ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅស្នើឲ្យប្រជាពលរដ្ឋកុំយកចិញ្ចើមផ្លូវជាតិលេខ១ធ្វើជាកន្លែងលក់ដូរ

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាអ្នកប្រកបមុខរបរលក់ដូរមុខផ្ទះ និង ធ្វើអាជីវកម្មផ្សេងៗ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ បានមកសិក្សាស្វែងយល់ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការលើកកម្ពស់សមត្ថភាពយល់ដឹង ពីដីចំណីផ្លូវនៅកំណាត់ផ្លូវជាតិលេខ១ ដំណាក់កាលទី៤ ដែលបានរៀបចំឡើងដោយទីភ្នាក់ងាអភិវឌ្ឍន៍អន្តរជាតិរបស់ជប៉ុន ដែលហៅកាត់ថាJICA សហការជាមួយក្រសួងសាធារណៈការ និង ដឹកជញ្ជូន និង សាលារាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ។

នៅក្នុងការធ្វើបទបង្ហាញ អំពីច្បាប់ បទប្បញត្តិ មុខងារ និង ការប្រើប្រាស់ដីចំណីផ្លូវថ្នល់, មន្រ្តីការិយាល័យ គ្រប់គ្រងដីចំណីផ្លូវថ្នល់ នៃ ក្រសួងសាធារណៈការ និង ដឹកជញ្ជូន បានឲ្យដឹងថា បន្ទាប់ពីកំណាត់ផ្លូវជាតិលេខ១ បានស្ថាបនារួច គេសង្កេតឃើញថា ហាក់ដូចជាមានភាពអនាធិបតេយ្យ តាមសងខាងផ្លូវ ដោយសារប្រជាពលរដ្ឋភាគច្រើន ដែលមានលំនៅដ្ឋានសងខាងផ្លូវ បានយកដីចំណីផ្លូវរបស់រដ្ឋមកចាក់ដីលប់ និង សាង់សង់តូបលក់ដូរ និង ធ្វើអាជីវកម្មផ្សេងៗ ជាហេតុធ្វើឲ្យប៉ះពាល់សោភ័ណ្ឌភាពផ្លូវ និង សណ្តាប់ធ្នាប់សាធារណៈ ។ មន្រ្តីជំនាញ រូបនោះ បានពន្យល់ថា ដីចំណីផ្លូវ គឺសំដៅដល់ដី នៅសងខាងខ្សែបន្ទាត់ ផ្ចិតនៃផ្លូវថ្នល់ ព្រមទាំងទំហំចំណីផ្លូវថ្នល់ទុកបម្រុងសម្រាប់ ការគ្រប់គ្រង ការអភិវឌ្ឍន៍ និង ការការពារផ្លូវថ្នល់ ធានាសុវត្ថិភាពចរាចរណ៍ និង សម្រាប់ការប្រើប្រាស់បម្រើឲ្យការងារហេដ្ឋារចនាសម័្ពន្ធរូបវ័ន្តផ្សេងៗទៀត ដែលបានកំណត់ដោយខ្សែ បន្ទាត់ព្រំដីចំណីផ្លូវ។ នៅក្នុងមាត្រា៣២ នៃច្បាប់ស្តីពីផ្លូវថ្នល់ បានលើកឡើងថា៖ ការជីកកប់ ការជីកគាស់ ការចោះឃួង ឬ សកម្មភាពផ្សេងទៀត សំរាប់បំរើការងារអាជីវកម្ម ដែលអាចបង្កឲ្យខូចខាតនិង ប៉ះពាល់តួផ្លូវ ទ្រូងផ្លូវ ជាយ ឬ ចិញ្ចើមផ្លូវ ដីចំណីផ្លូវ និង ការតំលើងផ្ទាំងផ្សាយពាណិជ្ជកម្ម ឬ ការលើកតាំងបង្ហាញប៉ាណូផ្សេងៗ នៅតាមដងផ្លូវ ឬ ដីចំណីផ្លូវ ត្រូវមានការអនុញ្ញាត្តិ ជាលាយលក័្ខអក្សរ ពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់។ អ្នកអនុវត្តកាងារ ត្រូវចាត់វិធានការណ៍សណ្តាប់ធ្នាប់សម្រួលចរាចរណ៍ ការពារនឹងឧបទ្ទវហេតុផ្សេងៗដែលកើតមានឡើង ជាយថាហេតុ ការពារបរិស្ថានឲ្យបានត្រឹមត្រូវ និងត្រូវគោរពតាមការណែនាំរបស់សមត្ថកិច្ចជំនាញ។ អ្នកអនុវត្តការងារ ដូចមានចែងក្នុងកថាខណ្ឌខាងលើ បន្ទាប់ពីបញ្ចប់ការងាររបស់ខ្លួន ត្រូវធានាប្រក្រតីភាពផ្លូវថ្នល់ ឲ្យមានស្ថានភាពដូចដើមវិញ។

ដោយឡែកលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា៖ កន្លងមកនេះ បន្ទាប់ពីកំណាត់ផ្លូវជាតិលេខ១ តំណាក់កាលទី៤ បានស្ថាបនារួច, រដ្ឋបាលខណ្ឌ តែងតែចុះរៀបចំ សណ្តាប់ធ្នាប់ និង ពន្យល់ប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរតាមមុខផ្ទះនិមួយៗ ជាប់ជាប្រចាំទាក់ទងទៅនឹងសណ្តាប់ធ្នាប់សាធារណៈនេះ។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានណែនាំដល់ប្រជាពលរដ្ឋ ចូលរួមគោរពឲ្យបានតាមការណែនាំរបស់អាជ្ញាធរ ដោយមិនត្រូវយកចិញ្ចើមផ្លូវ ឬ ផ្លូវថ្មើរជើង ទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនឡើយ៕ សណ្តោស


ចែករំលែក៖