ខេត្តសៀមរាប៖ បុរសវ័យ៣៧ឆ្នាំម្នាក់ បានមកជួយភ្ជួរស្រែ ឲ្យបងប្អូន នៅខាងក្រោយផ្ទះ តាំងពីព្រឹក រហូតដល់រសៀល ខណៈនោះមេឃកំពុងភ្លៀងធ្លាក់ ក៏ត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់ ភ្លាមៗ ។ ហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង ១៣និង៤០នាទី ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី ហួត សុគ្រី អធិការរងស្រុកស្វាយលើ បានឲ្យដឹង នៅរសៀលថ្ងៃទី២៧ខែមេសាឆ្នាំ២០១៨នេះថា៖ ជនរងគ្រោះមានឈ្មោះ លាំ លេន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរធ្វើស្រែ និង មាន ប្រពន្ធ ឈ្មោះ អ៊ិន ប៉ង អាយុ៣៥ឆ្នាំ មានកូន២នាក់ ស្រី ១ អាយុ១០ឆ្នាំ និង កូន ប្រុស៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិបាល័ង្គ ឃុំបាល័ង្គ ស្រុកប្រសាទបាគង ខេត្តសៀមរាប បាននាំប្តីប្រពន្ធ ទៅជួយភ្ជួរស្រែឲ្យបងប្អូន នៅខាងក្រោយផ្ទះ ឈ្មោះ ម៉ើ នី ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
លោកបានបន្តថា ជនរងគ្រោះ ឃើញមេឃ ខ្មៅ បំរ៉ុង ភ្លៀង មិនព្រមឈប់ ខណៈពេលនោះ មេឃក៏ភ្លៀង ធ្លាក់មានរន្ទះ ក៏បាញ់មកចំជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗផងដែរ បន្សល់ទុក ប្រពន្ធ និង កូន ស្រី ប្រុស ២នាក់ នៅទាំងវេទនា ហេតុតែ ក្រី ក្រ ដើរស៊ីឈ្នួលឲ្យគេ ដើម្បីចិញ្ចឹមកូន។
បច្ចុប្បន្ន សាកសព ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យបងប្អូនយកទៅធ្វើបុណ្យនៅស្រុកប្រាសាទបាគង ដែលជាស្រុកកំណើតខាងជនរងគ្រោះ ៕ ប៊ុនរិទ្ធី