ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដសាំយ៉ុង​បុកអ្នកជិះ​ម៉ូតូ​បត់​ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន ស្លាប់នៅកន្លែងកើតហេតុ​

ចែករំលែក៖

ខេត្តកណ្ដាល៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យបុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅកន្លែង​កើត​ហេតុ ខណៈជិះ​ម៉ូតូបត់​ឆ្លង​ផ្លូវមិន​ប្រយ័ត្ន​ត្រូវរថយន្ដ​បុកពេញ​មួយ​ទំហឹងកាលពីវេលាម៉ោង ៤និង​១០នាទីរសៀល ថ្ងៃ ព្រហស្បតិ៍ ១២ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ លើកំណាត់​ផ្លូវជាតិ​លេខ១ ត្រង់​ចន្លោះគីឡូម៉ែត្រ​លេខកាល​ពីវេលា​ម៉ោង៤០-៤១ ស្ថិតក្នុង​ភូមិជ្រោយ​ដង ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

មន្រ្ដី​នគរបាល​ចរាចរស្រុកកៀន​ស្វាយបានឲ្យ​ដឹងថា ជនរងគ្រោះស្លាប់​បាត់បង់​ជីវិត​ឈ្មោះ ជី ស្រេង ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅ​ភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជិះម៉ូតូម៉ាក SUZUKI STEP ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1Q-4313 ។ ចំណែក​ឯរថយន្ដម៉ាក​SSANG YONG ISTANA ពណ៌លឿង ប្រភេទដឹកអ្នក​ដំណើរ ធុនតូច គ្មានស្លាកលេខ បើកបរដោយ​ជនមិន​ស្គាល់អត្តសញ្ញាណ ។

ប្រភពដដែល​បន្ដថា នៅមុន​ពេលកើត​ហេតុសាក្សី​បានឃើញ​ជនរងគ្រោះ​ជិះម៉ូតូតាម​បណ្ដោយ​ផ្លូវជាតិលេខ១ ក្នុងទិសដៅពី​អ្នកលឿង​ទៅភ្នំពេញ ។ លុះជិះ​មដល់​ចំណុច​កើតហេតុ ជនរងគ្រោះក៏​បានបត់​ឆ្លងផ្លូវ​ពីឆ្វេង​ទៅស្ដាំ ខណៈនោះក៏​មានរថយន្ដ​មួយគ្រឿង​ម៉ាក SSANG YONG ISTANA ធ្វើដំណើរពី​ភ្នំពេញទៅ​អ្នកលឿង ក៏បានបុក​ម៉ូតូជនរង​គ្រោះពេញមួយទំហឹង បណ្ដាលឲ្យ​ជនរង​គ្រោះជាអ្នកជិះ​ម៉ូតូស្លាប់​ភ្លាមៗនៅ​កន្លែងកើតហេតុ ។ ចំពោះអ្នកបើកបររថយន្ដ​ក្រោយពេល​បុករួច បានបើក​រត់គេច​ខ្លួនរហូតដល់​អ្នកលឿង​ទើបអ្នកបើក​បររថយន្ដ​បានទុក​រថយន្ដចោល រួចរត់គេច​ខ្លួនបាត់ស្រមោល ។ ចំណែកសាកសព​ជនរងគ្រោះត្រូ​វបានសមត្ថកិច្ច​ជំនាញប្រគល់​ទៅឲ្យក្រុម​គ្រួសារយក​ទៅចាត់ចែង​ធ្វើបុណ្យ​តាមប្រពៃណី ។

ក្នុងករណីខា​ងលើនេះ សមត្ថកិច្ច​ជំនាញបាន​ឲ្យដឹងថា គឺបណ្ដាលមក​ជនរងគ្រោះជា​ជិះម៉ូតូមាន​ការធ្វេស​ប្រហែស ខ្ជីខ្ជា មិនប្រុង​ប្រយ័ត្នឲ្យ​បានគ្រប់​ជ្រុងជ្រោយ​មុនពេល​បើកឆ្លង​កាត់ថ្នល់ ទើបបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតបែបនេះ ៕ សហការី

 


ចែករំលែក៖