ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិសនីកៀនស្វាយរងការ រិះគន់ថា ដាច់ភ្លើងញឹកកុងទ័រដើរលឿនខុសពីធម្មតា

ចែករំលែក៖

ខេត្តកណ្ដាល ៖ មួយរយៈនេះអគ្គិសនីនៅកៀនស្វាយងាកដាច់ៗ ត្រូវបានប្រជាពលរដ្ឋនាំគ្នារអ៊ូរទាំពីមាត់មួយទៅមាត់មួយថា អាចធ្វើឲ្យខូចឧបករណ៍ប្រើប្រាស់ផ្សេងៗ មិនតែប៉ុណ្ណោះថែមទាំងធ្វើឲ្យកុងទ័រដើរលឿនថែមទៀត ។ ជាក់ស្តែង ពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិ ឈើទាល, ឃុំ ឈើទាល, ស្រុក កៀនស្វាយ, ខេត្តកណ្តាល បានប្រើប្រាស់ភ្លើងអគ្គិសនីកើន ជាបន្ដបន្ទាប់ ដែលសង្ស័យខុសពីប្រក្រតី ។

ប្រជាពលរដ្ឋ ជាច្រើនរូប បានរៀបរាប់ឲ្យថា ចាប់តាំងពីពេលដែលរូបគាត់បានប្រើប្រាស់ភ្លើងអគ្គិសនី កៀនស្វាយ រហូតមកដល់ពេលនេះ ច្រើនឆ្នាំមកហើយ ពួកគាត់មានចម្ងល់ថា ហេតុអ្វីបានភ្លើងដាច់ញឹកម្ល៉េះ ជូនកាលមួយថ្ងៃដាច់៣ទៅ៤ដង ពោលគឺបន្តិចដាច់ៗ ធ្វើឲ្យខូចឧបករណ៍ប្រើប្រាស់ផ្សេងៗ មិនតែប៉ុណ្ណោះថែមទាំងធ្វើឲ្យកុងទ័រដើរលឿនថែមទៀត។

អតិថិជនដែលប្រើប្រាស់ចរន្តអគ្គិសនីនេះ បានលើកឡើងដូចៗគ្នាថា សម្រាប់ឧបករណ៍ទៅក្នុងផ្ទះមានម៉ាស៊ីត្រជាក់១គ្រឿង ទូរទឹកកក១គ្រឿង កង្ហារ២គ្រឿង អំពូលម៉ែត្រ៣ ព្រមទាំងឧបករណ៍អេឡិចត្រូនិក មួយចំនួនទៀត ចុះហេតុអ្វីគ្រាន់តែ១ខែសោះ បានកើនដល់ជាង៣០០ គីឡូបែបនោះ ។ចំណែកបុគ្គលិកប្រចាំបញ្ជារបង់ប្រាក់វិញ មានចារឹកគំរោះគំរើយក្រអឺតក្រទមសម្ដីមិនសមគួរជាមួយអតិថិជន ។ ពេលយកវិក្កយបត្រទៅបង់ប្រាក់ភ្លើង ព្រោះពួកគាត់ជាកសិករធ្វើស្រែចំការ មមាញឹកច្រើនជូនកាលខ្វះមធ្យោបាយធ្វើដំណើរ ទៅបង់ប្រាក់មានការយឺតយ៉ាវបន្តិចបន្តួចត្រូវបានបុគ្គលិកបញ្ជារបង់ប្រាក់អគ្គិសនីស្ដីបន្ទោស។

អតិថិជនដែលប្រើប្រាស់ចរន្ដអគ្គិសនីទូទាំងស្រុកកៀនស្វាយ បានរិះគន់ទៅលើអ្នកគ្រប់គ្រងអគ្គិសនីថា បានកេងប្រវ័ញ្ចថាមពលភ្លើងអគ្គិសនីពីពួកគាត់ ។ ការលើកឡើងបែបនេះ គឺដោយសារតែកុងទ័រប្រើប្រាស់មានភាពមិនប្រក្រតី«ភ្លើងដាច់ញឹក កុងទ័រដើរលឿន» មិនសមនឹងតុល្យភាពនៃការប្រើប្រាស់សោះ ។

ក្នុងករណីនេះ អតិថិជនដែលប្រើប្រាស់អគ្គិសនីកៀនស្វាយ ទាមទារ និងសំណូមពរឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា មេត្តាចាត់បញ្ជូនមន្ត្រីជំនាញក្រោមឱវាទចុះមកពិនិត្យមើលកាន់តែឆាប់កាន់តែល្អ កុំឱ្យក្រុមហ៊ុនអគ្គិសនីកៀនស្វាយ ជញ្ជក់បណ្ដារាស្ត្រ តាមរយៈការលួចចរន្តអគ្គិសនីនេះទៀត ។

