ព័ត៌មានទាន់ហេតុការណ៍៖

អាស៊ីកំពុងតែឆ្ពោះទៅរកសន្តិភាព សហរដ្ឋអាមេរិកបែរជាបញ្ជូនយន្តហោះទម្លាក់គ្រាប់ទៅធ្វើសមយុទ្ធ

ចែករំលែក៖

នៅពេលនេះស្ថានភាពតំបន់អាស៊ី កំពុងតែឆ្ពោះទៅរកសន្តិភាព ក្នុងនោះមានទំនាក់ទំនងកាន់តែល្អរវាងកូរ៉េខាងជើង នឹងកូរ៉េខាងត្បូង ។ ដោយឡែកនៅសល់ បញ្ហាបន្តិចបន្តួចប៉ុណ្ណោះរវាងកោះតៃវ៉ាន់ នឹងចិនដីគោកគឺជាបញ្ហាផ្ទៃក្នុង ដោយតៃ វ៉ាន់ស្ថិតនៅក្នុងចិនតែមួយដដែល។

នៅពេលនេះ អាមេរិកបានប្រកាសធ្វើសមយុទ្ធនៅសមុទ្រចិនភាគខាងត្បូង ដោយមានទាំងយន្តហោះទម្លាក់គ្រាប់បែកបរមាណូ B-52 ចូលរួមផង ។ សមយុទ្ធធ្វើឡើង ក្នុងពេលដែលចិននិងតៃវ៉ាន់កំពុងប្រឈមមុខតានតឹងដាក់គ្នា ។

កងកម្លាំងទ័ពអាកាសអាមេរិក បាន ឱ្យដឹងនៅថ្ងៃសុក្រទី២៧ ខែមេសានេះថា យន្ដហោះទម្លាក់គ្រាប់អាមេរិក B-52 បានដឹកនាំសមយុទ្ធយោធាបណ្ដុះបណ្ដាល មួយ នៅក្បែរបរិវេណតំបន់សមុទ្រចិនខាងត្បូង និងកោះអូគីណាវ៉ានៃភាគខាងត្បូងប្រទេសជប៉ុន។ ព្រមពេលជាមួយគ្នានេះសារព័ត៌មានតៃវ៉ាន់ បានចុះផ្សាយថា សមយុទ្ធនេះគឺជាសារព្រមានមួយផ្ញើជូនទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹក ថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។

បើតាមកងកម្លាំងទ័ពអាកាសអាមេរិក យន្ដហោះទម្លាក់គ្រាប់ បែកB-52 បាន ហោះចេញពីមូលដ្ឋានទ័ពអាកាស អាន់ដឺ សិន (Andersen) នៃកោះហ្គាំ ហើយធ្វើ ដំណើរឆ្ពោះទៅកាន់តំបន់ក្បែរសមុទ្រចិនខាងត្បូង កាលពីថ្ងៃអង្គារ ព្រមទាំងដឹកនាំការធ្វើសមយុទ្ធបណ្ដុះបណ្ដាល និងបន្ត ហោះ ទៅកាន់កោះអូគីណាវ៉ា ដើម្បីដឹកនាំការបណ្ដុះបណ្ដាលជាមួយយន្ដហោះ ចម្បាំង F-15C មុននឹងត្រឡប់ទៅកោះហ្គាំ វិញ។

ប៉ុន្តែកងទ័ពអាកាសអាមេរិកអះអាងថា វាគ្រាន់តែជាសមយុទ្ធយោធាធម្មតាដូច ទម្លាប់ រាល់ដងតែប៉ុណ្ណោះ។ យ៉ាងណាក៏ ដោយ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងកោះតៃវ៉ាន់បានចុះផ្សាយថា សមយុទ្ធយោធានេះគឺជាសារព្រមានរបស់សហរដ្ឋអាមេរិក ផ្ញើជូន​ចិន បន្ទាប់ពីទីក្រុងប៉េកាំង បាននិងកំពុង បង្កើនការធ្វើសកម្មភាពយោធា នៅក្បែរ កោះតៃវ៉ាន់។

ជុំវិញបញ្ហានេះដែរ សារព័ត៌មានរដ្ឋចិន Global Times បានបញ្ជាក់នៅក្នុងអត្ថបទ របស់ខ្លួននៅថ្ងៃទី២៧ ខែមេសាថា បើសិនជាសមយុទ្ធរបស់យន្ដហោះទម្លាក់គ្រាប់បែកអាមេរិក គឺ ជាសារមួយផ្ញើជូនទីក្រុងប៉េកាំងដូចតៃវ៉ាន់ថានោះវាគ្មានន័យអ្វីឡើយ។ «សហរដ្ឋអាមេរិក មិនអាចទប់ស្កាត់ការដាក់សម្ពាធយោធារបស់ចិន លើតៃវ៉ាន់បាន នោះទេ… យន្ដហោះចម្បាំងចិននឹងហោះកាន់តែជិត និងពី លើកោះតៃវ៉ាន់តែម្តង ហើយម្យ៉ាងវិញទៀត បើសិនជាទីក្រុងតៃប៉ិ នៅតែបន្តធ្វើសកម្មភាចង់បានឯករាជ្យ ឬកាត់ផ្ដាច់រាល់ទំនាក់ទំនងពីចិនដីគោកនោះទីក្រុងប៉េកាំងនឹងចាត់ទុកតៃវ៉ាន់ជា តំបន់សត្រូវ ក៏ដូចជានឹងប្រើប្រាស់គ្រប់ មធ្យោបាយទាំងអស់ ក្នុងការដោះស្រាយ»៕ ម៉ែវ សាធី


ចែករំលែក៖