ខេត្តព្រៃវែង: ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់បានលង់ទឹកស្លាប់ទាំងកណ្តាលអធ្រាត្រ ខណៈទៅតាមពូ ដែលចេញទៅបូមទឹកដាក់ស្រែ ហើយពូមិនដឹងស្មានថានៅជាមួយជីដូន ។
ឧប្បត្តិហេតុនេះកើតឡើងនៅវេលាម៉ោង១២និង២០នាទីយប់ ឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចប៊ៀខាងជើង ភូមិព្រៃស្វាយ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
នគរបាលស្រុកកញ្ជ្រៀចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នី សុខគាង ភេទប្រុស អាយុ៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ក្មេងប្រុសរងគ្រោះត្រូវឪពុកម្តាយឲ្យនៅផ្ទះ ជាមួយយាយឈ្មោះ ហ៊ុ ហ៊ា អាយុ៦៧ឆ្នាំ ជាប់រវល់ការងារនៅឆ្ងាយ ។ នៅថ្ងៃកើតហេតុ ឪពុកមារបស់ក្មេងរងគ្រោះបានក្រោកពីដំណេកទៅបូមទឹកដាក់ស្រែប្រាំង ហើយមិនដឹងថា ក្មួយម្នាក់នេះក្រោកទៅតាមដែរ ។ លុះមកផ្ទះវិញបាត់ក្មួយនឹកស្មានថានៅជាមួយជីដូន ឯជីដូននឹកស្មានថាទៅជាមួយពូ នាំគ្នាដើររកឃើញលង់ទឹកស្លាប់នៅត្រពាំងក្បែរផ្ទះអ្នកភូមិ ស្លាប់បាត់ទៅហើយ ។
ប្រភពព័ត៌មានដដែលបន្តថា បន្ទាប់ពីទទួលព័ត៌មានពីលោក វោន ភាព អនុប្រធានភូមិព្រៃស្វាយ ភ្លាម សមត្ថកិច្ចនគរបាលស្រុកកញ្រ្ជៀច បានចុះទៅដល់កន្លែងកើតហេតុ និង ពនិត្យសាកសព ឃើញថាក្មេងរងគ្រោះគឺស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ហើយបានប្រគល់សាកសពឲ្យបងប្អូនធ្វើបុណ្យតាមប្រពៃណី ៕ ប្រាថ្នា