ក្រុមបាតុករ បន្តធ្វើបាតុកម្មប្រឆាំង បក្សកាន់អំណាច បើទោះបីនាយករដ្ឋមន្ត្រី បានសម្រេចចុះចេញពីតំណែងហើយក្តី ។ ក្រុមបាតុករបានទាមទារ ឲ្យគណបក្សកាន់ អំណាចទាំងមូល លាឈប់ពីការដឹកនាំ ប្រទេសតែម្តង។ ដោយឡែក គេសង្កេត ឃើញថា រុស្ស៊ី ដែលធ្លាប់ជាមេកោយ របស់អាមេនី កាលពីជំនាន់សហភាព សូវៀត ហាក់កំពុងតែលូកដៃ ធ្វើខ្លួនជា អាជ្ញាកណ្តាល ដើម្បីដោះស្រាយវិបត្តិ នយោបាយនេះ។
បាតុកម្មតវ៉ានៅតែបន្តធ្វើនៅរដ្ឋធានី អេរ៉េវ៉ាន ប្រទេសអាមេនី បើទោះបីជាលោកនាយករដ្ឋមន្ត្រីSerge Sarkissian បានចុះ ចេញពីតំណែងហើយក៏ដោយ។ លោក Nikol Pachinian ដែលដឹកនាំការធ្វើ បាតុកម្ម បានស្រែកទាមទារ ឲ្យគណបក្ស សាធារណរដ្ឋ ដែលជាបក្សកាន់អំណាច ត្រូវតែលាលែង ឈប់ដឹកនាំប្រទេស តទៅទៀត។ សកម្មជនប្រឆាំងម្នាក់នេះ បានស្រែកក្នុងឧបករណ៍ឧឃោសនស័ព្ទ ចំពោះមុខហ្វូងបាតុករ រាប់ពាន់នាក់ថា បើសិនជាគណបក្សសាធារណរដ្ឋ ហ៊ាន ដាក់ស្នើបេក្ខជននាយករដ្ឋមន្ត្រីថ្មីមួយទៀតនោះ នោះប្រជាជននឹងឡើងទៅដល់ វិមានរដ្ឋសភា។
កាលពីថ្ងៃទី២៦ ខែមេសា ប្រធានរដ្ឋ សភា បានកោះប្រជុំបន្ទាន់មួយ ដើម្បីរៀបចំធ្វើការបោះឆ្នោតតែងតាំង នាយករដ្ឋ មន្ត្រីថ្មី នៅថ្ងៃទី ១ ខែឧសភា។ លោក NiKol Pachinian អាយុ៤២ឆ្នាំ បានស្នើ បេក្ខភាពខ្លួន តំណាងឲ្យគណបក្សប្រឆាំង ឈ្មោះ Yelk។ តែទោះជាយ៉ាងណា បើយោងតាមសម្តីរបស់សមាជិកបក្សប្រឆាំងនេះម្នាក់ បានលើកឡើងថា លោក NiKol Pachinian អាចនឹងពិបាករកសំឡេង បានគ្រប់ ៥៣សំឡេង ក្នុងរដ្ឋសភា ដើម្បីអាចក្លាយជានាយករដ្ឋមន្រ្តី។ បច្ចុប្បន្ន លោក NiKol Pachinian មានការគាំ ទ្រតែពីបក្ស Yelk ដែលមានតែ៤០ តំណាងរាស្ត្រប៉ុណ្ណោះ។ ចំណែក គណ បក្សសាធារណរដ្ឋវិញ មានសំឡេងក្នុង សភាដល់ទៅ៥៨កៅអី។
ដោយឡែក នៅក្នុងរដ្ឋាភិបាលចម្រុះ បច្ចុប្បន្ន មានរដ្ឋមន្ត្រីមួយចំនួនបានលាលែងចេញពីមុខងារ ដូចជារដ្ឋមន្ត្រីក្រសួងអប់រំ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ រដ្ឋមន្ត្រីទាំងនេះ បាន លាលែង ក៏ដោយសារតែគណបក្សរបស់ ពួកគេ បានផ្តាច់ខ្លួន ឈប់ចូលរួមក្នុងរដ្ឋា ភិបាលចម្រុះ ជាមួយនឹងគណបក្សកាន់ អំណាច។
គួរកត់សម្គាល់ផងដែរថា ក្រោយកើត វិបត្តិនយោបាយនៅអាមេនីនេះ គេទើប តែឃើញរុស្ស៊ី ចាប់ផ្តើមលូកដៃ ធ្វើជា អាជ្ញាកណ្តាល។ ជាក់ស្តែងកាលពីថ្ងៃ ទី២៦ ខែមេសា នេះដែរ លោកArmen Guevorkian ឧបនាយករដ្ឋមន្ត្រី អាមេនី បានទៅដល់ក្រុងម៉ូស្គូ ដើម្បីជួបជជែកជា មួយថ្នាក់ដឹកនាំរុស្ស៊ី។ ដូចគ្នានេះ លោក Edouard Nalbandian រដ្ឋមន្ត្រីក្រសួងការ បរទេសអាមេនី ក៏បានទៅទីក្រុងមូស្គូ ជួបលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីដែរ។ ស្រប ពេលគ្នានេះ លោក NiKol Pachinian ដែលជាសកម្មជន ដឹកនាំការធ្វើបាតុ កម្មតវ៉ានោះ បានចូលទៅស្ថានទូតរុស្ស៊ី ប្រចាំក្រុង អេរ៉េវ៉ាន កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីដំណោះស្រាយនយោបាយ ជាមួយមន្ត្រីទូតរុស្ស៊ី៕ ម៉ែវ សាធី