ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហាសំរាមកំពុងចោទនៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅស្ទើរគ្រប់សង្កាត់ក្នុងក្រុងព្រះសីហនុ ដែលមានផ្ទះនៅជិតផ្ទះចិនជួលស្នាក់នៅត្អូញ ត្អែរថា ពិបាកទ្រាំនឹងក្លិនស្អុយរលួយចេញជាដង្កូវសំរាមហូរពេញមុខផ្ទះតាមផ្លូវ​សាធារណៈ ហើយសំណូមពរដល់លោក​អភិបាលខេត្តនិងអភិបាលក្រុងមេត្តា​ចុះ​ពិនិត្យមើលនិងចុះមកជួយហិតក្លិនមើល​ថា ស្អុយប៉ុនណា ។

ប្រជាពលរដ្ឋមួយរូបដែលមានផ្ទះនៅ ជិតផ្ទះចិនជួលដែលមានសំរាមទុករហូតស្អុយរលួយម្តុំផ្លូវចូលស្រែត្រកួនក្រុមទី​១៥​ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ​បាន និយាយថា “សំរាមនៅតាមផ្ទះគេចោល យ៉ាងស្អុយគគ្រុក ពិសេសគឺផ្ទះជួលឲ្យចិន ផ្ទះដែលរស់នៅជិតខាងពិបាកទ្រាំនឹងក្លិនស្អុយរលួយទឹកសំរាមហូរហៀរពេញមុខ​ផ្ទះ​និងផ្លូវសាធារណៈតើក្រុមហ៊ុនប្រមូលសំរាមគិតយ៉ាងម៉េច ? ពេលមកធ្វើកុង ត្រាយកលុយប្រចាំខែមួយអាទិត្យយកពីរ​ដងតាមពិតអត់ឃើញ មកយកជិតកន្លះ​ហើយសូមជម្រាបលោកអភិបាលក្រុង ជួយពិនិត្យក្រុមហ៊ុនសំរាមនេះផង” ។

ងាកមកពលរដ្ឋរស់នៅជិតផ្ទះចិនជួលម្នាក់ទៀតបានបញ្ជាក់ថា កាលពីមុនមិន​មែន​បែបនេះឡើយ ទើបតែមានចិនមក​ជួល​ផ្ទះ​អ្នកជិតខាងស្រាប់តែសម្បូរសំរាម​ច្រើនឡើង ហើយក្រុមហ៊ុនប្រមូលសំរាមក៏មកយកមិនទាន់ពេលទើបបង្កទៅជាមានក្លិនស្អុយរលួយរហូតដល់ចេញដង្កូវមកវារពេញផ្លូវធ្វើឲ្យអ្នកមកកម្សាន្តទីក្រុងព្រះសីហនុដ៏ឡូយឆាយមួយនេះកោតសរសើរ​គ្រប់គ្នា ។

ដោយមើលទៅគ្មានដំណោះស្រាយ និងមិនមានអាជ្ញាធរណាមួយអើពើសោះ រហូតដល់ពួកគាត់ទ្រាំលែងបានក៏នាំគ្នា ថតរូបនិងវីដេអូមកបង្ហោះលើបណ្តាញ សង្គមហ្វេសប៊ុកដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ​ យើងនិងពិភពលោកបានឃើញទីក្រុង ដែលមានសក្តានុពលខាងវិស័យទេស​ ចរណ៍បានធ្លាក់ចូលជាកន្លែងដាក់សំរាម របស់ជនជាតិចិនទៅហើយ ។ នេះគ្រាន់​តែជាមួយ​ចំណុចដែលប្រជាពលរដ្ឋរស់​នៅក្នុងក្រុងព្រះសីហនុលើកឡើង បុ៉ណ្ណោះនៅមានបញ្ហាអវិជ្ជមានជាច្រើនទៀតដែលមិនបានលើកឡើង ។

អ្នករស់នៅក្នុងទីក្រុងដ៏ស្រស់ឆើត ឆាយមួយរូបទៀតបានស្នើសុំដល់អាជ្ញាធរពាក់​ព័ន្ធទាំងអស់មេភូមិ ចៅសង្កាត់ អភិ​បាល​ក្រុងនិងអភិបាលខេត្តមេត្តាចុះ​ជួយ​ ពិនិត្យ និងរៀបចំសំរាមឲ្យបានត្រឹមត្រូវព្រោះពួក​ចិនដាក់សំរាមមិនបានគិតគូរពី អ្នករស់នៅជិតខាងនោះឡើយ ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ព្រមានដល់មន្ត្រី និងរដ្ឋមន្ត្រីអសកម្មថា បើអ្វីៗទាំងអស់ចាំបាច់តែនាយករដ្ឋមន្រ្តីដោះស្រាយនោះ​ មិនបាច់ចាំមានរដ្ឋមន្រ្តីតាមក្រសួងទេ ។ សម្តេច​តេជោ ហ៊ុន សែន ព្រមាននឹងមិនដាក់រដ្ឋមន្រ្តីអសកម្មមួយចំនួនចូលក្នុងរដ្ឋាភិបាលថ្មី បើសិនជានៅតែបន្តមិនធ្វើការ ប៉ុន្តែចេះតែទុកការងារឱ្យនាយករដ្ឋមន្រ្តីធ្វើដដែលនោះ ៕ សូរិយា


ចែករំលែក៖