ខេត្តកណ្ដាល ៖ ដីអតីតឡូត៍នេសាទនៅក្នុងស្រុកស្អាងរាប់ម៉ឺនហិកតា ត្រូវបានក្រុមឈ្មួញឃុបឃិតជាមួយអាជ្ញាធរនិងជំនាញជលផល ដើម្បីធ្វើការជាមួយប្រជាពលរដ្ឋឲ្យផ្ដិតមេដៃថ្នូរនឹងទឹកប្រាក់បន្តិចបន្តួច ជាហេតុធ្វើឲ្យបង្កជម្លោះដីជាន់គ្នាដោះស្រាយមិនចេះចប់ ។ ជាក់ស្ដែងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចចុងព្រែកថី ស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង មានករណីវិវាទដីរវាងមេឈ្មួញនិងប្រជាពលរដ្ឋ ឈានដល់ចាប់ខ្លួនបុរសម្នាក់ ដោយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។
បុរសដែលត្រូវនគរបាលចាប់ខ្លួននោះឈ្មោះ លន ចាន់ណា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ។ ការដែលកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួនបុរសខាងលើ គឺធ្វើឡើងបន្ទាប់ពីបុរសរូបនោះបានផ្ដល់ព័ត៌មានឲ្យក្រុមអ្នកសារព័ត៌មានថា រូបគេ(ជនដែលត្រូវចាប់ខ្លួន) បានយកទូរស័ព្ទថតផ្ទៃដីនៅចំណុចចុងព្រែកថី ដែលគេដឹងថាកំពុងមានទំនាស់ជាមួយក្រុមឈ្មួញម្ខាងទៀត។ ខណៈនោះក៏ស្រាប់តែមានមនុស្សស្រីម្នាក់រួមនឹងគ្នីគ្នាប្រមាណជាង៣០នាក់ មកសួរនាំនិងជេរប្រមាថ ឈានដល់ការបង្កហិង្សា ។ បន្ទាប់មកឈ្មោះ លន ចាន់ណា បាននិយាយធ្វើឲ្យប៉ះពាល់កិត្ដិយសភរិយាថ្នាក់ដឹកនាំដោយគ្មានមូលដ្ឋានច្បាស់លាស់ ទើបសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ ចុះចាប់ខ្លួនជនខាងលើនេះ រុញចូលរថយន្ដកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃដដែល រួចបញ្ជូនខ្លួនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
ប្រភពរាយកាណ៍ពីស្រុកស្អាងបានឲ្យដឹងថា ផ្ទៃដីបឹងអតីតឡូត៍នេសាទនៅក្នុងស្រុកស្អាង បច្ចុប្បន្នត្រូវបានក្រុមឈ្មួញដាក់គ្រឿងចក្រលើកទំនប់ ព័ទ្ធយកធ្វើជាកម្មសិទ្ធិដោយប្រើរូបភាពយកប្រជាពលរដ្ឋមកផ្ដិតមេដៃលើឯកសារទិញលក់ជាថ្នូរនឹងទឹកប្រាក់បន្តិចបន្ទួច ដោយមានការឃុបឃិតជាមួយអាជ្ញាធរ និងជំនាញជលផល ។ សព្វថ្ងៃនេះ គេសង្កេតឃើញមន្រ្ដីអាជ្ញាធរ រួមនិងជំនាញជលផល ដើរតួជាអ្នកគួកជេរដីបឹងនិងឈរកាងគ្រឿងចក្រឲ្យឈ្មួញទៀតផង ៕ ស្អាងជ័យ