្រ្តីបាននិយាយថា ក្រសួងការបរទេសក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump មិនទាន់បំពេញមុខតំណែងការទូតសំខាន់ៗនៅឡើយទេ។
ក្រុមមន្រ្តីបានរៀបរាប់អំពីដំណើរការនៅក្នុងជំរុំជនភៀសខ្លួន ដែលចងក្រងឯកសារអំពីការរំលោភបំពានទាំងនោះយ៉ាងម៉ត់ចត់។ បទសម្ភាសន៍នីមួយៗត្រូវបានគេសរសេរដោយពាក្យសម្ដីសំខាន់ៗ យោងទៅតាមឧក្រិដ្ឋកម្មដែលបានចោទប្រកាន់ ដូចជាការសំលាប់, ការចាប់រំលោភ, អំពើហិង្សាផ្លូវភេទ និងការលួងលោម។ ប្រភេទខុស ៗ គ្នានៃជនល្មើសដែលបានចោទប្រកាន់មានតាំងពីជនស៊ីវិលរហូតដល់អ្នកបះបោរ, កងកម្លាំងយោធាមីយ៉ាន់ម៉ា និងប៉ូលីស។
មន្ត្រីម្នាក់បាននិយាយថា “បន្ទាប់ពីបទសម្ភាសន៍ចំនួន១.០០០នាក់ និងការវិភាគស្ថិតិ យើងអាចសន្និដ្ឋានជាក់លាក់អំពីអ្នកប្រព្រឹត្តឧក្រិដ្ឋកម្ម និងគំរូនៃឧក្រិដ្ឋកម្ម” ។
មន្ត្រីរូបនេះបាននិយាយថា លទ្ធភាពដែលអាចកើតមានមួយពីឯកសារស្តីអំពីការរំលោភបំពានប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា អាចជាការបោះឆ្នោតរបស់មហាសន្និបាតអ.ស. ប. ដើម្បីបង្កើតស្ថាប័នអន្ដរជាតិដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ដែលប្រព្រឹត្តឡើងប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ាដែលស្រដៀងនឹងអ្វីដែលបានធ្វើជាមួយប្រទេសស៊ីរី។
ក្រសួងការបរទេសមិនបានឆ្លើយតបនឹងសំណួរ អំពីការបែងចែកនៅក្នុងរដ្ឋបាលអំពីរបៀបបង្ហាញអាកប្បកិរិយាហឹង្សា និងការរិះគន់ ដេលរដ្ឋបាលយឺតយ៉ាវពេកក្នុងសកម្មភាពបញ្ឈប់ការរំលោភបំពាន។
Subiya Khatun អាយុ ២៩ ឆ្នាំដែលបានរត់គេចពីផ្ទះរបស់នាងនៅខេត្ត Rakhine កាលពីខែកញ្ញាបានប្រាប់ថា បានឃើញសាកសពបីនាក់នៅក្នុងប្រឡាយតាមផ្លូវទៅកាន់ព្រំដែនប្រទេសបង់ក្លាដេស។ នាងសង្ឃឹមថា នឹងមានយុត្តិធម៌ ហើយនិងបានវិលត្រឡប់មកកាន់ប្រទេសមីយ៉ាន់ម៉ាវិញ ។
«ពួកគេនិយាយថា ពួកគេមកពីអាមេរិក ។ “ការស៊ើបអង្កេតនេះ នឹងត្រូវបានប្រើសម្រាប់ជួយដល់អ្នក»។ នាងបាននិយាយថាបានប្រាប់អ្នកសម្ភាសនៅក្នុងជំរុំ។ “ប្រសិនបើព្រះ Allah ចង់បាន យើងនឹងទទួលបានយុត្តិធម៌ ហើយការទាមទាររបស់យើងនឹងត្រូវបានបំពេញ” ៕ ថាច់ យ៉ាត