ពាក់ព័ន្ធនឹងការរិះគន់ ចោទប្រកាន់របស់អតិថិជនដែលប្រើប្រាស់ចរន្ដអគ្គិសនីខាងលើនេះ « ប្រធានអង្គភាពអគ្គិសនីកៀនស្វាយ លោក ទ្រី សុគន្ធ បានឲ្យដឹងដែរថា បញ្ហាដាក់ភ្លើងញឹក គឺបណ្ដាលមកពីកត្តា ភ្លៀង ខ្យល់ និងដើមឈើ មិនមែនមកពីខាងអគ្គិសនី របស់លោកនោះទេ ។ លោកថា ពេលមានខ្យល់ដើមឈើរង្គើមកប៉ះជាមួយបណ្ដាញខ្សែភ្លើងរង្គើដល់ឧបករណ៍ផ្ដាច់ ភ្ជាប់ ១ដងទៅ២ដងមិនដាច់ទេ តែបើខ្យល់រង្គើញឹកវាលោតដាច់លោតបើក ដោយខ្លួនវាអញ្ចឹងហើយ មិនមែនខាងអគ្គិសនីបិទបើក ដើម្បីឡើងគីឡូនោះទេ។

លោក ទ្រី សុគន្ធ បានបន្ថែមទៀតថា អគ្គិសនីនៅស្រុកខ្មែរការដាច់មិនទាន់មានតុល្យភាពនោះទេសូម្បីតែអគ្គិសនីកម្ពុជា យើងនៅខ្វះបច្ចេកទេសច្រើន ។ ចំណែកការដាច់យើងបានជូនទៅដំណឹងទៅតាមផេកហ្វេសប៊ុក អគ្គិសនីកៀនស្វាយ,អាជ្ញាធរអគ្គិសនីកម្ពុជា នឹងលោកមេឃុំ។ លោកថា ក្រុមហ៊ុនអគ្គិសនី កៀនស្វាយ បានបញ្ជូនថាមពល ចែកចាយ២២គីឡូវុល ដែលតបណ្ដាញមកពីក្រុមហ៊ុនGS7 នៅទួលក្រសាំងក្រុងតាខ្មៅ ។

ពាក់ព័ន្ធហ្នឹងការដោះស្រាយ របស់លោកប្រធានអង្គភាពអគ្គិសនីកៀនស្វាយ លោក ទ្រី សុគន្ធ បែបនេះ ត្រូវបានពលរដ្ឋ ភូមិព្រែកដូង និងភូមិឈើទាល នៅក្បែរអគ្គិសនីកៀនស្វាយផ្ទាល់ដែលតែងតែដាច់ភ្លើងញឹកជាងគេនិយាយទៀតថា សូម្បីតែមេឃគ្មានភ្លៀង គ្មានខ្យល់ គ្មានការជួសជុលផ្លូវ គ្មានការរុះរើបណ្ដាញភ្លើង ក៏អគ្គិសនីកៀនស្វាយ នៅតែដាច់ញឹកគ្មានការដឹងដំណឹងជាមុននោះទេ…???

ចំណែកបុគ្គលិកសម្ដីមិនសមរម្យលោក ទ្រី សុគន្ធ បានឲ្យដឹងថា ពេលអតិថិជនមកបង់ប្រាក់ ខាងអគ្គិសនីតម្រូវឲ្យចាប់លេខទទួលតាមលេខរៀងពីព្រោះអតិថិជនមកបង់ប្រាក់មួយថ្ងៃចាប់ពី២០០នាក់ទៅ២៥០នាក់ អញ្ចឹងហើយខាងបុគ្គលិកបញ្ជារបង់ប្រាក់ ធ្វើការហត់ ដ៏តែស្រែកលឺ ទើបអតិថិជនចេះតែចោទខាងអគ្គិសនីថា សម្ដីមិនសមរម្យដាក់ពួកគាត់ ។

ពាក់ព័ន្ធបញ្ហារបស់ប្រជាពលរដ្ឋនេះដែរ អភិបាលខេត្តកណ្ដាលលោក ម៉ៅ ភិរុណ បានបញ្ជាក់យ៉ាងខ្លីថា រឿងអគ្គិសនីនេះ ចាំលោកបញ្ជូនមន្ត្រីឲ្យចុះមកពិនិត្យមើល ព្រោះលោកជាប់រវល់ប្រជុំ រួចក៏ចុចបិទទូរស័ព្ទ ៕ ហេង នរិន្រ្ទ


ចែករំលែក៖