ព័ត៌មានទាន់ហេតុការណ៍៖

ត្រឡប់ពីបេះផ្លែក្រូចលិចទូកក្នុងទឹកស្ទឹងបាត់ខ្លួន២ថ្ងៃ១យប់ទើបរកឃើញសាកសព

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់បានលិចទូកក្នុងទឹកស្ទឹងលង់ស្លាប់យ៉ាងរន្ធត់ នៅគ្រាដែលស្រ្តីរងគ្រោះជិះទូកដឹកផ្លែក្រូចឆ្លងទឹកស្ទឹងខាងលើ បាត់ខ្លួន ១ថ្ងៃ១យប់ទើបបងប្អូនសាច់ញាតិរកសាកសពឃើញ ។

ហេតុការណ៍រកឃើញសាកសពខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅក្នុងទឹកស្ទឹង ត្រង់ចំណុចអន្លង់ក្រពើ ស្ថិតក្នុងភូមិតាដែស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ស្រ្តីរងគ្រោះ(ស្លាប់)ដោយសារលង់ទឹកត្រូវបានគេស្គាល់ឈ្មោះ ក្រឹម ចាន់ណា អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

គួររំលឹកផងដែរថា៖ កាលពីរសៀលមុនថ្ងៃរកឃើញសាកសព ១ថ្ងៃ គេឃើញស្រ្តីរងគ្រោះជិះទូកម្នាក់ឯងឆ្លងទឹកស្ទឹងទៅចំការដើម្បីបេះផ្លែក្រូច ក្នុងគោលបំណងយកទៅការកូនបងប្អូននៅឯខេត្តតាកែវ លុះបេះផ្លែក្រូចបានរួចរាល់ហើយនោះ ក៏ជិះទូកដឹកផ្លែងក្រូចយកមកត្រើយម្ខាងវិញ ប៉ុន្តែជាអកុសល ក៏ត្រូវលិចទូកដូចបានរៀបរាប់ខាងលើ ក្រោយកើតហេតុបន្តិចប្តីស្រ្តីរងគ្រោះមានការសង្ស័យ ព្រោះទូរស័ព្ទមកប្រពន្ធមិនចូល ខណៈមានទំនាក់ទំនងគ្នារហូតមក ពេលមកដល់ស្ទឹងកន្លែងឆ្លងទូកឃើញទូកលិចទឹកលឹមៗ ដោយផ្លែក្រូចអណ្ដែតរប៉ាត់រប៉ាយពេញទឹក ប៉ុន្តែអត់ឃើញមនុស្សនោះទេ ក៏បង្កការឆោឡោតែម្ដង ខណៈនោះដែរ នាំគ្នាមុជទឹករាវរកមនុស្សអស់ជាច្រើនម៉ោង ប៉ុន្តែរកមិនឃើញទាល់តែសោះ លុះស្អែកឡើងនៅវេលាម៉ោងខាងលើ ទើបឃើញអណ្ដែតសាកសព ដែលនៅចម្ងាយប្រមាណជិត ១គីឡូម៉ែត្រពីកន្លែងកើតហេតុ ។

ករណីស្រ្តីម្នាក់លិចទូកលង់ទឹកស្លាប់ខាងលើ គេឃើញសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការគ្នា ចុះទៅត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ផងដែរ ហើយធ្វើកំណត់ហេតុត្រឹមត្រូវទើបប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិនៃសព ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹមពិន

 

 

 

 


ចែករំលែក៖